ភ្នំពេញៈ ជនជាប់ចោទម្នាក់ដែលជាអតីតមេភូមិធម្មតាក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវបានសារភាពពីកំហុសរបស់ខ្លួននៅចំពោះមុខចៅក្រមតុលាការកំពូលកាលពីម្សិលមិញពាក់ព័ន្ធនឹងការក្លែងឯកសារក្នុងរឿងឆបោកប្រាក់ចំនួន ២៥ លានរៀលហើយបានស្នើឲ្យចៅក្រមជួយបន្ធូរបន្ថយទោសដែលត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ។
តាមអង្គហេតុជនជាប់ចោទឈ្មោះ មិន មឿន ភេទប្រុសអាយុ ៥៦ ឆ្នាំជាអតីតមេភូមិធម្មតាកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៥ បានខ្ចីលុយគេចំនួន ២៥ លានរៀល និង ១ ពាន់ដុល្លារទៀតធានាឲ្យពលរដ្ឋក្នុងភូមិ និងយកខ្លួនឯងខ្លះដោយធ្វើកិច្ចសន្យាខ្ចីយកស្នាមមេដៃប្រពន្ធបន្លំជាស្នាមមេដៃអ្នកភូមិ។
អង្គហេតុបន្តថា លុះដល់ថ្ងៃកំណត់ជនជាប់ចោទក៏មិនបានសងលុយទៅម្ចាស់បំណុលធ្វើឲ្យម្ចាស់បំណុលខឹងហើយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។ សំណុំរឿងនេះត្រូវសាលាដំបូងខេត្តតាកែវកាលពីថ្ងៃទី ២៤ ខែមិថុនាឆ្នាំ ២០១៦ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៣ ឆ្នាំ និងពិន័យជាប្រាក់ ១ លានរៀលចូលថវិការដ្ឋ និងបង្គាប់ឲ្យសងប្រាក់ទៅដើមបណ្តឹងចំនួន ១៨ លានរៀល និងសំណងជំងឺចិត្ត ២ លានរៀលទៀតក្រោមការចោទប្រកាន់ពីបទ «ក្លែងឯកសារ និងឆបោក»។
សំណុំរឿងដដែលនេះក៏ត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តតាកែវដដែលហើយកែប្រែបទចោទពី «ក្លែងឯកសារ និងឆបោក» មកបទ «ឆបោក» និងប្រាក់ពិន័យ ១ លានរៀលត្រូវព្យួរ។
ជនជាប់ចោទបានឆ្លើយដោយគ្មានមេធាវីការពារនៅក្នុងសវនាការកាលពីម្សិលមិញថា៖ «ខ្ញុំសារភាពថាខ្ញុំពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ប៉ុន្តែខ្ញុំសូមឲ្យតុលាការបន្ថយទោសដល់ខ្ញុំព្រោះខ្ញុំជាប់គុកបានជាង ៧ ខែហើយ។ ខ្ញុំសងគេបាន ៧ លានរៀលហើយ ហើយប្រាក់ ១០ លានរៀលទៀតខ្ញុំតម្កល់នៅតុលាការខេត្តតាកែវ»។
លោកព្រះរាជអាជ្ញា ជា ម៉េត តំណាងមហាអយ្យការសន្និដ្ឋានថា៖ «រឿងនេះជនជាប់ចោទបានសារភាព ហើយទណ្ឌកម្មទោសដែលតុលាការថ្នាក់ក្រោមសម្រេចនេះសមល្មមហើយ។ ខ្ញុំសូមតម្កល់សំណុំរឿងនៅដដែល»។
ក្រោយជំនុំជម្រះប្រមាណកន្លះម៉ោងលោក ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថាសាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែកុម្ភៈ៕


