ព្រះវិហារៈ ពលរដ្ឋ ៣៦ នាក់ក្នុងស្រុកគូលែនបានផ្តិតមេដៃដាក់លិខិតទៅសង្គមស៊ីវិលដើម្បីសុំអន្តរាគមន៍រឿងទំនាស់ដីធ្លី និងចោទសន្តិសុខក្រុមហ៊ុនចំនួនពីរថាបានគំរាមកំហែង និងបំផ្លាញទ្រព្យសម្បត្តិធ្វើស្រែចម្ការរបស់ពួកគាត់តែភាគីក្រុមហ៊ុនបានច្រានចោលការចោទប្រកាន់នេះ។
បន្ទាប់ពីផ្ទុះកំហឹង និងបង្កឲ្យមានការដុតបំផ្លាញប៉ុស្តិ៍យាម និងស្លាកក្រុមហ៊ុនចោលកាលពីសប្តាហ៍មុននោះមកប្រជាពលរដ្ឋចំនួន ៣៦ នាក់រស់នៅភូមិស្ពានក្មេងឃុំស្រយ៉ង ស្រុកគូលែនបាននាំគ្នាផ្តិតមេដៃដាក់លិខិតរួមគ្នាមួយទៅអង្គការសិទ្ធិមនុស្សអាដហុក និងពន្លកខ្មែរកាលពីម្សិលមិញ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងនៅក្នុងលិខិតនោះថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ សេរីមុន្នី និង ហ្គ្រីនរ៉ាប់ប៊ឺ កំពុងតែធ្វើសកម្មភាពប៉ះពាល់ដល់ដីស្រែចម្ការពួកគាត់។ ក្រៅពីនោះរបស់របររបស់ពួកគាត់ដែលទុកនៅក្នុងខ្ទមតាមស្រែចម្ការក៏ត្រូវសន្តិសុខក្រុមហ៊ុនដកហូតយកអស់ដែរ។
លិខិតបន្តថា៖ «ក្រុមហ៊ុនកំពុងតែឈូសឆាយលុបស្រែចម្ការហើយយកទ្រព្យសម្បត្តិតាមខ្ទមស្រែដូចជាប្រេងម៉ាស៊ូត សាំង ម៉ាស៊ីនកាត់ស្មៅ គ្រឿងបន្លាស់គោយន្ត ខ្សែគោ ប៊ីដុងទឹក និងចាប់យកមាន់ទាំងសម្បុក ថែមទាំងគំរាមដុតខ្ទម និងប្រមាថចាប់ដាក់គុកទៀតផង»។
ពលរដ្ឋម្នាក់ឈ្មោះ ហួត រ៉ាស៊ី បានឲ្យដឹងថាការធ្វើទុក្ខបុកម្នេញពីសំណាក់សន្តិសុខក្រុមហ៊ុនមកលើពួកគាត់ជាប្រជាពលរដ្ឋនោះគឺចាប់ផ្តើមតាំងពីមានវត្តមានក្រុមហ៊ុនចូលមកកាលពីអំឡុងឆ្នាំ ២០១២ មកម្ល៉េះ។
លោកបន្តថាពលរដ្ឋសំណូមពរឲ្យអង្គការទាំងពីរជួយអន្តរាគមន៍រកដំណោះស្រាយរឿងដីធ្លី និងរឿងសន្តិសុខដើរដកហូតរបស់របរផងដែរ។
លោកថា៖ «ពលរដ្ឋយើងមិនមានចំណេះដឹងទេ។ សន្តិសុខដើររកតាមខ្ទមស្រែបើឃើញគេយកអស់។ ជួនកាលគ្រវែងចោលក៏មាន។ កាំបិត ពូថៅក៏យកដែរព្រោះដីស្រែយើងគឺនៅក្នុងដីក្រុមហ៊ុនហ្នឹង។ អ៊ីចឹងពិបាកណាស់»។
