បន្ទាយមានជ័យ៖ ក្រុមអាជីករកម្ពុជា ដែលកំពុងលក់ដូរនៅក្នុងផ្សារ រុងក្លឿ ប្រទេសថៃ កាលពីម្សិលមិញ បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរថៃ បានចេញបំរាមជាដាច់ខាតមិនអនុញ្ញាតឲ្យធ្វើការនាំចូល ឬ លក់ដូរនូវរាល់មុខទំនិញ ដែលមានការក្លែងបន្លំម៉ាកយីហោ ឬ កម្មសិទ្ធិបញ្ញានៅក្នុងទីផ្សារប្រទេសថៃ។
អាជីវករម្នាក់ក្នុងចំណោមអាជីវករកម្ពុជារាប់រយនាក់ ដែលកំពុងលក់សម្លៀកបំពាក់ នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ លោក ប៊ុន ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះ អាជ្ញាធរថៃ បានចេញបំរាមជាទូទៅដល់ពលរដ្ឋ និង អាជីវកររបស់ពួកគេ ដោយហាមប្រាមការនាំចូល និង ចរាចររាល់មុខទំនិញដែលក្លែងបន្លំគុណភាព ឬ កម្មសិទ្ធិបញ្ញា នៅក្នុងទីផ្សារប្រទេសថៃ។
លោកបញ្ជាក់ថា៖ «ក្នុងសេចក្ដីបំរាមនោះ អាជ្ញាធរថៃ បានព្រមានចាប់ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៤០០,០០០ បាតចំពោះជនទាំងឡាយណា ដែលលួចលាក់នាំចូល ឬ ចរាចរនូវរាល់មុខទំនិញដែលក្លែងបន្លំគុណភាព ឬ កម្មសិទ្ធិបញ្ញា នៅក្នុងទីផ្សារប្រទេសថៃ ទោះក្នុងរូបភាពណាក៏ដោយ»។
លោក ហេង បានបន្តថា បើតាមការអះអាងរបស់ប្រធានគណៈកម្មការផ្សាររុងក្លឿ សេចក្ដីបំរាមខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានការតវ៉ាដ៏ខ្លាំងក្លាពីអាជីវករកម្ពុជានៅផ្សាររុងក្លឿ គ្រាដែលក្រុមគណកម្មការចម្រុះមកពីនាយកដ្ឋានគយនិងរដ្ឋាករថៃ និងក្រុមតម្រួតបង្ក្រាបបទល្មើសសេដ្ឋកិច្ចថៃ បានបើកយុទ្ធនាការត្រួតពិនិត្យនិងបោសសំអាតទំនិញគេចពន្ធ, ទំនិញក្លែងបន្លំគុណភាព និង ទំនិញក្លែងបន្លំម៉ាកយីហោល្បី (Brand name) ដែលរំលោភលើកម្មសិទ្ធិបញ្ញា នៅក្នុងផ្សាររុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ កាលពីចុងសប្ដាហ៍មុន។
បទបញ្ញត្តិថ្មីនេះ បានធ្វើឲ្យក្រុមអាជីវករខ្មែរ ស្ទើរតែទាំងអស់ដែលកំពុងលក់ដូរនៅក្នុងផ្សារនេះ មានក្ដីព្រួយកង្វល់យ៉ាងខ្លាំង ខណៈទំនិញរបស់ពួកគេប្រមាណ ៧០ ភាគរយ ជាទំនិញក្លែងបន្លំម៉ាកល្បីរបស់អាមេរិក ពិសេសកាបូបយួរដៃ, កាបូបស្ពាយ, ស្បែកជើង និង គ្រឿងសំអាង។ នេះបើតាមការអះអាងរបស់លោក ថៃ តុលា អាជីវករ លក់សម្លៀកបំពាក់នៅក្នុងផ្សារ រុងក្លឿ កាលពីរសៀលថ្ងៃម្សិលមិញ។
