កណ្តាលៈ ប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាកាលពីព្រឹកម្សិលមិញដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់លុបបឹងយកទៅសង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ បន្ទាប់ពីមានការបាក់ច្រាំង និងផ្ទះពលរដ្ឋធ្លាក់ចូលទន្លេបាសាក់នៅក្នុងស្រុកស្អាង។
បន្ទាប់ពីតវ៉ាក្នុងទ្រង់ទ្រាយតូចមិនទទួលបានលទ្ធផលនោះពលរដ្ឋនៅតាមដងទន្លេបាសាក់បានតវ៉ាក្នុងទ្រង់ទ្រាយធំនៅកន្លែងបាក់ច្រាំង និងផ្ទះពលរដ្ឋស្ថិតក្នុងភូមិកោះគ ឃុំរកាខ្ពស់ដើម្បីទាមទារឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់នៅទីនោះ និងស្នើឲ្យក្រសួងរ៉ែ និងថាមពលឈប់ចេញអាជ្ញាប័ណ្ណបូមខ្សាច់ឲ្យក្រុមហ៊ុនបន្តទៀត។
ពលរដ្ឋអ្នកតវ៉ាម្នាក់ឈ្មោះ ខឹម ផាន អាយុ ៤០ ឆ្នាំបានឲ្យដឹងថាការបូមខ្សាច់នោះបាននឹងកំពុងតែធ្វើឡើងអស់រយៈពេលជាង ១ ឆ្នាំមកហើយចាប់ពីម៉ោង ៥ ព្រឹករហូតដល់ម៉ោង ៥ ល្ងាចដែលបណ្តាលឲ្យមានការបាក់ច្រាំងទន្លេបាសាក់ និងផ្ទះពលរដ្ឋជិត ១០ គ្រួសារជាបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «តវ៉ាអហិង្សាកុំឲ្យបូមខ្សាច់ព្រោះវាបាក់ច្រាំង បាក់ផ្ទះចូលទន្លេអស់ទ្រព្យសម្បត្តិ។ ខ្លះរត់ចេញមិនចង់ទាន់ផង។ នេះបាក់ពេលថ្ងៃ បើបាក់ពេលយប់ប្រហែលជាមានការបាត់បង់ជីវិតទៀតផង»។
លោកបន្តថា ពលរដ្ឋមិនបានស្គាល់ឈ្មោះក្រុមហ៊ុនដែលបូមខ្សាច់នោះទេ ព្រោះព័ត៌មានពីការបូមនោះមិនត្រូវបានក្រុមហ៊ុន ឬអាជ្ញាធរប្រាប់ឲ្យដឹងឡើយ។
លោកថ្លែងថា៖ «មន្ត្រីប្រាប់ថាបូមស្តារទន្លេ ខ្ញុំថា បើបូមស្តារទន្លេមិនមែន ១ ឆ្នាំបូមតែកន្លែងហ្នឹងរហូតទេ។ ប៉ុន្មានថ្ងៃមុនមានសាឡាងធំៗប្រហែល ៣០ គ្រឿងពេញទន្លេតែម្តង។ តែពេលដឹកចេញមានការតវ៉ា គេដកចេញអស់»។
លោក ផាន បានអះអាងថាខ្សាច់ទាំងនោះត្រូវបានគេបូមយកទៅចាក់លុបបឹង លើផ្ទៃដីជាង ៥០ ហិកតានៅតំបន់ទួលក្រសាំងដើម្បីសាងសង់ផ្ទះល្វែងលក់ឲ្យមន្ត្រីរាជការដោយក្រុមហ៊ុន World Bridge។
លោក Alex Gonzalez-Davidson (អាឡិច) ប្រធានអង្គការចលនាមាតាធម្មជាតិដែលត្រូវបានបណ្តេញចេញពីកម្ពុជាបានឲ្យដឹងថាក្រៅពីផ្ទះដែលបាក់ធ្លាក់ចូលទន្លេនោះមានផ្ទះផ្សេងៗកំពុងតែប្រឈមនឹងការបាក់ដូចគ្នា។
លោកអាឡិចបានសរសេរតាមសារអេឡិចត្រូនិចថា៖ «នៅពេលនេះក្រសួងគួរផ្អាកការបូមខ្សាច់បណ្តោះអាសន្ននៅទីនោះហើយគួរតែប្រឹក្សាឲ្យបានត្រឹមត្រូវជាមួយសហគមន៍មូលដ្ឋាន និងរៀបចំការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមពិតមួយមិនមែនក្លែងក្លាយនោះទេ»។
