ភ្នំពេញៈ អតីតប្រធានគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំត្រូវបានរំលាយ លោក សម រង្ស៊ី និងជាប្រធានចលនាសង្គ្រោះជាតិពីម្សិលមិញបានអំពាវនាវឲ្យចែកខិត្តប័ណ្ណ ដើម្បីជំរុញប្រជាពលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោត ហើយរំពឹងថាក្រោយការបោះឆ្នោតនឹងមានព្រឹត្តិការណ៍ថ្មីដែលមិនធ្លាប់មាន នោះគឺបក្សប្រឆាំងនឹងមានវត្តមាននៅកម្ពុជាវិញ ហើយការបោះឆ្នោតនឹងឆាចោលដោយតម្រូវឲ្យមានការបោះឆ្នោតឡើងវិញក្រោមសម្ពាធសហគមន៍អន្តរជាតិ។
ជាងនេះទៀតលោក សម រង្ស៊ី បានចាត់ទុកគណបក្សនយោបាយដែលទើបត្រូវបានបង្កើតឡើងថ្មីជាច្រើនដើម្បីចូលរួមក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខគឺប្រៀបដូចជា «អាប ឬសត្វអំពិលអំពែក» ដោយលោកកត់សម្គាល់ថា ក្រោយការបោះឆ្នោតរួចគណបក្សទាំងនោះនឹងមិនមានទៀតទេ។
លោកថា គណបក្សថ្មីឈ្មោះឆន្ទៈខ្មែរដែលដឹកនាំដោយកូនប្រុសរបស់លោក គង់ គាំ ដែលជាមនុស្សជំនិតរបស់ខ្លួនដើម្បីចូលរួមក្នុងការបោះឆ្នោតត្រូវបានបង្កើតឡើងក្រោមការគំរាមកំហែងផ្នែកនយោបាយពីបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែកខិត្តប័ណ្ណដែលលោកអំពាវនាវតាមបណ្តាញសង្គមពីម្សិលមិញឲ្យចែកចាយដល់ប្រជាពលរដ្ឋកុំទៅបោះឆ្នោតនោះមានខ្លឹមសារថា «អត្ថន័យពិតប្រាកដនៃការបោះឆ្នោតក្លែងក្លាយរៀបចំដោយអំណាចផ្ដាច់ការថ្ងៃ ២៩ កក្កដា ២០១៨»ដែលផ្តល់ជម្រើស ២ សម្រាប់ប្រជាពលរដ្ឋគឺមិនទៅបោះឆ្នោត និងទៅបោះឆ្នោត។ ការអំពាវនាវប្រជាពលរដ្ឋឲ្យធ្វើពហិការក្នុងការបោះឆ្នោតនេះជាអ្វីដែលលោកអះអាងថាគឺជាការបោះឆ្នោតក្លែងក្លាយធ្វើឲ្យតែល្អមើល។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃចន្ទលោក រង្ស៊ី ថ្លែងថា៖ «ខ្ញុំតែងតែប្រៀបធៀបគណបក្សដែលគេជំរុញឲ្យមកចូលរួមក្នុងការបោះឆ្នោតក្លែងក្លាយនោះ ខ្ញុំតែងតែប្រៀបធៀបថា “គណបក្សអាប” គណបក្សអាបគឺដូចជាអាបអ៊ីចឹងគឺមានតែក្បាល អត់មានខ្លួន អត់មានដៃជើងទេ មានតែក្បាល និងពោះវៀន ហើយយើងប្រៀបធៀបទៅជាគណបក្សអំពិលអំពែកក៏បានដែរ មុននឹងការបោះឆ្នោតម្ដងៗ យើងឃើញគណបក្សថ្មីៗកើតព្រោងព្រាត ដូចអំពិលអំពែកគឺភ្លឹបភ្លែតពេលបោះឆ្នោតមកដល់។ តែដល់បោះឆ្នោតចប់ទៅអំពិលអំពែកហ្នឹងគឺបាត់ទាំងអស់រលត់ទៅវិញ»។
លោកក៏បានចាត់ទុកគណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា ថាត្រូវបានបង្កើតឡើងដោយការគាបសង្កត់ ការភ័យខ្លាច ការព្រមាន ការគំរាមកំហែង និងការបង្ខំជាដើម។