ប្រជាពលរដ្ឋរាប់រយគ្រួសារកំពុងតែមានការព្រួយបារម្ភខ្លាចក្រុមហ៊ុនទាំងពីរនោះធ្វើការឈូសឆាយប៉ះពាល់ដល់ដីកសិកម្មរបស់ពួកគាត់។ កាលពីសប្តាហ៍មុនពលរដ្ឋជាង ២០០ នាក់បាននាំគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនហើយមានអ្នកភូមិខ្លះបានប្រើហិង្សាដុតប៉ុស្តិ៍យាមចំនួន ២ និងស្លាកផែនទី ២ ផ្ទាំងរបស់ក្រុមហ៊ុនហ្គ្រីនរ៉ាប់ប៊ឺ ចោលជាលើកទីពីរ។
លោក ហូត រ៉ាស៊ី ក៏បានឲ្យដឹងដែរថាក្រៅពីក្រុមហ៊ុន ហ្គ្រីនរ៉ាប់ប៊ឺ ដីពលរដ្ឋប្រមាណជា ២ ពាន់ហិកតាផ្សេងទៀតក៏កំពុងប្រឈមនឹងការឈូសឆាយដោយក្រុមហ៊ុនសេរីមុន្នីផងដែរ។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការអាដហុកខេត្តព្រះវិហារដែលបានចុះទៅជួបនឹងពលរដ្ឋបានឲ្យដឹងថាអ្នកភូមិបានចូលកាន់កាប់ដីធ្លីនោះយូរមកហើយគឺមុនពេលដែលក្រុមហ៊ុនចូលទៅទីនោះទៅទៀត។ នាពេលបច្ចុប្បន្នពួកគាត់ក៏កំពុងតែបង្កបង្កើនផលដោយដាំដំណាំផ្សេងៗជាក់ស្តែងលើដីនោះផងដែរ។
លោកថា អាដហុកនឹងអន្តរាគមន៍ករណីនេះទៅអាជ្ញាធរខេត្តដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
ទោះយ៉ាងណាលោក ប៉ុន សុធា តំណាងក្រុមហ៊ុន ហ្គ្រីនរ៉ាប់ប៊ឺ បានបដិសេធការចោទប្រកាន់របស់ពលរដ្ឋទាំងនោះដោយបញ្ជាក់ថាសន្តិសុខក្រុមហ៊ុន និងកម្លាំងឧទ្យានុរក្សបរិស្ថានចាប់តែម៉ាស៊ីនរបស់ពលរដ្ឋដែលចូលអារឈើខុសច្បាប់ប៉ុណ្ណោះ។
លោកថ្លែងថា៖ «រឿងចោទថាចាប់ដកហូតទ្រព្យសម្បត្តិហ្នឹងមិនពិតទេ។ មិនដឹងចាប់យកមកធ្វើអីផង។ ធម្មតាគាត់ស្អប់ក្រុមហ៊ុនហើយចេះតែចោទទៅ។ យើងចាប់តែម៉ាស៊ីនអារឈើខុសច្បាប់ទេ»។
លោកក៏បានឲ្យដឹងផងដែរថាបើទោះបីពលរដ្ឋប្រើហិង្សាដុតបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន និងរបស់របរសន្តិសុខក៏ដោយក៏រហូតមកដល់នឹងពេលនេះក្រុមហ៊ុនមិនទាន់ដាក់ពាក្យបណ្តឹងប្តឹងអ្នកដុតនៅឡើយនោះទេ។ ក្រៅពីនោះអាជ្ញាធរក៏គ្រោងនឹងចុះទៅជួបនឹងពលរដ្ឋដើម្បីធ្វើការសម្របសម្រួល និងពន្យល់ដល់ពួកគាត់បន្ថែមទៀតពាក់ព័ន្ធទៅនឹងការកាត់ដីដែលប៉ះពាល់ចេញពីក្រុមហ៊ុន៕


