ភ្នំពេញ: គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះអាជ្ញាធររាជធានីភ្នំពេញបានបំពាក់កាមេរ៉ាសុវត្ថិភាពបានជិត១០០គ្រឿងហើយនៅតាមបង្គោលភ្លើងមួយចំនួនដែលភាគច្រើនតាមទីតាំងភ្លើងស្តុបនិងច្រកផ្លូវសំខាន់ៗមួយចំនួនក្នុងខណ្ឌចំនួនបួនដែលស្ថិតក្នុងទីប្រជុំជនរាជធានីនេះ។
លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅល្ងាចម្សិលមិញថាគិតត្រឹមថ្ងៃម្សិលមិញ កាមេរ៉ាសុវត្ថិភាពប្រមាណជិត១០០គ្រឿងត្រូវបានក្រុមមន្ត្រីជំនាញសាលារាជធានីភ្នំពេញដំឡើងនៅតាមបង្គោលភ្លើងស្តុប,តាមច្រកផ្លូវសំខាន់ៗមួយចំនួននិងសួនច្បារទីសាធារណៈមួយចំនួនក្នុងខណ្ឌដូនពេញ,ចំការមន,៧មករានិងខណ្ឌទួលគោក។
លោកបានបញ្ជាក់ថា៖«តាមគម្រោងរបស់យើងគឺត្រូវដំឡើងកាមេរ៉ាសុវត្ថិភាពរហូតដល់៦០០គ្រឿងនៅតាមបណ្ដាខណ្ឌទាំង១២ ក្នុងរាជធានីឲ្យបានចប់រួចរាល់មុនពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ»។
លោកបានបន្តថា៖«បើតាមសន្ទុះនៃការងារនាពេលបច្ចុប្បន្នយើងរំពឹងថា វានឹងរួចរាល់មុនការគ្រោងទុក»។
ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវសំខាន់ៗនិងតាមសួនច្បារទីសាធារណៈនេះត្រូវបានគេរំពឹងថានឹងជួយពង្រឹងផ្នែកសន្តិសុខសុវត្ថិភាពសង្គមកាត់បន្ថយនូវអស្ថិរភាពសង្គមដែលបង្កឡើងដោយអំពើចោរកម្មនិងអំពើប្លន់ប្រដាប់អាវុធ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងកាលពីម្សិលមិញនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រថាពិធីអុំទូកនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទបើទោះបីស្ថានភាពទឹកទន្លេនៅមុខវាំងមានសភាពរាក់យ៉ាងណាក៏ដោយ ហើយបើប្រណាំងទូកវែងមិនកើត និងធ្វើការប្រណាំងទូកកណ្ដាលឬតូច៕