លោកថ្លែងថា៖ «ខ្ញុំយល់ពីការគាបសង្កត់ពីការភ័យខ្លាចរបស់អ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិខ្លះដែលត្រូវគេព្រមាន ត្រូវគេគំរាម ហើយគេបង្ខំថាឲ្យបង្កើតគណបក្សមួយទៅ បង្កើតគណបក្សថ្មីមួយទៅ ដើម្បីគេលើកឡើងថាគណបក្សសង្គ្រោះជាតិបែកបាក់គ្នាគឺមានគណបក្សថ្មីមកចូលរួមប្រកួតក្នុងឆាកល្ខោន រៀបចំការបោះឆ្នោតក្លែងក្លាយជារូបភាពសិប្បនិម្មិតឲ្យតែល្អមើល»។
លោក រង្ស៊ី បន្តថា៖ «ដូច្នេះអ្នកខ្លះធ្វើតាមដើម្បីឲ្យគេស្នើ គេគំរាមថា បើមិនធ្វើតាម គេនឹងរករឿង គេនឹងធ្វើបាប តែគេធ្វើឲ្យតែរួចពីដៃ គេធ្វើឲ្យតែរួចខ្លួនទេ ហើយធ្វើជាបណ្តោះអាសន្នទៀត ហើយគេចាំមើលថាស្ថានការណ៍គង់តែប្រែប្រួលគណបក្សសង្គ្រោះជាតិគង់តែវិលត្រឡប់មកវិញ។ ដូច្នេះគណបក្សខ្លះដែលបង្កើតដោយគេបង្ខំនឹងរំលាយខ្លួនទៅវិញ ហើយនឹងមកចូលរួមក្នុងគណបក្សសង្គ្រោះជាតិវិញ»។
ជាមួយនឹងការអំពាវនាវ និងការរិះគន់ដូចខាងលើលោក សម រង្ស៊ី ជឿថាគណបក្សសង្គ្រោះជាតិនឹងវិលត្រឡប់ចូលឆាកនយោបាយវិញក្រោយការបោះឆ្នោតជាតិក្រោមសម្ពាធរបស់សហគមន៍អន្តរជាតិ ខណៈដែលរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដែលលោកថាក្លែងក្លាយនោះមិនស្របច្បាប់។
លោកថ្លែងថា៖ «ក្រោយពីការបោះឆ្នោតដែលមិនមានវត្តមានគណបក្សសង្គ្រោះជាតិពេលហ្នឹងនឹងមានវិបត្តិ ពេលហ្នឹងកម្ពុជាអស់មានរដ្ឋាភិបាលស្របច្បាប់ ហើយបើអស់មានរដ្ឋាភិបាលស្របច្បាប់នឹងមានព្រឹត្តិការណ៍ថ្មីៗដែលយើងមិនដែលឃើញពីមុនមក ព្រឹត្តិការណ៍ថ្មីៗនោះនឹងកើតឡើងនឹងនាំមកនូវការផ្លាស់ប្ដូរឲ្យឆាចោលការបោះឆ្នោតលេងសើច រៀបចំការបោះឆ្នោតឡើងវិញដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរកាលពីម្សិលមិញក៏បានច្រានចោលការអះអាងលោក សម រង្ស៊ី។ គណបក្សឆន្ទៈខ្មែរដែលមានកូនប្រុសលោក គង់ គាំ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក គង់ មុនីកា ជាប្រធានបានធ្វើឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីគណបក្សដែលអះអាងថាជា «ព្រលឹង» អតីតគណបក្សសង្គ្រោះជាតិបានចុះបញ្ជីនៅក្រសួងមហាផ្ទៃថ្មីៗនេះហើយប្រកាសចូលរួមប្រកួតការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទក៏បានថ្លែងប្រតិកម្មនឹងលោក សមរង្ស៊ី ដែរដោយចាត់ទុកអ្នកនយោបាយជើងចាស់រូបនេះថា ជាមនុស្សឆ្កួតឡប់ថែមទៀតផង។
