ត្បូងឃ្មុំៈ មន្ត្រីមណ្ឌលអប់រំកែប្រែ ៣ ម្នាក់ និងមន្ត្រីប៉ូលិសបម្រើការនៅនាយកដ្ឋានការពារក្រសួងមហាផ្ទៃម្នាក់ត្រូវបានតុលាការខេត្តត្បូងឃ្មុំសម្រេចឃុំខ្លួនកាលពីចុងសប្តាហ៍មុនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ នេះបើតាមមន្ត្រីតុលាការខេត្តកាលពីម្សិលមិញ។
អ្នកនាំពាក្យតុលាការខេត្តត្បូងឃ្មុំលោក ថេង ឈាង បានថ្លែងពីម្សិលមិញថាលោក ទូចសុគន្ធ អាយុ ៣២ ឆ្នាំជាមន្ត្រីពន្ធនាគារនៅមណ្ឌលកែប្រែ ៣ និងលោក ផល សីហា អាយុ ១៩ ឆ្នាំជាប៉ូលិសផ្នែកការពារនៅក្រសួងមហាផ្ទៃត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរថ្នាំញៀនបន្ទាប់ពីប៉ូលិសខេត្ត និងស្រុកចាប់ខ្លួនពួកគេកាលពីថ្ងៃពុធ។
លោកបានថ្លែងថា៖ «អ្នកទាំងពីររូបនេះត្រូវបានចោទពីបទជួញដូរគ្រឿងញៀនដោយព្រះរាជអាជ្ញារួចត្រូវបានបញ្ជូនទៅចៅក្រមស៊ើបអង្កេតហើយចៅក្រមបានសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅថ្ងៃទី ២៧ មករា»។
អធិការប៉ូលិសស្រុកពញាក្រែកលោក ឱម មុន្នីវណ្ណ បានឱ្យដឹងថាមន្ត្រីទាំងពីរនាក់នេះត្រូវបានចាប់ខ្លួននៅពេលពួកគេកំពុងបើកឡាននៅឃុំត្រពាំងផ្លុងដើម្បីទៅចែកចាយគ្រឿងញៀននៅម៉ោងប្រហែល ៨:៣០ នាទីយប់។
លោកថា៖ «សម្តេចក្រឡាហោមបានដកពួកគេទាំងពីរចេញ…យើងអនុវត្តច្បាប់ដោយមិនលម្អៀងទេ ហើយនៅពេលយើងចាប់ខ្លួនពួកគេយើងក៏បានរឹបអូសថ្នាំញៀនមួយកញ្ចប់ធំផងដែរ នៅពេលពួកគេកំពុងចែកចាយ»។
លោកបញ្ជាក់ថាប៉ូលិសជាច្រើនដែលអនុវត្តច្បាប់តែងភ័យខ្លាចពីរឿងបែបនេះពីព្រោះពួកគេជាអ្នកអនុវត្តច្បាប់។
លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានថ្លែងពីម្សិលមិញថា៖ «នេះគឺជាករណីទីមួយហើយដោយសារពេលកន្លងមកយើងមិនដែលបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងនោះទេ»។
លោកបញ្ជាក់ថាកន្លងមកនាយកដ្ឋានបានរកឃើញមន្ត្រីពន្ធនាគារមួយចំនួនតូចគឺប្រហែលតិចជាង ១០ នាក់បានប្រើប្រាស់ថ្នាំញៀនហើយបានឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់នេះ។
លោកថា៖ «បន្ទាប់ពីចូលឆ្នាំចិនរួចយើងនឹងបន្ត [ធ្វើតេស្តរកសារធាតុញៀន]…ពីមុនយើងមិនទាន់ប្រើយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅឡើយទេ ប្រសិនបើយើងរកឃើញប៉ូលិសប្រើប្រាស់ថ្នាំញៀននោះយើងនឹងបណ្តេញចេញពីក្របខ័ណ្ឌ»។
កាលពីថ្ងៃទី ២៨ មករា កន្លងទៅអាជ្ញាធរបង្ក្រាបបានករណីជួញដូរគ្រឿងញៀនចំនួន ១៨ ករណីក្នុងនោះមានអ្នករក្សាទុក និងអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ៤៥ នាក់។
រដ្ឋាភិបាលបានរៀបចំយុទ្ធនាការបង្ក្រាបគ្រឿងញៀនដោយពង្រីកសកម្មភាពរបស់ខ្លួនដើម្បីឆ្លើយតបនឹងកំណើនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនដ៏គួរឱ្យព្រួយបារម្ភនេះ៕ NS


