ភ្នំពេញ: មន្ត្រីអន្តោប្រវេសន៍ម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងករណីរត់ពន្ធអាវុធជាកូនប្រុសរបស់បុគ្គល «មានអំណាច» ម្នាក់នៅខេត្តកោះកុង។ នេះបើតាមប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ថ្លែងកាលពីយប់ថ្ងៃចន្ទ មេអន្តោប្រវេសន៍ លោក សុខ ផល បានបដិសេធមិននិយាយបន្ថែមអំពីប្រវត្តិគ្រួសាររបស់លោក លាង ពិសិដ្ឋ មន្ត្រីនគរបាលអាយុ ២៩ ឆ្នាំនោះទេ។ ដោយលោក ផល និយាយថាកាលពីពេលថ្មីៗនេះត្រូវបានបញ្ជូនទៅនាយកដ្ឋានរបស់លោកពីផ្នែកនគរបាល ប៉ុន្តែមិនទាន់ទៅធ្វើការនៅឡើយ។
លោក ពិសិដ្ឋ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ មិថុនានៅក្នុងខេត្តត្រាត (Trat) ជិតព្រំដែនកម្ពុជាខេត្តកោះកុង ខណៈគាត់បានទៅជិតឡានរបស់មន្ត្រីទ័ពអាកាសរបស់ថៃដែលធ្លាក់ផ្លូវ និងប្រទះឃើញកំពុងដឹកអាវុធជាច្រើនដើម។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាលោក ពិសិដ្ឋ ក៏មានកាំភ្លើងបួនដើមផងដែរនៅក្នុងរថយន្តពណ៌សរបស់គាត់ដែលពាក់ស្លាកលេខកម្ពុជា ថ្វីបើមិនមានព័ត៌មានលម្អិតអំពីករណីនេះតែគាត់ត្រូវបានបង្ហាញឲ្យឃើញហើយគាត់នៅតែស្ថិតនៅក្នុងការឃុំខ្លួន។
លោក ផល បានបញ្ជាក់ថាករណីនេះ «មិនចម្លែកទេ»។
លោកបានថ្លែងបន្តថា៖ «នេះជាករណីបុគ្គល។ គាត់ចង់មានហើយបំពានច្បាប់។ និយាយឲ្យត្រង់ទៅមន្ត្រីនេះនៅក្នុងខេត្តកោះកុងមិនមែនជាកូនអ្នកតូចទេ ប៉ុន្តែជាកូនអ្នកមានអំណាច ប៉ុន្តែ [ឪពុករបស់គាត់] មិនបង្ហាញមុខ»។
កាលពីដើមខែមិថុនានេះសារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថាអាជ្ញាធរថៃបានរឹបអូសកាំភ្លើងវែង ២៩ ដើម និងកាំភ្លើងយន្តចំនួន ៤ ដើម៕ PS

