ពោធិ៍សាត់ៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធ ចំពោះការចោទប្រកាន់ដែលថា លោកបានទិញអ្នកស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញក្នុងតម្លៃ ១០ ម៉ឺន ឬ ២០ ម៉ឺនដុល្លារ ដោយលោកថា មិនមានការចាំបាច់ដើម្បីទិញអ្នកណាទេ ព្រោះមនុស្សទាំងអស់នោះមិនមែនជាសត្វធាតុ ឬវត្ថុសម្រាប់លក់ទេ ហើយគណបក្សប្រជាជនមានធនធានគ្រប់គ្រាន់។
លោកបានថ្លែងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី រោងចក្រជាង ១ ម៉ឺននាក់ នៅខេត្តពោធិ៍សាត់កាលពីម្សិលមិញ។
គិតមកដល់ពេលនេះ មានមន្រ្តី ៩ នាក់ ក្នុងចំណោមមន្រ្តី ១១៨ នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមប្រាមធ្វើនយោបាយរយៈពេល ៥ ឆ្នាំត្រូវបានផ្តល់សម្បទាឡើងវិញទៅតាមសំណើរបស់ពួកគេ ចាប់តាំងពីច្បាប់វិសោធនកម្មស្តីពីគណបក្សនយោបាយ បានចូលជាធរមាន កាលពីខែមករា។
លោក ហ៊ុន សែន បានថ្លែងថា លោកបានលើកទូរស័ព្ទហើយ «ស្រាប់តែឃើញអាណាមួយបង្ហោះហ្វេសប៊ុកពីម៉ុងរ៉េអាល់មកវាថា អ្នកសុំសិទ្ធិនយោបាយ ត្រូវបានទិញ ១០ ម៉ឺន ២០ ម៉ឺនទៀត។ សុំផ្ដាំទៅអ្នកកុំចាត់ទុកសហការីរបស់អ្នកជាទំនិញលក់ដូរឲ្យសោះ។ កុំមើលស្រាលអ្នកដែលគេមិននៅជាមួយអ្នកឯង ហើយគេសុំសិទ្ធិនយោបាយ ដើម្បីសេរីភាពរបស់គេ ក្លាយទៅជាទំនិញដែល ហ៊ុន សែន ត្រូវទិញ»។
លោកបន្តថា៖ «ហ៊ុន សែន គ្មានការចាំបាច់ ដើម្បីទៅទិញអ្នកណាទេ ព្រោះមនុស្សទាំងអស់នោះមិនមែនជាសត្វធាតុ ឬជាវត្ថុសម្រាប់លក់ទេ។ យើងផ្ដល់ការគោរព ចំពោះសេរីភាពរបស់មនុស្សទាំងអស់ទោះបីមនុស្សនោះ នៅក្នុងបក្សនយោបាយណាក៏ដោយ យើងខ្ញុំផ្ដល់ការគោរព។ អ្នកដែលចេញមកសុំសិទ្ធិធ្វើនយោបាយ យើងខ្ញុំក៏គោរព អ្នកដែលមិនសុំសិទ្ធិក៏យើងខ្ញុំគោរព ចំពោះសេចក្ដីសម្រេចរបស់អ្នក។ ហេតុអ្វីបានជាអ្នកមើលងាយ ចំពោះអ្នកដែលធ្លាប់ធ្វើការនៅជាមួយអ្នក បែរទៅជាទំនិញលក់ដូរទៅវិញ»។
លោកថា មិនមែនតែបក្សផ្សេងទេ ដែលមានសមាជិកចាកចេញ គណបក្សប្រជាជនរបស់លោក ក៏មានសមាជិកចាកចេញពីបក្ស ហើយទៅចូលបក្សផ្សេងដែរ ប៉ុន្តែគណបក្សរបស់លោក មិនដែលតាមជេរពួកគេទេ តែបានផ្ដល់សិទ្ធិឲ្យពួកគេ។
