ភ្នំពេញៈ យ៉ាងហោចណាស់មានគណបក្សចំនួន ១៨ បានបង្ហាញពីគោលនយោបាយបក្សរបស់ខ្លួនដើម្បីចូលរួមប្រកួតការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៦ នាថ្ងៃទី ២៩ ខែកក្កដាក្នុងកិច្ចពិភាក្សាដែលរៀបចំដោយរាជបណ្ឌិត្យសភា-កម្ពុជា ខណៈគណបក្សនយោបាយនៅមានការខ្វែងគំនិតគ្នាចំពោះការរំលាយអតីតគណបក្សសង្គ្រោះជាតិដោយតុលាការកំពូលកាលពីឆ្នាំមុន។កិច្ចពិភាក្សាតុមូលស្ដីពី «កម្មវិធីនយោបាយរបស់គណបក្សនយោបាយ» ដែលធ្វើឡើងពេញ ១ ថ្ងៃនាសាលរំដួលនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយមានតំណាងគណបក្សនយោបាយចំនួន ១៨ ក្នុងចំណោមគណបក្សចំនួន ២០ ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចូលរួម។ គណបក្សនីមួយៗមានពេល ១៥ នាទីដើម្បីថ្លែងពីគោលនយោបាយរបស់ខ្លួន ប៉ុន្តែពួកគេបន្តខ្វែងគំនិតគ្នា ជុំវិញការរំលាយគណបក្សប្រឆាំងដ៏ធំមុនការបោះឆ្នោតមកដល់ ជាអ្វីដែលគណបក្សខ្លះចាត់ទុកថាជា «កំហុសនយោបាយ» ឯគណបក្សខ្លះទៀតថាធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ «ដើរទៅមុខ»។លោក ផាន់ សិទ្ធី តំណាងគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានលើកពីស្នាព្រះហស្តរបស់សម្ដេចឪ នរោត្តម សីហនុ ដែលបានបង្កើតរណសិរ្សហ៊្វុនស៊ិនប៉ិចដំបូងក្នុងឆ្នាំ ១៩៨១ ដើម្បីប្រឆាំងបរទេសឈ្លានពានហើយក្រោយមករណសិរ្សនេះត្រូវបានសមាជក្នុងឆ្នាំ ១៩៩២ ឱ្យក្លាយជាគណបក្សហ៊្វុនស៊ិនប៉ិច។លោក សិទ្ធី បានលើកឡើងថាគណបក្សលោកប្ដេជ្ញាការការពារបូរណភាពដែនដី របបរាជានិយម ជាពិសេសគឺគោលនយោបាយជួយដោះស្រាយបំណុលជូនពលរដ្ឋ។លោកថ្លែងថា៖ «មានគណបក្សខ្លះគេចោទថា ប្រទេសកម្ពុជាយើងបច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ឬបិទសិទ្ធិសេរីភាពអី…គណបក្សហ៊្វុនស៊ិនប៉ិចយល់ថា យើងគ្មានលទ្ធិប្រជាធិបតេយ្យដើរថយក្រោយទេ។ ទោះបីអត់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលក៏ដោយ ក៏ប្រជាធិបតេយ្យយើងនៅតែមានសិទ្ធិសេរីភាព យើងនៅតែមាន»។លោកបន្តថា៖ «តាំងពីអត់គណបក្សសង្គ្រោះជាតិទៅ យើងដូចអត់ឃើញមានបាតុកម្មដែរ វាមានតិចតួច…បាតុកម្មធំធេងដែលធ្វើឲ្យមានជម្លោះនោះគឺអត់មាន ប្រជាធិបតេយ្យយើងបានដើរទៅមុខ»។ស្រដៀងគ្នានេះលោក ចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យយល់ថា ការរំលាយគណបក្សប្រឆាំងដោយសារតែថ្នាក់ដឹកនាំគណបក្សនេះបានប្រព្រឹត្តកំហុស ដែលផ្ទុយនឹងច្បាប់ស្ដីពីគណក្សនយោបាយ។លោកថ្លែងថា៖ «តាមទស្សនៈខ្ញុំ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិវាជាច្បាប់មួយសម្រាប់ប្រដៅគណបក្សផ្សេងទៀតដើម្បីកុំឲ្យធ្វើអ្វីមួយដែលខុសពីច្បាប់របស់ប្រទេសយើង។ សូមឲ្យគណបក្សទាំងអស់គោរពតាមច្បាប់…ដែលបានចែងរួចមកហើយ»។ទោះជាយ៉ាងណាលោកថាការចាប់ខ្លួនអតីតមេបក្សប្រឆាំងលោក កឹម សុខា ទាំងយប់ មិនមែនជាប្រទេសមាននីតិរដ្ឋ និងប្រជាធិបតេយ្យទេ ដោយលោកថា គួរតែមានការអញ្ជើញរូបលោកមកសាកសួរ ដោយសារលោកក៏ជាសមាជិករដ្ឋសភាម្នាក់ដែរ។ប៉ុន្តែលោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ពីគោលជំហររបស់គណបក្សរបស់លោកក្នុងការមិនគាំទ្រចំពោះការរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោតមកដល់ដោយចាត់ទុកថាជា «កំហុសឆ្គងនយោបាយ»។លោកថ្លែងថា៖ «ជំហរគណបក្សប្រជាធិបតេយ្យមូលដ្ឋានខុសប្លែកពីជំហររបស់គណបក្សប្រជាជនជាផ្លូវការគណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិទេ ព្រោះយើងគិតថានេះគឺជាកំហុសឆ្គងនយោបាយក្នុងការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។លោកបានបន្តលើកពីគោលនយោបាយ «ស ៥» របស់ខ្លួនដែលផ្តោតជាសំខាន់លើវិស័យសេដ្ឋកិច្ច និងការងារ,សុខាភិបាល,សិក្សាធិការ និងយុវជន និងសង្គមកិច្ច។ជាមួយនេះដែរលោកក៏បានលើកពីគុណតម្លៃចំនួន ៣ របស់គណបក្សផងដែរក្នុងនោះរួមមាន សាមគ្គីជាតិ អហិង្សា និងយុត្តិធម៌សង្គម។លោកថា៖ «យើងគិតថាជារឿងសំខាន់ជារឿងល្អប្រពៃសម្រាប់ការដោះស្រាយនយោបាយនៅកម្ពុជាសម្រាប់ការរុញដំណើរនយោបាយនៅកម្ពុជាឲ្យដើរលើផ្លូវត្រូវគឺយើងត្រូវមានស្មារតីសាមគ្គីជាតិខ្មែរ និងខ្មែរ។មិនត្រូវមើលខ្មែរឯងជាសត្រូវទោះបីគេនៅក្នុងគណបក្សណាក៏ដោយ ដែលមានទស្សនៈផ្ទុយពីយើង គេគ្រាន់តែមានគំនិតខុសពីយើង ប៉ុន្តែគេមិនមែនជាសត្រូវ គេមិនមែនជាអាយ៉ងគេមិនមែនជាជនក្បត់ជាតិទេ»។លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យបានលើកយកគោលការណ៍អាទិភាព ៧ ចំណុចដោយផ្តោតសំខាន់លើការស្តារជីវភាពជនក្រីក្រតាមរយៈការកែលម្អប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ការឧបត្ថម្ភដល់ចាស់ជរា ជនពិការជាដើម។ លោកថារាជរដ្ឋាភិបាលគណបក្សរបស់លោកនឹងផ្តល់ប្រាក់ខែយ៉ាងតិច ៦ ម៉ឺនរៀលដល់មនុស្សចាស់វ័យចាប់ពី ៦០ ឆ្នាំឡើងទៅ និងជនពិការ។ទន្ទឹមនឹងនេះលោកក៏ប្ដេជ្ញាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញដោយប្ដូរពីការប្រើរូបមន្ត ៥០ ភាគរយបូក ១ មកសំឡេង ២ ភាគ ៣ ដើម្បីបញ្ចៀសការប្រមូលផ្តុំអំណាច ហាមឃាត់សមាជិករដ្ឋសភា និងព្រឹទ្ធសភា ធ្វើជំនួញ និងការកំណត់អាណត្តិនាយករដ្ឋមន្ត្រីតែ ២ អាណត្តិដើម្បីបញ្ចៀសអំណាចផ្ដាច់ការ។លោកថ្លែងថា៖ «ប្រសិនបើយើងមានភាពជោគជ័យក្នុងការផ្លាស់ប្ដូរពី ៥០%+១ មក ២ ភាគ ៣ យើងអាចប្រោសសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ រស់ឡើងវិញ។ ៥០ ភាគរយបូក ១ គឺគ្រោះថ្នាក់ណាស់ ហើយដែលគេបង្កើតច្បាប់ក៏ដូចជារំលាយគណបក្សសង្គ្រោះជាតិគឺគេយកអា [រូបមន្ត] ៥០ ភាគរយបូក ១ នេះ។ ខ្ញុំមិនការពារគណបក្សសង្គ្រោះជាតិទេ តែខ្ញុំការពារសិទ្ធិពលរដ្ឋខ្មែរទាំងអស់»។លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលបានដឹកនាំកិច្ចពិភាក្សាតុមូលថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយម៉ោងសម្រាកថាក្នុងចំណោមគណបក្ស ២០ មានគណបក្សចំនួន ២ មិនបានបញ្ជូនតំណាងមកចូលរួមពិភាក្សាទេគឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា និងគណបក្សខ្មែរឈប់ក្ររបស់លោក ក្រវាញ ដារ៉ន។បើទោះបីជាយុទ្ធនាការឃោសនាបោះឆ្នោតមិនទាន់ចូលដល់ក្ដី ក៏លោក សុខ ទូច អះអាងថាកិច្ចពិភាក្សានេះនឹងធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតបានដឹងពីគោលនយោបាយ និងជំហរគណបក្សនីមួយៗមុនការបោះឆ្នោតមកដល់។លោកថ្លែងថា៖ «កម្មវិធីនេះគឺចង់ឲ្យម្ចាស់ឆ្នោតដែលចូលបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះបានដឹងអំពីគោលនយោបាយរបស់គណបក្សនីមួយៗហើយថាតើគាត់ធ្វើយ៉ាងដូចម្ដេច? ហើយមុននឹងទម្លាក់សន្លឹកឆ្នោតឲ្យគាត់មានជំនឿថាគាត់ទម្លាក់គឺដើម្បីចង់បានគោលនយោបាយដែលអភិវឌ្ឍប្រទេសជាតិ ឬក៏គោលនយោបាយដែលជួយប្រជាជនកម្ពុជានេះគឺជាចំណុចសំខាន់ ហើយមិនមែនជារឿងថ្មីដែលយើងធ្វើនោះទេ។ គឺមានច្រើននៅក្នុងប្រទេសដែលមានការរីកចម្រើននៅក្នុងប្រជាធិបតេយ្យគេឲ្យដេញដោលគ្នាទៅលើតំណាងរបស់គណបក្សនីមួយៗក៏ដូចជាបេក្ខជនប្រធានាធិបតីអំពើគោលនយោបាយរបស់ខ្លួនថាធ្វើយ៉ាងដូចម្ដេច?»៕