ស្ត្រីឈ្មោះ មុត ម៉ុម អាយុ ៤២ ឆ្នាំ ក៏បានអះអាងផងដែរថាបន្ទាប់ពីមានការតវ៉ានោះមកអភិបាលរងខេត្តលោក ខឹម ច័ន្ទគិរី និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធបានចុះទៅជួបជាមួយនឹងពលរដ្ឋហើយបានទទួលយកសំណើពីពលរដ្ឋទៅរកដំណោះស្រាយទើបពលរដ្ឋសុខចិត្តផ្អាកការតវ៉ាសិន។ ពលរដ្ឋបានឲ្យដឹងថានេះជាការតវ៉ាអហិង្សាលើកទី ៣ ហើយពួកគេនឹងអាចធ្វើបន្តទៀតបើគ្មានដំណោះស្រាយសមស្របណាមួយនោះទេ។
លោក ខឹម ច័ន្ទគិរី អភិបាលរងខេត្តកណ្តាលបានថ្លែងកាលពីម្សិលមិញថា អាជ្ញាធរនឹងធ្វើការពិនិត្យមើលជាក់ស្តែងពីបញ្ហានេះ។
លោកបានឲ្យដឹងថា ក្រុមហ៊ុនដែលបូមខ្សាច់ឈ្មោះ ឡេង ជីង មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពលដើម្បីធ្វើការបូមខ្សាច់យកទៅធ្វើសំណង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ និងជនក្រីក្រទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «រាល់ថ្ងៃគេធ្វើមិនដែលអត់ច្បាប់ទេ។ បូមកន្លែងខ្លះជួយឲ្យច្រាំងដំណើរការល្អព្រោះគេមានសិក្សាផលប៉ះពាល់បរិស្ថាន EIA ត្រឹមត្រូវ។ កន្លែងខ្លះបាក់ដោយកត្តាធម្មជាតិមិនមែនចេះតែឮមាត់មនុស្សមួយចំនួនថានោះទេ»។
លោកបន្តថាក្រសួងរ៉ែ និងថាមពលរួមនឹងអាជ្ញាធរពាក់ព័ន្ធបានធ្វើវេទិកាសាធារណៈប្រកាសផ្សព្វផ្សាយពីរឿងបូមខ្សាច់នេះ។ ហេតុនេះពលរដ្ឋដែលអត់បានដឹងពីរឿងនេះគឺជាអ្នកដែលមិនមែនរស់នៅក្នុងតំបន់នោះទេ។
លោក ឌិត ទីណាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលមិនបានចាត់ទុកការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនោះថាជាការតវ៉ានោះទេតែលោកថាវាជាការសាកល្បងមួយដើម្បីញុះញង់ពលរដ្ឋឲ្យមានការតវ៉ាដោយហេតុផលនយោបាយរបស់អ្នកផ្សេងពីក្រៅមក និងបុគ្គលអនាធិបតេយ្យនៅក្រោមឈ្មោះអង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែពលរដ្ឋដែលរស់នៅពិតប្រាកដតាមដងទន្លេនឹងយល់ព្រមឲ្យក្រុមហ៊ុនបូមខ្សាច់គឺមិនមានការប្តឹងផ្តល់នោះទេ។
លោក ទីណា បានបញ្ជាក់ថា៖ «ក្រសួងរ៉ែ និងថាមពលគឺតែងតែដឹងពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅតំបន់នោះព្រោះយើងជាអចិន្ត្រៃយ៍មានមន្ត្រីត្រួតពិនិត្យការបូមនោះ»។
លោក ទីណា បានថ្លែងតាមសារអេឡិចត្រូនិកថាការបាក់ច្រាំងគឺមិនមែនបណ្តាលមកពីការបូមខ្សាច់នោះទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយគឺច្រាំងទន្លេវាបាក់ដោយសារតែកត្តាធម្មជាតិ៕
រាយការណ៍បន្ថែមដោយ Yesenia Amaro


