ភ្នំពេញៈ ក្រុមអាជីវករលក់តាមផ្លូវ នឹងលែងត្រូវបានអនុញ្ញាតឲ្យប្រកបអាជីវកម្មនៅតាមផ្លូវមមាញឹកក្នុងរាជធានីភ្នំពេញ ដូចជាបណ្តា ផ្លូវដែលនៅជិតបរមរាជវាំង និងវិមានឯករាជ្យទៀតហើយ។ នេះបើយោងតាមការឲ្យដឹងរបស់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ កាលពីម្សិលមិញ។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខណ្ឌដូនពេញ លោក គួច ចំរើន បាននិយាយថា ក្រុមអាជីវករទាំងនោះបានបង្កជាការកកស្ទះចរាចរណ៍ ជាពិសេសក្នុងតំបន់ទាំងឡាយណាដែលស្ថិតនៅជិតកន្លែងទាក់ទាញទេសចរណ៍។
លោកក៏បានធ្វើការព្រមានផងដែរ ធុងហ្គាសរបស់អ្នកលក់ប៉ឺតប៉ោង អាចផ្ទុះ «ហើយបង្កជាគ្រោះថ្នាក់ដល់អ្នកទេសចរ»។
ជាដំណោះស្រាយ លោកបានលើកយោបល់មួយឡើង ដែលតម្រូវឲ្យអ្នកលក់ទាំងនោះផ្លាស់ប្តូរកន្លែងលក់ ទៅកន្លែងដែលមិនសូវមមាញឹក ព្រមទាំងបានបញ្ជាក់ថា ក្រុមសមត្ថកិច្ចនឹងមិនផាកពិន័យពួកគាត់នោះឡើយ។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «បើជំនាន់ប៉ុល ពត វាមានវិធីដោះស្រាយរឿងបែបនេះរបស់វា» ដែលលោកកំពុងតែប្រៀបធៀបវាទៅនឹងវិធានការណ៍របស់លោកចំពោះអ្នកដែលប្រព្រឹត្តល្មើសម្តងហើយម្តងទៀត។
ទោះជាយ៉ាងណា ការមិនផាកពិន័យដែលលោកគួច ចំរើន បានអះអាងឡើង ផ្ទុយនឹងអ្វីដែលអាជីវករលក់របស់តាមផ្លូវមួយចំនួនបានលើកឡើង។
យ៉ាត ធឹម អាយុ ២៤ ឆ្នាំ ជាអ្នកលក់ចង្រិត និងសត្វល្អិតបំពងដទៃទៀតនៅមុខវាំង បានឲ្យដឹងថា សមត្ថកិច្ចបានផាកពិន័យ នឹងឃុំខ្លួនរូបគេពេញមួយថ្ងៃជាច្រើនដង។ ការផាកពិន័យមានចន្លោះពី ៥ ទៅ ១០ ដុល្លារ ខណៈដែល យ៉ាត ធឹម បានឲ្យដឹងថា រូបគេរកចំណូលបានពី ៥០ ទៅ ១០០ ដុល្លារក្នុងមួយថ្ងៃ។
អ្នកលក់រូបនេះ បានពន្យល់ពីមូលហេតុដែលគេមិនចង់ផ្លាស់ប្តូរកន្លែងលក់ថា៖ «លក់នៅកន្លែងនេះស្រួល ព្រោះមានអ្នកជិះឡាន ជិះម៉ូតូឈប់ចុះទិញ»។
តូ ចន្ថា អាយុ ២៩ ឆ្នាំ ជាអ្នកលក់ប៉ឺតប៉ោងម្នាក់ បានអះអាងថា រូបគេធ្លាប់ត្រូវបានសមត្ថកិច្ចវាយនឹងដំបងឆក់ ហើយថែមទាំងយកប្រាក់ និងប៉ើតប៉ោងរបស់គេទៅថែមទៀតផង។
លោកនិយាយថា៖ «យើងនៅតែតស៊ូវេទនារកស៊ី ដោយសារប៉ូលិសដេញ និងរំខានយើងលក់ដូរ»។
អ្នកលក់ប៉ឺតប៉ោងម្នាក់ទៀតជាស្រ្តី ឈ្មោះ ឃឹម គី អាយុ ២៥ ឆ្នាំ បាននិយាយថា នាងមានការភ័យខ្លាចចំពោះសមត្ថកិច្ចណាស់ ហើយនាងបានតវ៉ាការលើកឡើងរឿងធុងហ្គាសរបស់អ្នកលោកប៉ើតប៉ោងបង្កគ្រោះថ្នាក់របស់ លោក គួច ចំរើន។
នាងបាននិយាយថា៖«ខ្ញុំមានដែលលឺថា មានការផ្ទុះដោយសារធុងសប់ប៉ើតប៉ោងទេ»។
លោក មាន ច័ន្ទយ៉ាដា ហាក់ដូចជានិយាយផ្ទុយគ្នាពី លោក គួច ចំរើន ដោយបាននិយាយថា ដរាបណាអ្នកលក់ប៉ើតប៉ោងគោរពសណ្តាប់ធ្នាប់សាធារណៈ ពួកគាត់នៅតែត្រូវបានអនុញ្ញាតឲ្យលក់។
លោកព្រមានថា៖«ប៉ុន្តែ បើពួកគាត់លក់នៅលើផ្លូវថ្នល់ យើងនឹងហៅគាត់មកអប់រំ កុំឲ្យបង្កភាពអនាធិបតេយ្យបែបនេះទៀត»។
លោកបន្ថែមថា៖ «យើងកំពុងតែចាប់ផ្តើមរៀបចំតំបន់សម្រាប់ប្រជាជនលក់ផលិតផលនៅជិតព្រះបរមរាជវាំង»។
អ្នកលក់ពោតលីងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងម្សិលមិញដែរថា ក្រុមសមត្ថកិច្ចបានប្រាប់នាងលក់ឆ្ងាយពីផ្លូវជាងមុនរួចទៅហើយ។ នាងថា៖ «ពួកគេដេញយើងដូចយើងលក់ថ្នាំញៀនអ៊ីចឹង។»
នាងបានឈប់បន្តិច ដើម្បីលក់ពោតឲ្យអតិថិជនម្នាក់ដែលឈប់ម៉ូតូទិញ ហើយបានបន្តថា៖ «យើងគ្រាន់តែលក់ពោតលីងនៅមុខផ្ទះរបស់យើងសោះហ្នឹង!»៕
គង់ មេត្តា និង Andrew Nachemson


