ភ្នំពេញៈ សម្ព័ន្ធខ្មែរអាមេរិកាំង និងក្រុមអង្គការអន្តោប្រវេសន៍បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Minneapolis រដ្ឋមីនីសូតាសហរដ្ឋអាមេរិកនៅក្នុងសប្តាហ៍នេះដើម្បីតវ៉ាឲ្យបញ្ឈប់ការនិរទេសជនជាតិខ្មែរ‑អាមេរិកមួយចំនួនមកកាន់ប្រទេសកម្ពុជា។
ការនិរទេសនេះធ្វើឡើងក្រោមកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០០២ ដែលអនុញ្ញាតឲ្យអាមេរិកនិរទេសជនជាតិខ្មែរ‑អាមេរិកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ និងខ្វះភាពជាពលរដ្ឋអាមេរិក។
ដោយកាន់បដាដែលសរសេរថា «បញ្ឈប់ការនិរទេសជនភៀសខ្លួនកម្ពុជា» ក្រុមនេះបានប្រមូលផ្តុំគ្នានៅលើផ្លូវក្នុងទីក្រុង Midwestern កាលពីថ្ងៃ ១៤ កញ្ញា។
សេក កុសល ប្រធានក្រុមគាំទ្រជនភៀសខ្លួន IKARE បានថ្លែងថា៖ «នេះមិនមែនអំពីការបញ្ជូនឧក្រិដ្ឋជនប្រឡប់មកវិញទេ»។ «នេះគឺជាក្រុមមនុស្សដែលបានជាប់ពន្ធនាគាររួចហើយ។ ពួកគេត្រូវបានដោះលែងឲ្យមកជួបជុំគ្រួសាររួចហើយ»។
កុសល បានថ្លែងថាជនជាតិខ្មែរ‑អាមេរិក ២០ នាក់បច្ចុប្បន្នកំពុងប្រឈមនឹងការនិរទេសពីទីក្រុង Minneapolis ក្នុងនោះរួមមានទាំងឈ្មោះ ញាន សាមិត, ឆេង ប៉ូស៊ី ,នីន ចែត, ជួន ផឿយ , ផាន់ ចម្រើន និង ឱម ចាន់ ដែលត្រូវបានឃុំខ្លួននៅពេលទៅពិនិត្យអន្តោប្រវេសន៍កាលពីចុងខែមុនផងដែរ។
ពួកគេម្នាក់ៗបានរស់នៅអាមេរិកតាំងពីកុមារភាពមកដល់ទីនេះជាជនភៀសខ្លួនបន្ទាប់ពីរបបខ្មែរក្រហមដែលត្រូវបានផ្តួលរំលំក្នុងឆ្នាំ ១៩៧៩។
កិច្ចព្រមព្រៀងនោះបានតម្រូវឲ្យជនកម្ពុជាដែលរស់នៅអាមេរិកអាចត្រូវនិរទេសមកប្រទេសកម្ពុជា និងហាមត្រឡប់ចូលអាមេរិកវិញដោយសារតែការប្រព្រឹត្តបទល្មើសរួមទាំងការបើកបរស្រវឹងរហូតដល់ឃាតកម្ម។
គិតមកត្រឹមឆ្នាំមុនមានអ្នកនិរទេសសរុប ៤៦៧ នាក់ភាគច្រើនបំផុតគឺមិនដែលមកដល់ប្រទេសកម្ពុជាចាប់តាំងពីភៀសខ្លួនចេញពីប្រទេសកម្ពុជា។
ការកាត់ទោសមនុស្សជាច្រើននៅក្នុងចំណោមក្រុមថ្មីៗគឺមានរយៈពេលជាងមួយទសវត្សរ៍មកហើយ។ នេះបើតាមញត្តិនៅលើអនឡាញដែលតស៊ូមតិឲ្យមានការដោះលែងពួកគេ។
ក្នុងញត្តិមួយ ឡេង សុវណ្ណា បងប្អូនប្រុស ឱម ចាន់ បានសរសេរថាការជួបជុំគ្រួសារ «ត្រូវបានបែកបាក់វិញ» ដោយសារតែសេចក្តីសម្រេចនេះ។
នៅពេលទាក់ទងពីម្សិលមិញអ្នកស្រី ភា សុភា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបាននិរទេសហើយឥឡូវនេះកំពុងរស់នៅប្រទេសកម្ពុជាបានថ្លែងថាគោលនយោបាយនេះមានផលវិបាកមានលក្ខណៈជាការបំផ្លាញ។
អ្នកស្រីថា៖ «នេះជាគោលនយោបាយដែលបំបែកគ្រួសារចេញពីគ្នា»៕PS


