កំពង់ស្ពឺ/ស្ទឹងត្រែង៖ ក្រុមអាជ្ញាធរបរិស្ថានបានដកហូតបានឈើខុសច្បាប់ជិត ៨ ម៉ែត្រគូបក្នុងការបង្ក្រាបបីដាច់ដោយឡែកពីគ្នា កាលពីចុងសប្តាហ៍មុន ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានចោទអាជ្ញាធរខេត្ត ស្ទឹងត្រែង ថា បានព្យាយាមធ្វើអន្តរាគមន៍ ឲ្យអ្នករកស៊ីឈើម្នាក់ ក៏ប៉ុន្តែអាជ្ញាធរបានបដិសេធការចោទប្រកាន់នេះកាលពីម្សិលមិញ។
ឈើជាង ៧ ម៉ែត្រគូបត្រូវបានដកហូតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល ខេត្តកំពង់ស្ពឺ។ ក្រុមអ្នកយាមល្បាតរបស់ក្រសួងបរិស្ថាន និងក្រុមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានបញ្ឈប់រថយន្តមួយគ្រឿងនៅពេលកំពុងដឹកឈើចេញពីតំបន់ការពារ និងបានរកឃើញឈើមួយគំនរទៀតនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាលនេះ។
លោក ជា ហៀន ប្រធានអង្គការអភិរក្សសត្វព្រៃ និង ធនធានធម្មជាតិ បានឲ្យដឹងថា៖ «ឈើទាំងនេះត្រូវបានកាប់យកមកដោយខុសច្បាប់ពីក្នុងតំបន់ការពារ»។
លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា អ្នកបើកបរពីរនាក់ដែលត្រូវបានឃាត់ខ្លួន គ្រាន់តែត្រូវបានផាកពិន័យតែប៉ុណ្ណោះ ដោយសារតែឈើ ទាំងនោះមិនមែនជាប្រភេទឈើដែលជិតផុតពូជ ឬឈើលេខមួយនោះឡើយ។ អាជ្ញាធរមិនបានរកឃើញក្រុមកាប់ឈើដែលទទួលខុសត្រូវចំពោះគំនរឈើនៅក្នុងព្រៃនោះឡើយ។
កាលពីថ្ងៃសុក្រ នៅខេត្តស្ទឹងត្រែង បុរសម្នាក់ត្រូវបានឃាត់ខ្លួន ខណៈកំពុងដឹកឈើខុសច្បាប់។
លោក លៀង សេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា បុរសឈ្មោះ មុយ គឹមស្រួយ អាយុ ២២ ឆ្នាំ ត្រូវបានឃាត់ខ្លួន ខណៈកំពុងតែដឹកឈើប្រណីតទំហំ ១ ម៉ែត្រគូប។
លោកបន្តថា៖ «យើងបានបញ្ជូនខ្លួនគេទៅតុលាការកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីក្រុមនគបាលអាវុធហត្ថបានឃាត់ខ្លួនជាមួយរថយន្តតួរីសមួយគ្រឿងផ្ទុកឈើចំនួន ៤៣ ដុំ»។
បណ្តាញព័ត៌មានអប្សរាណេត ឬ ANN បានចោទអភិបាលរងខេត្តស្ទឹងត្រែង លោក ជា ថាវរិទ្ធ និងលោក ដួង ពៅ បានប៉ុនប៉ងធ្វើអន្តរាគមន៍ឲ្យជនសង្ស័យ។
លោក ជា ថាវរិទ្ធ បានបដិសេធចំពោះការចោទប្រកាន់នេះ ខណៈមិនអាចទាក់ទង លោក ដួង ពៅ ដើម្បីសុំការអត្ថធិប្បាយពីរឿងនេះបានឡើយ៕ TN


