ភ្នំពេញៈ គ្រូធំរបស់អតីតប្រធានតុលាការត្រូវបានសាលាដំបូងរាជធានីកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំខណៈម្តាយរបស់លោក ថោង សារ៉ាត់ ត្រូវកាត់ឲ្យជាប់ ២ ឆ្នាំរឿងពុករលួយដែលពាក់ព័ន្ធនឹងការដោះលែងឪពុកម្តាយ ថោង សារ៉ាត់ ពាក់ព័ន្ធនឹងការរក្សាទុកអាវុធខុសច្បាប់កាលពីដើមឆ្នាំ ២០១៥។
លោក ពេជ្រ ព្រហ្មមុនី ដែលត្រូវគេដឹងថាជាគ្រូធំរបស់អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញលោក អាំង មាលតី ត្រូវបានអ្នកស្រី កែវ សារី ម្តាយរបស់លោក ថោង សារ៉ាត់ ហៅថា «គ្រូធំតុលាការ» កាលពីម្សិលមិញត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំប៉ុន្តែអនុវត្តទោសតែ ២ ឆ្នាំប៉ុណ្ណោះ និងព្យួរទោស ៣ ឆ្នាំពីបទជំនួញឥទ្ធិពលអកម្ម ឬការទទូចសុំយល់ព្រមទទួលដោយគ្មានសិទ្ធិនូវអំណោយជំនូនការសន្យា ឬអត្ថប្រយោជន៍ណាមួយដោយអ្នករាជការសាធារណៈ។ ទោស ៥ ឆ្នាំនេះគឺជាកម្រិតទាបបំផុតនៃបទល្មើសនេះ។ ប៉ុន្តែគាត់ត្រូវបានតុលាការឲ្យរួចផុតពីបទចោទរឿងជ្រៀតជ្រែកក្នុងការបំពេញមុខងារសាធារណៈ។
ចៅក្រមជំនុំជម្រះលោក យិន សារឿន បានថ្លែងថា៖ «សម្រេចឲ្យជនជាប់ចោទ ពេជ្រ ព្រហ្មមុនី ហៅគ្រូខ្មែររួចផុតពីបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈប្រព្រឹត្តនៅរាជធានីភ្នំពេញ និងភោជនីយដ្ឋានវ័នម៉រទួលគោកចាប់ពីថ្ងៃ ៧ ខែ ២ ដល់ថ្ងៃទី ១៦ ខែ ២ ឆ្នាំ ២០១៥»។
លោកចៅក្រមក៏បានសម្រេចផ្តន្ទាទោសអ្នកស្រី កែវ សារី ពីបទជំនួញឥទ្ធិពលសកម្ម ឬការសូកប៉ាន់អ្នករាជការសាធារណៈឲ្យជាប់ពន្ធនាគារ ២ ឆ្នាំជាទោសទាបបំផុតក្នុងបទចោទនេះ។
លោក យិន សារឿន ថ្លែងថា៖ «ផ្តន្ទាទោសជនជាប់ចោទ កែវ សារី អាយុ ៥៧ ឆ្នាំដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀលដាក់ចូលថវិការដ្ឋពីបទជំនួញឥទ្ធិពលសកម្មប្រព្រឹត្តនៅភោជនីយដ្ឋានវ័នម៉ររាជធានីភ្នំពេញចាប់ពីថ្ងៃទី ៨ ខែ ២ ឆ្នាំ ២០១៥ តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ»។
កាលពីសវនាការនៅថ្ងៃទី ២៥ ខែសីហាលោក ពេជ្រ ព្រហ្មមុនីបានបដិសេធថាមិនបានយកលុយពីអ្នកស្រី កែវ សារី ទេ។ ប៉ុន្តែអ្នកស្រី កែវ សារី ក៏ដូចជាសាក្សីដែលត្រូវជាកូនរបស់អ្នកស្រីបាននិយាយថាគាត់បានប្រគល់ប្រាក់ ១ ពាន់ដុល្លារដល់លោក ពេជ្រ ព្រហ្មមុនី ដើម្បី «អរគុណដល់លោកធំតុលាការដែលបានដោះលែងខ្ញុំ និងប្តីខ្ញុំឲ្យនៅក្រៅឃុំ»។
ប៉ុន្តែអ្នកស្រីបាននិយាយក្នុងតុលាការថាប្រាក់ ១ ពាន់ដុល្លារដែលឲ្យទៅលោក ពេជ្រ ព្រហ្មមុនី គឺសម្រាប់សេវាទស្សន៍ទាយតែប៉ុណ្ណោះ។ ក្រៅពីប្រាក់សម្រាប់លោក ព្រហ្មមុនី អ្នកស្រី សារី ក៏បានប្រគល់ប្រាក់ឲ្យមេធាវី រស់ ផល្លា និងអ្នកបើកបររបស់លោក ពេជ្រ ព្រហ្មមុនី ម្នាក់ៗ ៥០០ ដុល្លារផងដែរ៕


