ភ្នំពេញៈ ស្រ្តីផ្សព្វផ្សាយស្រាបៀរអង្គរដែលបាននិងកំពុងតវ៉ាប្រឆាំងនឹងការតម្រូវឲ្យធ្វើការងារច្រើនម៉ោងជាងមុនជាមួយកិច្ចសន្យារយៈពេលខ្លីបានថ្លែងកាលពីម្សិលមិញថាពួកគេត្រូវបានបណ្តេញដោយក្រុមហ៊ុន Cambrew ដែលផលិតស្រាបៀរអង្គរដោយសារការធ្វើកូដកម្មដែលនេះជាការរំលោភបំពានដោយផ្ទាល់ទៅលើច្បាប់ស្តីពីការងារ។
ស្រ្តី ១១ នាក់ដែលបាននិងកំពុងធ្វើការតវ៉ាចាប់តាំងពីថ្ងៃអាទិត្យប្រឆាំងទៅនឹងការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីត្រឹម ៦ ខែ និងការសម្រេចពង្រីកម៉ោងការងាររបស់ពួកគេពីម៉ោង ២ ដល់ម៉ោង ៩ យប់ទៅពីម៉ោង ៣:៣០ នាទីដល់ម៉ោង ១១ យប់ដោយមិនមានការផ្ដល់អត្ថប្រយោជន៍សម្រាប់ការធ្វើការងារពេលយប់របស់ពួកគេ។
ដោយគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលបង្គាប់ឲ្យពួកគេត្រឡប់ចូលធ្វើការវិញរហូតដល់វិវាទនេះត្រូវបានដោះស្រាយស្រ្តីផ្សព្វផ្សាយស្រាបៀរចំនួន ១១ នាក់ក្នុងចំណោម ២២ នាក់ដែលបានធ្វើការតវ៉ាកាលពីថ្ងៃអង្គារបានត្រឡប់ចូលធ្វើការវិញកាលពីម្សិលមិញ។
ទោះបីយ៉ាងណាក្តីស្ត្រីផ្សព្វផ្សាយស្រាបៀរទាំងនេះបាននិយាយថាពួកគេបានឃើញរូបថតរបស់ខ្លួនត្រូវបានគេបិទនៅលើជញ្ជាំងហើយត្រូវសន្តិសុខហាមឃាត់មិនឲ្យចូលធ្វើការវិញដោយបានប្រាប់ថាពួកគេត្រូវបានបណ្តេញចេញពីការងារហើយ។
អ្នកនាង ប៉ោ ស៊ីណាត អាយុ ៣៨ ឆ្នាំជាស្រ្តីផ្សព្វផ្សាយស្រាបៀរ និងជាមនុស្សម្នាក់ក្នុងចំណោមស្រ្តី ១១ នាក់នោះបានថ្លែងថា៖ «ក្រុមហ៊ុននេះរើសអើងលើយើងដែលជាស្រ្តី»។
«ប្រសិនបើក្រុមហ៊ុនមិនទទួលយកយើងចូលធ្វើការវិញទេនោះយើងនឹងអំពាវនាវឲ្យសាធារណជនឈប់ទទួលទានស្រាបៀរនេះ»។
ទោះយ៉ាងណាក្តីតំណាងក្រុមហ៊ុនអង្គរបៀរបានបដិសេធថាស្រ្តីទាំង ១១ នាក់នោះមិនត្រូវបានបណ្តេញចេញទេដោយបានអះអាងថាពួកគេបានចាកចេញខ្លួនឯងដោយសារម៉ោងធ្វើការងារយប់ជាងមុន។
ងៀប ឆេងលាប បានថ្លែងថា៖ «ក្រុមហ៊ុនមិនបានបណ្តេញពួកគេចេញពីការងារទេ។ ពួកគេមិនចង់ធ្វើការនៅក្រុមហ៊ុនទៀត»។
«មានការប្រកួតប្រជែងជាច្រើនមានស្រាបៀរជាច្រើននៅក្នុងទីផ្សារមិនមែនតែស្រាបៀរអង្គរនោះទេ… ក្រុមហ៊ុនបានសម្រេចប្តូរម៉ោងការងារដោយផ្អែកទៅលើស្ថានភាពជាក់ស្តែង និងតម្រូវការជាក់ស្តែង»។
ការបណ្តេញស្រ្តី ១១ នាក់នេះដែលតំណាងឲ្យស្រ្តីផ្សព្វផ្សាយស្រាបៀរប្រមាណ ៣០០ នាក់សម្រាប់ក្រុមហ៊ុន Cambrew បានធ្វើឲ្យស្ថានភាពតវ៉ានេះកាន់តែពុះកញ្ជ្រោលខ្លាំងឡើង។
លោក ទុយ ស៊ីធាង អ្នកគ្រប់គ្រងកម្មវិធីនៅសហព័ន្ធសហជីពកម្មករផ្នែកអាហារ និងសេវាកម្ពុជាបានថ្លែងថាសហជីពនឹងជំរុញឲ្យមានការធ្វើពហិការមិនទទួលទានស្រាបៀរអង្គរហើយ «ប្រើយន្តការអន្តរជាតិ» ដើម្បីដាក់សម្ពាធដល់ក្រុមហ៊ុន Cambrew ដែលជាកម្មសិទ្ធិពាក់កណ្តាលដោយក្រុមហ៊ុនស្រាបៀរ Carlsberg នៅដាណឺម៉ាក។
លោកបានថ្លែងបន្តថា៖ «ច្បាប់ស្តីពីការងារបានចែងថាអ្នកមិនអាចបណ្តេញនរណាម្នាក់ចេញពីការងារបានទេនៅពេលដែលពួកគេកំពុងធ្វើកូដកម្ម»។
លោក ស៊ីធាង បានថ្លែងបន្តថាសហជីពនឹងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុនស្រាបៀរ Carlsberg ហើយសហការជាមួយសហជីពដាណឺម៉ាកដើម្បីជំរុញឲ្យមានការដោះស្រាយឲ្យបានត្រឹមត្រូវពីបញ្ហានេះ។
ក្រុមហ៊ុនស្រាបៀរ Carlsberg មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយកាលពីម្សិលមិញ។
ស្រ្តីផ្សព្វផ្សាយស្រាបៀរក្នុងប្រទេសកម្ពុជាបានត្អូញត្អែរ និងតវ៉ាជាយូរមកហើយអំពីម៉ោងការងារក្នុងពេលយប់ និងលក្ខខណ្ឌការងារដែលមានលក្ខណៈគ្រោះថ្នាក់ដោយសារតែការបៀតបៀនផ្លូវភេទ និងការបង្ខំឲ្យទទួលទានស្រាបៀរដោយអតិថិជន។
Ian Lubek សាស្ត្រាចារ្យជនជាតិកាណាដាដែលបានធ្វើការស្រាវជ្រាវជាច្រើនស្តីពីស្រ្តីផ្សព្វផ្សាយស្រាបៀរបានថ្លែងថាការដាក់ឲ្យធ្វើការងារហួសម៉ោង ១០ យប់នឹងអាច «ធ្វើឲ្យមានឥរិយាបថមិនគោរព និងការបៀតបៀនពីអតិថិជនដែលកំពុងទទួលទានស្រាបៀរនោះ»៕ PS