លោកថ្លែងថា៖ «ឥឡូវមិនដឹងថាវាឡប់អីវា ឲ្យតែអ្នកណាបង្កើតបក្សនយោបាយ គឺសុទ្ធតែអាយ៉ងរបស់ ហ៊ុន សែនទាំងអស់ វាទៅជាឆ្កួតឡប់អ៊ីចេះតែកាលណាគេធ្វើបក្សនយោបាយបានសេចក្ដីថា ភាពខុសគ្នាទោះតិចទោះច្រើនគឺមានការខុសគ្នាហើយបើដូចគ្នាគេមិនបង្កើតបក្សទេ គេមកចូលជាមួយគណបក្សប្រជាជនទៅហើយ»។
ដោយឡែកកូនប្រុសលោក គង់ គាំ គឺលោក គង់ មុនីកា ដែលជាប្រធានគណបក្សឆន្ទៈខ្មែរថ្លែងថាលោក សម រង្ស៊ី មិនគួរលាបពណ៌អ្នកប្រជាធិបតេយ្យដូចគ្នានោះទេ។
លោកថ្លែងថា៖ «យើងជាអ្នកនយោបាយជំនាន់ថ្មីយើងមានមនោគមន៍វិជ្ជាថ្មី យើងចង់ធ្វើយ៉ាងណាឲ្យខ្មែរចេះស្រឡាញ់ ចេះជជែកគ្នាស្វែងរកដំណោះស្រាយ បើសិនជាមានការខ្វែងគំនិតគ្នា»។
លោកបន្តថា៖ «យើងមិនរំពឹងថាគណបក្សសង្គ្រោះជាតិដែលអាចត្រឡប់មកវិញទាន់ពេលវេលាទេ ដូច្នេះហើយទើបពួកខ្ញុំមានបំណងថា ក្នុងនាមជាអ្នកនយោបាយជំនាន់ក្រោយក្មេងខ្ចីចង់ចូលរួមចំណែកក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ធ្វើយ៉ាងណាឈានទៅធ្វើការផ្លាស់ប្ដូរជាវិជ្ជមាននាពេលអនាគត»។
លោកអះអាងថាគណបក្សរបស់លោកមិនមែនត្រូវបានបង្កើតដោយការគំរាម ឬរងសម្ពាធពីប្រភពណាមួយដូចការលើកឡើងរបស់លោក សម រង្ស៊ី ទេ។ លោកថ្លែងថា៖ «គណបក្សរបស់យើងខ្ញុំ បង្កើតឡើងដោយឆន្ទៈពិតប្រាកដរបស់ពួកខ្ញុំជាអ្នកនយោបាយក្មេងជំនាន់ក្រោយដែលចង់ឃើញខ្មែរជំនាន់ក្រោយចេះនិយាយ ចេះអង្គុយពិភាក្សារកដំណោះស្រាយ។ យើងបានឃើញប្រទេសកូរ៉េខាងជើង និងខាងត្បូងថ្មីៗគេនៅតែអង្គុយដោះស្រាយនូវបញ្ហាចម្រូងចម្រាសបាន»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏បានបដិសេធផងដែរថា គណបក្សលោកមិនបាននៅពីក្រោយការបង្កើតបក្សណាមួយឡើយហើយថាអតីតបក្សប្រឆាំងនឹងមិនមានវាសនារស់ឡើងវិញទេ ទោះមុន និងក្រោយការបោះឆ្នោតជាតិ។
លោកថ្លែងថា៖ «ការប្រតិកម្មរបស់គណបក្សទើបបង្កើតថ្មីគឺជាការត្រឹមត្រូវ ហើយគាត់អនុវត្តសិទ្ធិនយោបាយរបស់គាត់គ្មានអ្នកណាមួយដែលមានសិទ្ធិរំលោភលើសិទ្ធិនយោបាយរបស់គាត់ក្នុងការបង្កើតគណបក្សដើម្បីប្រកួតប្រជែងនៅក្នុងទីលានប្រជាធិបតេយ្យទេ»។
ទាក់ទងបញ្ហានេះនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃព្រមានថាអ្នកដែលប្រព្រឹត្តអ្វីនឹងទទួលបានផលនោះតែលោកមិនធ្វើអត្ថាធិប្បាយលម្អិតថាតើនឹងមានចំណាត់ការចំពោះអ្នកចែកចាយឬយ៉ាងណានោះទេ។
លោកថ្លែងថា៖ «យើងថាចាត់វិធានការក្រែងលោថា គំរាមកំហែង។ យើងរង់ចាំមើលថា តើកិច្ចការងារហ្នឹងធ្វើម៉េច? អ្នកណាធ្វើអី ដាំអីបានហ្នឹងបានផ្លែហ្នឹង»៕


