ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យវិស្វករដែលទើបបញ្ចប់ការសិក្សា ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់សំណង់ដើម្បីធានាគុណភាពសំណង់ចៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយសារការបាក់អគារសំណង់ទៅថ្ងៃអនាគត។
ថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យា លោកនាយករដ្ឋមន្ត្រីបានថ្លែងថា អ្នកវិស្វករ ១០០ ភាគរយមានការងារធ្វើ ពីព្រោះឥឡូវមានការសាងសង់ច្រើនណាស់។
លោកថ្លែងថា៖ «ប៉ុន្តែសង់យ៉ាងម៉េចក៏ដោយ អាណិតធានារឿងសំណង់កុំលេងការឡុកការឆាមិនបានទេអាហ្នឹងគ្រោះថ្នាក់ណាស់ បើមិនគ្រោះថ្នាក់ថ្ងៃហ្នឹង ២០ ឆ្នាំទៀតគ្រោះថ្នាក់ បាក់ផ្ទះបាក់អីគេ ប្រយ័ត្នមែនទែនរឿងបញ្ហាហ្នឹង»។
លោក ម៉េង ចំរើន ប្រធានគ្រប់គ្រងគម្រោង S1 នៃ Olympia City ដែលមានទីតាំងនៅភាគខាងជើងនៃពហុកីឡដ្ឋានជាតិបានប្រាប់ថា ទាក់ទងការត្រួតពិនិត្យលើគុណភាពសំណង់កិច្ចសំខាន់គឺយើងត្រូវសិក្សា និងត្រួតពិនិត្យលម្អិតលើប្លង់រួចរាល់ហើយយើងធ្វើតាមបទដ្ឋានដែលយើងទទួលបាន ហើយយើងត្រូវត្រួតពិនិ្យលើគុណភាពប៉េតុង ស៊ីម៉ងតិ៍ និងដែករួចហើយ បន្ទាប់មកទើបអនុញ្ញាតឲ្យគេចាប់ផ្តើមការសាងសង់។
លោកបានថ្លែងថា៖ «ទាក់ទងនិងត្រួតពិនិត្យលើអាយុកាលនៃសំណង់ ខ្ញុំមិនមានជំនាញក្នុងការពិនិត្យលើអាយុកាលនៃសំណង់ទេ កិច្ចការងារនេះមានក្រុមអ្នកជំនាញផេ្សងទៀតជាអ្នកត្រួតពិនិត្យ»។
សូមរំឭកផងដែរថា កាលពី ខែតុលា ឆ្នាំ២០១៤ យ៉ាងហោចណាស់ក៏មានកម្មការិនីបម្រើការនៅក្នុងរោងចក្រ Nishiku Enterprise Co., Ltd ៤ នាក់បានរងរបួសស្រាលនិង ២ នាក់សន្លប់ដោយសារតែស្រុតបាក់អគារទៅក្នុងអាងទឹក ព្រោះតែសំណង់អគារមិនមានស្តង់ដារ កាលពីថ្ងៃម្សិលមិញស្ថិតនៅក្នុង ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។ នៅ ខែឧសភា ឆ្នាំ២០១៣ កន្លងមករោងចក្រមួយឈ្មោះ វីងស្តារស៊ូ ស្ថិតនៅក្នុង ខេត្តកំពង់ស្ពឺ បានបាក់រលំបណ្តាលឲ្យកម្មករម្នាក់ស្លាប់ និងកម្មករមួយចំនួនទៀតបានរងរបួស៕


