ភ្នំពេញៈ តុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ បានសម្រេចឃុំខ្លួនកូនស្រីរបស់លោកយិន ង្គិច គឺកញ្ញា យិន ឃុនម៉ី ហៅ ម៉ាណា ជាបណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់អ្នកដទៃ» តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការជំនុំជម្រះនៅពេលក្រោយ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអាទិត្យ កញ្ញា យិន ឃុនម៉ី អាយុ ១៦ ឆ្នាំ ស្នាក់នៅភូមិ ១ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់អ្នកដទៃ» តាមមាត្រា ៨៥ កថាខណ្ឌទី ១ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
មាត្រា៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោក (កថាខណ្ឌទី ១) បានកំណត់ឲ្យផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ពី ៤ លានរៀលដល់ ១៥ លានរៀល ចំពោះអ្នកបើកបរទាំងឡាយណា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់។ (កថាខណ្ឌទី ២) បានកំណត់ឲ្យផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀលទៅ ២៥ លានរៀល ចំពោះអ្នកបើកបរទាំងឡាយណា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់ ហើយបានបើករត់ពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។
កាលពីរសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើចំណុចផ្លូវលេខ ៥២៨ ប្រសព្វផ្លូវលេខ ៣១៧ ស្ថិតក្នុងសង្កាត់ បឹងកក់ ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ អះអាងថាបង្កឡើងដោយអ្នកបើកបររថយន្តស៊េរីទំនើបម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 បើកបរដោយឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា បានបុកទៅលើម៉ូតូមួយគ្រឿងដែលបើកបរដោយកញ្ញា ឌុំ រីដា ជានិស្សិតស្រីដ៏ឆ្នើមម្នាក់នៅសាកលវិទ្យាល័យ ផារ៉ាហ្គន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានបើករត់គេចពីកន្លែងកើតហេតុ ដើម្បីគេចវេះពីការទទួខុសត្រូវ។
ជុំវិញករណីនេះ កញ្ញា ឌុំ វណ្ណណែត ដែលជាបងស្រីបង្កើតរបស់កញ្ញា ឌុំ រីដា បានទាមទារឲ្យក្រុមគ្រួសារជន បង្កគ្រោះថ្នាក់ចរាចរណ៍ បង់សំណងរដ្ឋប្បវេណី ២០ ម៉ឺនដុល្លារ និងជួយឧបត្ថម្ភធនដល់និស្សិតក្រីក្រ ដែលមានវ័យប្រហាក់ប្រហែលប្អូនស្រីរបស់នាង ចំនួន ២៣ នាក់ ដើម្បីលើកកម្ពស់ការអប់រំ និងធនធានមនុស្សនៅ កម្ពុជា និងសូមឲ្យអ្នកបើករថយន្តបង្ក ទៅអុជធូបសូមខមាទោសនៅមុខផ្នូរ ឌុំ រីដា ដែលជាប្អូនស្រីរបស់នាង ព្រមទាំងទាមទារឲ្យតុលាការធ្វើការផ្ដន្ទាទោសចំពោះជនបង្កទៅតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា ភាគីខាងជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា មិនអាចទាក់ទងសុំការឆ្លើយតបចំពោះការទាមទារខាងលើនេះបានទេ។
គួរបញ្ជាក់ថា កញ្ញា ឌុំ រីដា គឺជាសិស្សពូកែផ្នែកភាសាខ្មែរនៅទូទាំងប្រទេស ដែលបានជាប់អាហារូបករណ៍រៀននៅសាកលវិទ្យាល័យផារ៉ាហ្គន (អតីតសាកលវិទ្យាល័យហ្សាម៉ាន់)។ ការស្លាប់របស់នាងមិនត្រឹមតែធ្វើឲ្យឪពុកម្ដាយ និងក្រុមគ្រួសាររបស់នាងមានការសោកស្ដាយប៉ុណ្ណោះទេ សូម្បីតែមិត្តភក្តិរួមថ្នាក់របស់នាង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាកលវិទ្យាល័យនេះក៏មានការសោកស្ដាយផងដែរ។
លោក អ៊ាង សុផល្លែត ប្រធានកិត្តិយសសាកលវិទ្យាល័យ ផារ៉ាហ្គន បានចាត់ទុកមរណភាពរបស់កញ្ញាឌុំ រីដា ថា៖ «មិនត្រឹមតែជាការបាត់បង់កូនជាទីស្រឡាញ់ ប្រកបដោយគន្លងធម៌របស់ក្រុមគ្រួសារទេ តែក៏ជាការបាត់ បង់និស្សិតដ៏ល្អរបស់សាលា និងបាត់បង់កុលធីតាដែលជាធនធានដ៏ថ្លៃថ្លារបស់ជាតិផងដែរ»៕