លោកថា ការជេរប្រមាថ អ្នកដែលចាកចេញ ពីបក្សបែបនេះកើតមានតាំងពីឆ្នាំ ២០០៨ នៅពេលដែលអតីតអ្នកតំណាងរាស្ត្រមួយចំនួន ចេញពីគណបក្សផ្សេង មកកាន់គណបក្សប្រជាជនកម្ពុជា ហើយអ្នកទាំងនោះត្រូវបានគេចាត់ទុកថា «សាច់ស្អុយ សាច់រលួយ» ហើយពាក្យនេះត្រូវបានគេយកមកប្រើសម្រាប់អ្នកដែលស្នើសុំសិទ្ធិនយោបាយ។
លោកថ្លែងថា៖ «សូមឲ្យអ្នកទាំងអស់គ្នា សូមឲ្យជនបរទេសទាំងឡាយ វាយតម្លៃឲ្យបានពិតប្រាកដ តើអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ត្រូវទប់សិទ្ធិគេទេ? ហើយបានចោទប្រកាន់ (ថា) ទាល់តែគេនៅជាមួយខ្លួនបានស្នេហាជាតិ ដល់គេចេញពីខ្លួន ក្បត់ជាតិ! ប៉ុន្តែអាអ្នកដែលជេរថា យើងក្បត់ជាតិត្រូវបានខ្ញុំប្រើក្បាលវា វាមិនគិតផង»។
លោកថ្លែងចំណុចនេះសំដៅដល់ការកែ រដ្ឋធម្មនុញ្ញពីប្រព័ន្ធ ២ ភាគ ៣ មក ៥០ បូក ១ កាលពីឆ្នាំ ២០០៦ ក្នុងការបើកប្រជុំសភាពេញអង្គ។
លោកបញ្ជាក់ថា អ្នកដែលមិនសុំសិទ្ធិធ្វើនយោបាយ ត្រូវរង់ចាំរហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០២២ ដែលការរង់ចាំនេះ ធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការចូលប្រកួតប្រជែង ក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលនឹងរៀបចំឡើងនៅខែ ឧសភា ឆ្នាំ ២០២២។
លោកនាយករដ្ឋមន្ត្រី បានបង្ហើបឲ្យដឹងថា មានមន្ត្រីអតីតគណបក្សប្រឆាំងមួយចំនួន កំពុងធ្វើសកម្មភាពរំលោភច្បាប់គឺបានបង្កើតគណៈកម្មការចំពោះកិច្ច ដោយចងក្រងជាបណ្ដាញមានសមាជិក ២ រូបក្នុងមួយឃុំ។ លោកបានលើកចំឈ្មោះមនុស្សចំនួន ២ រូបគឺឈ្មោះ រ័ត្ន សុភី ដែលនៅបន្ទាយមានជ័យ ហើយបានរត់ទៅព្រះវិហារ។ ចំណែកម្នាក់ទៀតឈ្មោះ ប្លុង សំអុន។
លោកថា៖ «នៅពោធិ៍សាត់ អានៅវាលវែង អាហ្នឹងជើងខ្លាំង។ ចាំអញរុញព័ត៌មានមួយចំនួនមកឲ្យ។ គួបផ្សំជាមួយអាមួយអ្នកភ្នំពេញ អ្នកកំពង់ចាម។ ប៉ុន្តែអាអ្នកភ្នំពេញ រត់ប្រុចធ្លាក់អន្លង់វែង។ ឥឡូវ ២ ថ្ងៃនេះមកនៅកៀនស្វាយ។ មកវិញហើយ ឮប៉ុណ្ណឹងរត់ទៀតបើមិនស្រួល រត់ទៀត»។
