ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថាស្អប់អ្នកកាប់បំផ្លាញព្រៃឈើ និងចាត់ទុកការកាប់បំផ្លាញព្រៃឈើ «ដូចកាប់ក្បាល» របស់លោក ខណៈដែលសកម្មជនបរិស្ថានបានធ្វើការរិះគន់តាំងពីយូរមកហើយថា បទល្មើសព្រៃឈើដែលនៅតែកំពុងបន្តកើតឡើងរាប់ទសវត្សរ៍មកហើយនេះភាគច្រើនបង្កឡើងដោយ ឧកញ៉ា និងមន្ត្រីមានអំណាចមួយចំនួន។
ក្នុងវេទិកាជាតិលើកទី ២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាពកាលពីម្សិលមិញដែលមានអ្នកចូលរួមប្រមាណ ៨០០ នាក់មកពីស្ថាប័នពាក់ព័ន្ធ លោកនាយករដ្ឋមន្ត្រីបានថ្លែងថាលោកស្អប់អ្នកបំផ្លាញព្រៃឈើហើយចាត់ទុកការកាប់ឈើដូចជា «ការកាប់ក្បាល» របស់លោកអ៊ីចឹងដែរ។
លោកថ្លែងដូច្នេះថា៖ «ការកាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំករុណាខ្ញុំទេ។ អ៊ីចឹងបានខ្ញុំករុណាខ្ញុំស្អប់ណាស់អាមនុស្សកាប់ឈើ បំផ្លាញព្រៃឈើនេះ។ រៀងរាល់ប្រជុំគណបក្ស ខ្ញុំតែងរំឭកហើយថាកុំអត់ឱនជាមួយអ្នកប្រព្រឹត្តអំពើអនាធិបតេយ្យអំពីបញ្ហាការកាប់បំផ្លាញព្រៃឈើ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងដោយមិនបញ្ចេញឈ្មោះថាអ្នកខ្លះរស់នៅក្នុងរាជធានីភ្នំពេញ តែទៅកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ ឧត្តរមានជ័យ រតនគិរី ឬខេត្តមណ្ឌលគិរីជាដើម។ អ៊ីចឹងនៅភ្នំពេញគេចាត់ទុកថា «ជាឈ្មួញ ឬឧកញ៉ាល្អ»។ ប៉ុន្តែសម្រាប់ពលរដ្ឋនៅមូលដ្ឋានឯខេត្តទាំងនោះដែលខាតផលប្រយោជន៍ដោយការកាប់ព្រៃឈើនោះគឺបានចាត់ទុកអ្នកកាប់ឈើនោះថា «ជាឧក្រិដ្ឋជនក្នុងតំបន់នោះទៅវិញទេ»។
លោកមានប្រសាសន៍ថា៖ «គេកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារក្នុងនាមជាអ្នកកាប់ឈើ តែគេមកចូលរួមកសាងបន្តិចបន្តួច នៅខេត្តកំពង់ចាម កណ្តាល រួចហើយអ្នកខេត្តកំពង់ចាម កណ្តាល គិតថាអានេះវាល្អ។ ចេះតែនាំគ្នាថាល្អទៅ ប៉ុន្តែត្រូវមើលប្រវត្តិ»។
លោកបន្តថា បើមានបានដោយសារការរកស៊ីកាប់ឈើ ឬបំផ្លាញព្រៃឈើនេះវាគឺជារឿង «ត្រូវពិចារណាឲ្យបានហ្មត់ចត់»។
ទោះយ៉ាងណាប្រមុខរដ្ឋាភិបាលបញ្ជាក់ថា៖ «អ៊ីចឹងអារឿងព្រៃឈើនេះ យើងបានខិតខំច្រើនណាស់។ តែដូចបាននិយាយអ៊ីចឹង។ អស់អាធំ [បទល្មើសធំ] វានៅសល់អាតូច តែអាធំ ក៏នៅមាន…ដែរ ព្រោះឥឡូវរណារបច្ចុប្បន្ននេះ អស់ទាស់ហើយ។ ពីដើមប្រើដឹង កាប់ ៣ ថ្ងៃមិនទាន់រលំ ១ ដើមផង។ តែឥឡូវដាក់ប៉ាច់ដួល កាត់ជាកង់ៗដឹកទៅ…ថាគ្រឿងញៀនទៅវាលំបាក គេលេបក្នុងពោះ…តែឈើវាទៅរួចព្រោះឈើវាដាក់លើឡានពេញៗ»។
