បន្ទាយមានជ័យៈ ប្តីប្រពន្ធមួយគូនៅខេត្តបន្ទាយមានជ័យត្រូវបានចាប់ខ្លួនក្នុងប្រតិបត្ដិការរួមគ្នាមួយរវាងប៉ូលិសកម្ពុជា និងថៃទាក់ទងនឹងការធ្វើទិដ្ឋាការក្លែងក្លាយឲ្យកម្មករខ្មែរធ្វើការនៅថៃ។
ប្តីប្រពន្ធមួយគូនេះត្រូវបានចាប់ខ្លួនពីថ្ងៃសុក្របន្ទាប់ពីប៉ូលិសថៃបានចាប់បុរស ២ នាក់មុនថ្ងៃនោះក្នុងពេលអ្នកទាំងពីរនោះកាន់លិខិតឆ្លងដែនជាមួយនឹងទិដ្ឋាការក្លែងក្លាយ។
បន្ទាប់មកប៉ូលិសបានរៀបចំអន្ទាក់ចាប់ពីរនាក់ប្ដីប្រពន្ធនោះដោយឲ្យជនរងគ្រោះទូរស័ព្ទទៅបុរសជាប្តីឈ្មោះ យ៉ាន ចាន់ ថន អាយុ ២៩ ឆ្នាំឲ្យមកជួបនៅផ្សាររ៉ុងក្លឿជាប់ព្រំដែនថៃ។
នៅពេលនោះគាត់ត្រូវបានចាប់ខ្លួនរួមទាំងភរិយាឈ្មោះ សេង លី រស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។ លិខិតឆ្លងដែនចំនួន ២៣ ក្បាលត្រូវបានគេរកឃើញជាមួយនឹងត្រាក្លែងក្លាយចំនួន ១៤ ផងដែរ។
លោក អ៊ុំ សុផល អធិការនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថាប្តីប្រពន្ធនេះបានធ្វើសកម្មភាពនេះជាង ២ ឆ្នាំមកហើយដោយយកថ្លៃ ៨០០០ បាតក្នុងទិដ្ឋាការមួយ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថាពលករចំណាកស្រុកដែលងាយរងគ្រោះអាច «រងគ្រោះទ្វេ» ដោយសារតែលិខិតឆ្លងដែន និងទិដ្ឋាការក្លែងក្លាយ។
លោកបានថ្លែងថា៖ «ដំបូងពួកគាត់ជាជនរងគ្រោះដោយការជួញដូរពីមេខ្យល់ខុសច្បាប់…ហើយពួកគាត់អាចក្លាយជាជនរងគ្រោះម្តងទៀតប្រសិនបើត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារ [ជាមួយឯកសារក្លែងក្លាយធ្វើឡើងដោយមេខ្យល់] »។ «[ជនចំណាកស្រុកកម្ពុជា] ជាញឹកញាប់មិនបានដឹងអ្វីទាំងអស់ថាតើវាស្របច្បាប់ ឬខុសច្បាប់»៕ NS
រាយការណ៍បន្ថែមដោយ Erin Handley