លោកបានព្រមានថា៖ «កុំណា! កុំឲ្យសោះអារឿងគណកម្មការចំពោះកិច្ចមួយឃុំប៉ុន្មាននាក់ៗ។ កុំឲ្យសោះណា វាយខ្នោះជាប់រហូត ហើយកុំថា ខ្លាច យីគេមកពិនិត្យ EBA លោក ហ៊ុន សែន និយាយអ៊ីចឹង? ទេអារឿងខុសច្បាប់ អត់មានរឿង EBA មិន EBA អីទេ។ តែរឿងខុសច្បាប់ គឺដាក់ហើយ កុំខ្វល់ពេក។ រៀបចំកម្លាំងស្អី? អ្នកឯងរៀបចំធ្វើអំពើភេរវកម្មហ៎? ត្រៀមប្រយុទ្ធហ៎? ប្រាប់ឲ្យហើយ ផ្ញើសារឲ្យទូទាំងប្រទេស បញ្ឈប់ទៅអាគណៈកម្មការចំពោះកិច្ច ទាំងនៅភ្នំពេញ នៅវាលវែង ខេត្តឯណាៗគឺនិយាយឲ្យត្រង់ ឃើញមួយវាយមួយទៅ។ បើអ្នកឯងមិនទាន់សុំសិទ្ធិធ្វើនយោបាយ អ្នកឯងគ្មានសិទ្ធិទៅប្រជុំជាមួយប្រជាពលរដ្ឋ»។
កាលពីកន្លងទៅ លោក សម រង្ស៊ី ប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ បានព្រមានថា អ្នកដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាជនក្បត់បក្ស ក្បត់ឆន្ទៈប្រជារាស្ត្រ ហើយការស្នើសុំសិទ្ធិនេះជាទង្វើថោកទាប។
ប៉ុន្តែលោក ហ៊ុន សែន បានវាយបកចំណុចនេះដោយលោកថ្លែងថា៖ «សូម្បីតែខ្លួនមិនទាន់កាន់អំណាចផង ហ៊ានដៀលគេថា អំពើក្បត់បក្ស។ ឲ្យតែហ៊ានសុំសិទ្ធិធ្វើនយោបាយក្បត់បក្ស។ អ៊ីចឹង វាផ្ដាច់ការ វាអស់បុណ្ណឹងហើយ។ អ៊ីចឹងសុំឲ្យប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ មើលអតីតបក្សប្រឆាំង និយាយរួមពួកឧទ្ទាមក្រៅច្បាប់វាធ្វើម៉េច? សិទ្ធិរបស់គេមិនឲ្យគេ ដល់នេះមកថា ឯងទិញ ១០ ម៉ឺន ២០ ម៉ឺន។ ហ៊ុន សែន គ្មានលុយទិញទេ។ ហ៊ុន សែន បើមានលុយបែបនេះធ្វើសាលាឲ្យពេញវាល»។
ចំពោះការរិះគន់រឿងសុំសិទ្ធិធ្វើនយោបាយនេះ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រខេត្តស្វាយរៀងរបស់គណបក្សសង្គ្រោះជាតិ ដែលទទួលបាននីតិសម្បទានយោបាយកាលពីពេលថ្មីៗនេះ បានថ្លែងឲ្យដឹងថា៖ «ស្រេចតែគេទៅ ខ្ញុំមិនឈឺក្បាលរឿងអត់ប្រយោជន៍ទេ បញ្ហាសំខាន់រឿងជាតិ»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានថ្លែងថា ការថ្លែងរបស់លោក ហ៊ុន សែន គឺដើម្បីវាយបកលើការរារាំងចំពោះការដាក់ពាក្យស្នើសុំនីតិសម្បទានយោបាយ ដែលនឹងកើតមានបន្តទៀត។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖ «បើថា គេទិញម៉េចក៏ខ្លួនឯងមិនចូល? បើខ្លួនឯងអត់ចូលផង ម៉េចតែដើរថាគេ? ពេលដែលគេដើរខុសពីខ្លួនឯង ថា គេក្បត់ជាតិ ក្បត់គណបក្សរបស់ខ្លួន។ សួរថា បើសិនមិនមានសិទ្ធិធ្វើនយោបាយ តើយើងធ្វើនយោបាយបានទេ? បើយើងធ្វើនយោបាយ គេចាប់ដាក់គុក ព្រោះវាផ្ទុយនឹងច្បាប់»៕


