ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ខ្លួនបាននិងកំពុងស្នើឲ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជួយឧបត្ថម្ភជាថវិកា និងសម្ភារ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ព្រៃឈើ និងជលផលសំដៅកាត់បន្ថយការពឹងផ្អែករបស់ពួកគេកុំឲ្យសង្ឃឹមទៅលើធនធានអនុផលព្រៃឈើ ឬជលផលទាំងស្រុងពេក។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពិគ្រោះយោបល់វាយតម្លៃលើការរួមចំណែករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិនៅប្រទេសកម្ពុជា» ពីម្សិលមិញនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងថាក្រសួងមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ព្រៃឈើ និងជលផលនៅឡើយទេ។ ក្រសួងកំពុងស្នើឲ្យអង្គការ (FAO) ជួយឧបត្ថម្ភថវិកា និងសម្ភារដើម្បីជួយពលរដ្ឋទាំងនោះកាត់បន្ថយការពឹងផ្អែកលើធនធានអនុផលព្រៃឈើ ឬជលផល។
លោក វេង សាខុន បញ្ជាក់ថា៖ «យើងកំពុងគិតគូរដើម្បីជួយពួកគាត់ បើរំពឹងតែលើការដកផ្សិត ឬជៀរជ័រទឹក និងដើរបេះអនុផលពីក្នុងព្រៃនោះគឺវាមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានទេ។ បើជីវភាពគាត់ពីមុនគឺអាចរស់បាន ប៉ុន្ដែពេលនេះគឺមិនអាចរស់បានទេព្រោះការចំណាយពេលនេះវាខ្ពស់ជាង។ អ៊ីចឹងយើងត្រូវរកវិធីជួយគាត់ គឺយើងចង់ឲ្យគាត់ចិញ្ចឹមសត្វ ដាំបន្លែ-ផ្លែឈើហូបផ្លែសម្រាប់ផ្គត់ផ្គង់គ្រួសារបន្ថែមទៀត»។
លោកក៏បានស្នើឲ្យអង្គការ FAO ជួយពិនិត្យបន្ថែមលើការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍ព្រៃឈើ និងជលផលដោយពង្រីកបន្ថែមនូវការធ្វើពិពិធកម្មដំណាំកសិកម្ម ការចិញ្ចឹមសត្វ ឬវារីវប្បកម្មសំដៅកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើធនធានអនុផលព្រៃឈើ ឬជលផល។
លោកបន្តថាក្នុងនោះអង្គការគួរពិចារណាជួយរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ការប្រមូល និងវិភាគទិន្នន័យព័ត៌មានស្ថិតិកសិកម្ម និងការវិភាគសេដ្ឋកិច្ចកសិកម្ម។ ទាំងអស់នេះគឺជាចំណុចគន្លឹះសម្រាប់អ្នកធ្វើគោលនយោបាយអភិវឌ្ឍន៍ ហើយថាក្រសួងនឹងត្រៀមខ្លួនសហការ។
ការលើកឡើងរបស់រដ្ឋមន្ត្រីត្រូវបានលោក Masahiro Igarashi នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម គាំទ្រដោយថ្លែងថា ការលើកឡើងនេះគឺជាគម្រោងល្អ ព្រោះស្ថាប័នរបស់លោកក៏កំពុងធ្វើការងារលើវិស័យនេះស្រាប់ ប៉ុន្ដែការផ្ដល់ជំនួយទំហំប៉ុន្មាន ហើយមានសម្ភារអ្វីខ្លះនោះ ក្រុមការងារលោកនឹងពិភាក្សាគ្នានៅពេលក្រោយទៀត។
លោកបន្តថា៖ «យើងនៅតែបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអង្គការ FAO ជាមួយក្រសួង និងអន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតលើការងារពង្រឹងសមត្ថភាពកសិករ និងសហគមន៍កសិកម្ម ការផ្សារភ្ជាប់ទីផ្សារកសិកម្មជាមួយផ្នែកឯកជន អ្នកប្រមូលទិញផលិតផលកសិកម្មតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្នុងបរិការណ៍បច្ចុប្បន្ននេះសុវត្ថិភាពចំណីអាហារគឺជាអាទិភាពខ្ពស់ដល់កម្ពុជា»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុកក៏យល់ស្របនឹងការលើកឡើងនេះដែរដោយថា នេះជាគម្រោងល្អ ប៉ុន្ដែលោកថារដ្ឋមន្ត្រីគិតនេះស្ទើរតែជិតហួសពេលហើយ ព្រោះពលរដ្ឋសហគមន៍ទាំងនោះកំពុងរងគ្រោះដោយការបាត់បង់ព្រៃឈើ បាត់បង់ដីធ្លី និងសិទ្ធិរស់រានមានជីវិតទៀតផង។
លោកអះអាងថា៖ «ពួកគាត់តែងតែដើររើសជ័រពីដើមច្បោះ ដកផ្សិត បេះបន្លែពីក្នុងព្រៃ និងផលអនុផលព្រៃឈើជាច្រើនប្រភេទ ដើម្បីយកទៅលក់ក្នុងមួយថ្ងៃបាន ២ ឬ ៤ ម៉ឺនរៀលសម្រាប់ជីវភាពប្រចាំថ្ងៃហើយការបាត់បង់ព្រៃឈើនេះគឺពួកគាត់នឹងបាត់បង់អ្វីៗទាំងអស់»។
លោក សំអន ឡាមី តំណាងសហគមន៍ការពារដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី លើកឡើងថាបើសិនគម្រោងនេះត្រូវបានអនុវត្តមែន អ្នកភូមិនឹងមានសេចក្ដីរីករាយយ៉ាងខ្លាំង ព្រោះពលរដ្ឋកំពុងជួបទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ ព្រោះព្រៃឈើដែលអ្នកភូមិធ្លាប់អាស្រ័យផលត្រូវបានឈ្មួញកាប់ទន្ទ្រានស្ទើររាល់ថ្ងៃ។
លោកថា៖ «ឥឡូវនេះអ្នកភូមិលែងសូវនាំគ្នាទៅប្រមូលផលព្រៃឈើដូចមុនហើយ គឺយើងយូរៗទៅរកអនុផលព្រៃឈើម្ដងអ៊ីចឹងទៅហើយអ្នកខ្លះក្មេងជំទង់ៗទៅធ្វើការរោងចក្ររបស់កូរ៉េនៅក្បែរភូមិ ហើយចាស់ៗខ្លះក៏នាំគ្នាចូលព្រៃយូរៗម្ដងអ៊ីចឹង ពិបាកណាស់»៕


