ភ្នំពេញៈរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការដែលជាស្ថាប័នមួយស្ថិតនៅក្រោមឆត្ររបស់ក្រសួងយុត្តិធម៌កំពុងរៀបចំប្រឡងជ្រើសរើសចៅក្រមនិងព្រះរាជអាជ្ញាចំនួន ៥០ នាក់បន្ថែមទៀតដើម្បីបំពេញចន្លោះខ្វះខាតមន្ត្រីតុលាការនៅទូទាំងប្រទេសខណៈមានបេក្ខជនដាក់ពាក្យសុំចូលរួមប្រលងមានចំនួន ៧៤៥ នាក់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងនៅថ្ងៃទី ៦ វិច្ឆិកានេះថា បេក្ខជនដែលប្រឡងជាប់នឹងត្រូវសិក្សារយៈពេល២ឆ្នាំលើទ្រឹស្តីនិងការអនុវត្តនៅសាលានិងនៅតុលាការទូទាំងប្រទេសមុនពេលក្លាយជាចៅក្រមនិងព្រះរាជអាជ្ញា។
លោកថ្លែងថា បន្ទាប់ពីបញ្ចប់វគ្គសិក្សារយៈពេល២ឆ្នាំនេះ ពួកគេនឹងត្រូវចាប់ឆ្នោតដើម្បីទទួលមុខតំណែងថាត្រូវធ្វើជាចៅក្រមឬព្រះរាជអាជ្ញា។ បន្ទាប់ត្រូវចាប់ឆ្នោតម្តងទៀតដើម្បីចាប់ប៉ុស្តិ៍តាមខេត្តដែលត្រូវទៅបំពេញការងារ។
លោកបញ្ជាក់ថា៖ «អ្នករៀនបានពិន្ទុល្អពួកគេមានអាទិភាពខ្ពស់ក្នុងការជ្រើសរើសប៉ុស្តិ៍ល្អ ហើយពួកគេនឹងត្រូវបានតែងតាំងដោយឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដើម្បីក្លាយជាចៅក្រមនិងព្រះរាជអាជ្ញាភ្លាមៗតែម្តង»។
លោក ម៉ា លីន ថ្លែងថា រយៈពេល ២ ឆ្នាំចុងក្រោយនេះ ក្រសួងយុត្ដិធម៌បានជ្រើសរើសចៅក្រមនិងព្រះរាជអាជ្ញា ៥០ នាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំមុន ចៅក្រមនិងព្រះរាជអាជ្ញាចំនួន ៥០ នាក់ត្រូវបានជ្រើសរើសរៀងរាល់ ២ ឆ្នាំម្តង។ លោកបញ្ជាក់ថាបច្ចុប្បន្នមានចៅក្រមនិងព្រះរាជអាជ្ញាចំនួន ៤០០ នាក់ ដែលមិនគ្រប់គ្រាន់សម្រាប់ស្ថានការណ៍ពិតប្រាកដទេ។
លោកបន្ថែមថា៖ «នេះគឺដោយសារតែតម្រូវការមានកាន់តែច្រើនដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋទាក់ទងនឹងសេវាកម្មតុលាការការ ដែលចំនួនកើនខ្ពស់គឺនៅក្នុងករណីរបស់តុលាការមួយចំនួន ក៏ដូចជាដើម្បីរៀបចំសម្រាប់ការបើកដំណើរការតុលាការ សាលាឧទ្ធរណ៍នៅក្នុងតំបន់ដែលនឹងចាប់ផ្តើមនៅក្នុងខេត្តត្បូងឃ្មុំនិងខេត្តបាត់ដំបង»។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូបានស្វាគមន៍ចំពោះការជ្រើសរើសមន្ត្រីតុលាការបន្ថែមនេះដោយលោកបានថ្លែងថាវានឹងជួយដល់ការបង្កើតតុលាការសាលាឧទ្ធរណ៍នៅក្នុងតំបន់និងដើម្បីជំនួសចៅក្រមនិងព្រះរាជអាជ្ញាដែលបានចូលនិវត្តន៍។
ប៉ុន្តែលោកបានព្រមានថាការបង្កើនចំនួនចៅក្រមនិងព្រះរាជអាជ្ញាតែមួយមុខនឹងមិនអាចជួយស្ដារកេរ្តិ៍ឈ្មោះរបស់ប្រព័ន្ធយុត្តិធម៌និងតុលាការនៅកម្ពុជាបានទេ ប្រសិនបើការជ្រើសរើសមិនត្រូវបានពង្រឹងទេនោះ។
លោកបន្តថា៖ «ការជ្រើសរើសចៅក្រមនិងព្រះរាជអាជ្ញាត្រូវតែធ្វើឡើងដោយមានតម្លាភាព យុត្តិធម៌ និង គ្មានអំពើពុករលួយ ពីព្រោះ បើមានអំពើពុករលួយចូលមកពាក់ព័ន្ធនោះចៅក្រមនិងព្រះរាជអាជ្ញាទាំងនោះ នឹងស្ដារដើមត្រឡប់មកវិញ នៅពេលដែលពួកគេបំពេញការងាររបស់ខ្លួន»។
លោកបន្ថែមថា៖ «ទី ២ ប្រព័ន្ធយុត្តិធម៌ត្រូវតែធ្វើកំណែទម្រង់ឱ្យមានឯករាជ្យភាពដើម្បីផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋហើយតុលាការត្រូវតែផ្តល់យុត្តិធម៌ដល់សាធារណជនទូទៅ។ នោះតុលាការនឹងអាចជឿទុកចិត្តបាន»។
លោកបានបន្ដថា លើសពីនេះទៀតនៅពេលមានចៅក្រមបន្ថែមកាន់តែច្រើននោះពួកគេនឹងចំណាយពេលច្រើនលើការស៊ើបអង្កេតហើយពួកគេនឹងគោរពតាមនីតិវិធីតុលាការនៅពេលសម្រេចលើករណីណាមួយ ដែលចៀសវាងអគតិទាំងបួនរួមមាន លំអៀងព្រោះស្រឡាញ់ , លម្អៀងព្រោះស្អប់ , លម្អៀងព្រោះភ័យខ្លាចនិងបក្ខពួក និងលម្អៀងព្រោះល្ងង់។
ប្រព័ន្ធតុលាការកម្ពុជា បានរងការរិះគន់ពីសំណាក់អង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សអន្តរជាតិនានាថា មិនមានឯករាជ្យ ជាពិសេសនៅពេលដោះស្រាយករណីនយោបាយ៕ NS