លោក តុលា បានបញ្ជាក់ថា៖ «អាជីវករខ្មែរប្រមាណ ៨០ ភាគរយ កំពុងលក់ដូរក្នុងផ្សារនេះ ហើយអាជីវករខ្មែរប្រមាណ ៧០ ភាគរយ កំពុងលក់ទំនិញប៉ម ឬ ទំនិញក្លែងបន្លំម៉ាកយីហោល្បីៗរបស់អាមេរិក។ ពិសេសអាជីវករដែលលក់នៅទីតាំងរោងដំបូលខៀវ ហេតុដូច្នេះហើយទើបក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពួកគេបានបិទតូបមិនធ្វើការលក់ដូរ ព្រោះខ្លាចសមត្ថកិច្ចចម្រុះថៃចាប់ខ្លួន និងរឹបអូសយកទំនិញរបស់ពួកគេ»។
លោក តុលា បានប្រាប់ឲ្យដឹងទៀតថា តាមការប្រកាសរបស់អាជ្ញាធរថៃ នៅថ្ងៃពុធខាងមុខនេះ សមត្ថកិច្ចចម្រុះរបស់ពួកគេ នឹងចុះធ្វើការឆែកឆេរម្ដងទៀតជាលក្ខណៈទ្រង់ទ្រាយធំ ដោយពួកគេអះអាងថា នឹងមានការកាត់សោរតូបរបស់អាជីវករផងដែរ ក្នុងករណីម្ចាស់តូបចាក់សោរបិទការលក់ដូរ ដោយយោងតាមមាត្រា ៤៤ នៃច្បាប់រដ្ឋធម្មនុញ្ញរបស់ពួកគេ ដែលសមត្ថកិច្ចជំនាញមានសិទ្ធិឆែកឆេរ ដោយមិនចាំបាច់មានដីកាពីតុលាការ ក្នុងករណីមានការសង្ស័យចំពោះអ្វីមួយ ដែលបានកើតឡើង ឬរាំងស្ទះ ដល់ប្រតិបត្តិការ នៃការចុះអនុវត្តច្បាប់របស់ពួកគេ។
លោក តុលា បានថ្លែងថា៖ «បើយ៉ាងដូច្នេះមែន អាជីវករខ្មែរយើងជាច្រើនរយនាក់ អាចនឹងត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន និង រឹបអូសយកទំនិញទាំងអស់ ព្រោះក្នុងអំឡុងពេលនេះ ពួកគេមិនអាចនាំទំនិញក្លែងបន្លំគុណភាព និង ម៉ាកយីហោទាំងនោះចេញបានទេ ដោយហេតុថា អាជ្ញាធរថៃ បានដាក់ពង្រាយកម្លាំងឃ្លាំមើលពេញក្នុងផ្សារ និង បង្កើនប៉ុស្តិ៍ត្រួតពិនិត្យចំនួនបីបន្ថែមទៀត នៅមាត់ច្រកចេញចូលផ្សារ ដើម្បីឆែកឆេរ ព្រោះខ្លាចអាជីវករខ្មែរ យើងសហការជាមួយពលរដ្ឋថៃ លួចដឹកទំនិញទាំងនោះចេញ»។
បើតាមសម្ដីលោកតុលា នៅព្រឹកថ្ងៃអង្គារនេះ ក្រុមអាជីវករខ្មែរមួយក្រុម នឹងទៅប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងប៉ោយប៉ែត ដើម្បីដាក់ញ្ញតិ ស្នើរសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈមួយក្រុមទៀតនឹងជួបប្រជុំជាមួយប្រធានគណៈកម្មការផ្សាររុងក្លឿ និង អាជ្ញាធរស្រុកអារញ្ញប្រាថេត ជុំវិញបញ្ញាម៉ាយីហោប្រមាណជាង ២០០ ប្រភេទ ដែលកំពុងត្រូវបានគេក្លែងបន្លំ និង កំពុងចរាចរក្នុងទីផ្សារប្រទេសថៃ៕