បើតាមលោក ហ៊ុន សែន កម្ពុជាបានចាប់ផ្តើមហាមឃាត់ការនាំចេញឈើតាំងពីឆ្នាំ ១៩៩៨ មកម៉្លេះ ហើយរយៈពេលជិត ២០ ឆ្នាំមកនេះបម្រាមនេះនឹងនៅតែបន្តទៅមុខទៀតដែលរួមមានទាំងការមិនដំណើរការឡើងវិញនូវការកាប់ឈើហុបយកទៅកែច្នៃក្នុងរោងចក្រវិញនោះទេ។
ប៉ុន្តែលោកបានឲ្យក្រសួងកសិកម្មធ្វើការពិចារណាលើការកាប់ឈើសម្រាប់តម្រូវការក្នុងស្រុក ដូចជា ធ្វើសាលារៀន វត្តអារាម ធ្វើអុស និង លំនៅឋានពលរដ្ឋ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានធ្វើការរិះគន់ក្រុមបរទេសដូចជា អង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness ថាជាស្ថាប័ន «ចង្រៃសុទ្ធ និងមេពេស្យា»។ «Global Witness រឿងចាប់ផ្តើមពីទៅយកប្តីគេ។ ខ្ញុំនិយាយទៅច្បាស់ទៅយកប្តីគេទេ។ ដល់ប្រពន្ធគេទៅរករឿងថា ថៅកែកាប់ឈើអ្នកទៅរករឿង។ បានចេះតែកើតជារឿងបន្តបន្ទាប់ៗ។ ឥឡូវសរសេរសុទ្ធតែរឿងអី “ប្រទេសកម្ពុជាជាប្រទេសសម្រាប់ លក់”។ រួចហើយចេះតែបន្តទៅ។ ចាប់ផ្តើមចេញពីអាហ្នឹង ក៏ប្រមាថចំពោះត្រកូល ហ៊ុន រហូតដល់ហ៊ាន…គេសម្លាប់ត្រកូល ហ៊ុន សូម្បីតែកូនក្នុងអង្រឹង។ ត្រង់ចំណុចនេះហើយខ្ញុំប្រកាសសង្គ្រាមមុនតែម្តងមិនឲ្យអ្នកឯងធ្វើផ្តេសផ្តាស។ ត្រកូល ហ៊ុន មិនមែនជាត្រកូលសម្រាប់អ្នកឯងសម្លាប់ទេ»។
ឆ្លើយតបទៅនឹងការលើកឡើងថា «ព្រៃរបស់កម្ពុជាបាត់អស់រលីង» នោះ លោកនាយករដ្ឋមន្ត្រី និងមន្ត្រីរបស់លោកបញ្ជាក់ថាបច្ចុប្បន្នគម្របព្រៃឈើកម្ពុជានៅសល់ប្រមាណជា ៤៩ ភាគរយរួមនឹងព្រៃនៅតំបន់អភិរក្សដទៃទៀត។ លើសពីនោះនៅពេលខាងមុខគម្របព្រៃឈើគឺកាន់តែធំទៀតដោយបូករួមនឹងផ្ទៃដីចំការកៅស៊ូជិត ១ លានហិកតាដែលធំជាងចម្ការកៅស៊ូវៀតណាម ដែលមានត្រឹមតែជិតកន្លះលានហិកតាប៉ុណ្ណោះ។
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាដែលទទួលបានពានរង្វាន់បរិស្ថានពិភពលោក (The Goldman Environmental Prize) យល់ឃើញថាបទល្មើសព្រៃឈើបានកំពុងតែបន្តកើតឡើងរាប់ទសវត្សរ៍មកហើយ ដែលមានក្រុមឧកញ៉ាមួយចំនួន និងអ្នកមានអំណាចមួយចំនួនជាអ្នកប្រព្រឹត្ត។
ប៉ុន្តែលោកបានកត់សម្គាល់ថា ជាទូទៅ រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ ដោយសារតែមន្ត្រីខ្លះមានការទទួលផលប្រយោជន៍ណាមួយពីអ្នកពាក់ព័ន្ធទាំងនោះ។
លោក ឡេង បានលើកជាឧទារណ៍ថា លោកឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញរកស៊ីឈើល្បីឈ្មោះធ្លាប់បានសារភាពប្រាប់អ្នកកាសែតថាលោកបានឧបត្ថម្ភដល់ក្រុមយោធា និងជួយគណបក្សប្រជាជនជាច្រើន។
លោក ឡេង និយាយថា៖ «គាត់ (ហ៊ុន សែន) ទទួលស្គាល់ការពិតដែលមិនអាចឃាត់អ្នកកាប់ឈើបាន។ គាត់ស្រែកយ៉ាងណាក៏នៅតែកាប់ដដែល។ អ៊ីចឹងគឺហាក់បីដូចជាការកាប់ក្បាលគាត់អ៊ីចឹង…ការចាត់វិធានការគាត់នៅខ្សោយ។ មានការឃុបឃិត និងពុករលួយ។ កុំបន្ទោសពលរដ្ឋក្រីក្ររកស៊ីឈើ»។
លោកបន្តថាលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់បញ្ជាឲ្យចាប់ឧកញ៉ាៗរកស៊ីឈើខុសច្បាប់ដែរ តែរហូតមកទល់នឹងពេលនេះមិនទាន់ឃើញចាប់ឧកញ៉ាណាម្នាក់នោះទេ។ លើសពីនោះក៏មានមនុស្សខ្លះកំពុងតែជួយលាក់កំបាំងបទល្មើសព្រៃឈើឲ្យតែបែរជាមកទម្លាក់កំហុសលើពលរដ្ឋតូចតាចទៅវិញ។
លោក អ៊ូច ឡេង ក៏បានកត់សម្គាល់ឃើញថា គម្របព្រៃឈើធម្មជាតិកម្ពុជា នៅសល់ប្រមាណជា ២០ ភាគរយប៉ុណ្ណោះ។
ថ្លែងកាលពីល្ងាច ម្សិលមិញ Tracy Farrell នាយកប្រចាំតំបន់របស់កម្មវិធីមហាទន្លេមេគង្គសម្រាប់អង្គការអភិរក្សអន្តរជាតិ បានថ្លែងថា៖ «សរុបទាំងមូលតាំងពីឆ្នាំមុន ហាក់បីដូចជា មានភាពរីក ចម្រើនមួយចំនួនពីវេទិកាទីមួយ ប៉ុន្តែនៅវេទិកាទីពីរ ហាក់បីដូចជាមានការ ផ្តោតច្រើនជាងទៅលើកម្រិតសហគមន៍ ដែលអស្ចារ្យណាស់ ប៉ុន្តែវានឹងល្អផងដែរប្រសិនបើមានការយកចិត្តទុកដាក់ជាងមុនទៅលើការអនុវត្តទាំងមូល»។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានថ្លែងប្រាប់អង្គវេទិកា ដែលទំនងចង់សំដៅដល់លោក សម រង្ស៊ី ថា៖ «ព្រៃឈើធម្មជាតិយើងកំពុងខំប្រឹងការពារ វាបូកជាមួយដាំបន្ថែម តែគេនិយាយ វាជាការប្រមាថប្រទេសមួយស្ទើរតែក្លាយជាតំបន់សាហារ៉ាខាងលិចទៅហើយ។ នេះហើយជាអំពើពិសពុលរបស់ពួកគេ..ខ្ញុំសុំនិយាយថា អ្នកឯងប្រឹងរហូតងាប់ទាំងខ្លួនទៀត ក៏មិនអាចកាន់អំណាចនៅស្រុកខ្មែរបានដែរ។ ចរិតអ្នកឯងបែបនេះ គ្មានអ្នកណាឲ្យកាន់ទេ»។
លោកហ៊ុន សែន បានចោទសួរថា៖ «ហេតុអីបានត្រូវការសម្លាប់ហ៊ុន សែន។ ហេតុអីបានចាំបាច់ត្រូវប្រមាថដល់កូនចៅរបស់ហ៊ុន សែន? ប៉ះហ៊ុន សែនមួយតើប៉ះមនុស្សប៉ុន្មាននាក់? អ្នកបោះឆ្នោតឲ្យ ហ៊ុន សែន គណបក្សប្រជាជន គឺតិចណាស់ទៅ? ចំនួនច្រើនជាងពួកលោកឯង។ លោកឯងត្រូវយល់ពីកន្លែងហ្នឹង ហើយកម្លាំងប្រដាប់អាវុធនៅក្នុងដៃរបស់ខ្ញុំនៅឡើយទេ ហើយខ្ញុំ ក៏មិនឲ្យអ្នកឯងមកត្រួតត្រាលើកម្លាំងប្រដាប់អាវុធដែរ។ ខ្ញុំសុំព្រមានអ្នកឯង»។
ក្នុងឱកាសនោះក៏មានការលើកជាសំណួរ និងសំណូមពររបស់សហគមន៍ តារាចម្រៀង សកម្មជនបរិស្ថានទៅកាន់លោកនាយករដ្ឋមន្រ្តីផងដែរ។
លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីសារៈសំខាន់នៃអង្គការក្រៅរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ប៉ុន្តែក៏បានរិះគន់ដោយមិនបញ្ចេញឈ្មោះលើអង្គការដែលបានផ្តល់ជំនួយដល់កម្ពុជា ហើយបែរជាយកជនជាតិរបស់ខ្លួនមកធ្វើការជាជំនួយការបច្ចេកទេស ដើម្បីយកប្រាក់ខែលើប្រាក់ជំនួយនោះវិញ។
«និយាយតាមត្រង់អត់មានសល់ម៉ាសេនទេ។ ជួយខាងបរិស្ថានសួរថា យកបុគ្គលិកខ្មែរបានប៉ុន្មាននាក់? បុគ្គលិកខ្មែរតិចតួចណាស់។ គេជួយម៉ាលានតែយកទៅវិញអស់ ៨០ ម៉ឺនបាត់ហើយ ព្រោះតាមរយៈដោះស្រាយការងារឲ្យពលរដ្ឋគេមកធ្វើការនៅកម្ពុជា»។
ក្រៅពីនេះលោកនាយករដ្ឋមន្រ្តី ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់សហគមន៍ព្រៃឈើប្រមាណជា ៣០០ ផងដែរ ចាប់ពីខែ មករា ឆ្នាំ ២០១៨ ខាងមុខ។ ក្នុងនោះសហគមន៍ ១ នឹងទទួលបានប្រាក់ ៤ លានរៀល សម្រាប់ប្រើប្រាស់ការពារបរិស្ថាន។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ដែលតំណាងអង្គការអភិរក្សចំនួន ៧ កំពុងមានសកម្មភាពនៅកម្ពុជា បានស្នើសុំប្រមុខរដ្ឋាភិបាលគាំទ្រគម្រោងស្តារខ្លាដំបងឡើងវិញ នៅតំបន់អភិរក្សខេត្តមណ្ឌលគិរី និងបង្កើនថវិការបស់ក្រសួងបរិស្ថាន ពី ០.៤ ភាគរយ (ប្រហែល ២០ លានដុល្លារ សម្រាប់ឆ្នាំ ២០១៧) ទៅ ២% នៃខ្ទង់ថវិកាជាតិ ប្រចាំឆ្នាំ ទៅតាមទំហំការងារដ៏ធំធេងរបស់ក្រសួង។
ក្នុងនោះ ១% នឹងត្រូវចំណាយលើការងារអភិរក្សធនធានបរិស្ថាន នៅតំបន់ការពារធម្មជាតិ និងតំបន់របៀងសត្វព្រៃ។
លោកនាយករដ្ឋមន្រ្តីបានគាំទ្រគម្រោងស្តារខ្លាដំបងឡើងវិញនោះ ហើយការបង្កើនថវិកាវិញ គឺរដ្ឋាភិបាលនឹងបង្កើនក្នុងរង្វង់ ២០ ភាគរយធៀបនឹងថវិកាឆ្នាំ ២០១៧ នេះ៕


