ឧត្ដរមានជ័យៈ ពលរដ្ឋ ៤៥ គ្រួសារក្នុងភូមិអូរគគីរ និងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីម្សិលមិញបានអំពាវនាវសុំឲ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជួយអន្តរាគមន៍ដកហូតយកដីទំហំប្រមាណ ២៤០០ ម៉ែត្រការ៉េពីមន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់ត្រឡប់មកដាក់ជាសម្បត្តិរួមដើម្បីបម្រើប្រយោជន៍សាធារណៈវិញ។
លោក ហ៊ន ភឿន អនុប្រធានភូមិអូរគគីរកណ្ដាលបានប្រាប់កាលពីម្សិលមិញថា ដីខាងលើនេះពីដើមឡើយជាដីរួមរបស់ពលរដ្ឋក្នុងភូមិរបស់គាត់ដែលបានរក្សាទុកប្រើប្រាស់សម្រាប់រៀបចំពិធីបុណ្យ ពិធីមង្គលការ និងពិធីផ្សេងៗទៀតហើយក៏គ្រោងរៀបចំធ្វើសួនច្បារ និងរង្វង់មូលសម្រាប់បម្រើឲ្យសាធារណជនទូទៅដែរ។
ប៉ុន្តែស្រាប់តែកាលពីឆ្នាំមុនមានឧត្តមសេនីយ៍យោធាដ៏មានឥទ្ធិពលម្នាក់ឈ្មោះ នាងឃីម បានមកធ្វើរបងព័ទ្ធយកដីនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយស្ងាត់ៗតែម្ដង។
លោកបានបញ្ជាក់ថា៖ «អ្នកភូមិយើងខ្ញុំបាននាំគ្នាតវ៉ាពីរឿងនេះជាច្រើនដងមកហើយ ប៉ុន្តែគ្មានអាជ្ញាធរណាដោះស្រាយ ឬដកហូតយកដីនោះត្រឡប់មកវិញឡើយ»។
លោកបានឲ្យដឹងដែរថា នៅពេលនេះអ្នកភូមិបាននាំគ្នាផ្ដិតមេដៃធ្វើញតិ្តស្នើសុំកិច្ចអន្តរាគមន៍ពីលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីសុំឱ្យលោកដកហូតយកដីខាងលើនេះមកដាក់ជាសម្បត្តិរួមវិញ។
អ្នកភូមិម្នាក់ដែលបានចូលរួមផ្ដិតមេដៃគាំទ្រញត្តិគឺអ្នកស្រី ស៊ឹម មុន្នី បានថ្លែងថា ពួកគាត់បាននាំគ្នាតវ៉ាបន្ទាប់ពីបានឃើញមន្ត្រីជាន់ខ្ពស់យោធារូបនោះនាំមនុស្សជាង ១០ នាក់មកបោះបង្គោលរៀបចំធ្វើរបងហ៊ុមព័ទ្ធយកដីនោះតាំងពីពេលដំបូងមកម្ល៉េះ តែអាជ្ញាធរឃុំ-ស្រុក ធ្វើព្រងើយដោយយកលេសថា «ជាប់រវល់នេះរវល់នោះ»។
អ្នកស្រីបានបញ្ជាក់ថា៖ «ពួកយើងក៏ធ្លាប់បានទៅតវ៉ានៅថ្នាក់ខេត្តដែរ ប៉ុន្តែនៅតែគ្មានលទ្ធផល ដូច្នេះមានតែនាំគ្នាទៅភ្នំពេញដើម្បីស្នើសុំលោករដ្ឋមន្ត្រី ក្រសួងដែនដី ជួយអន្តរាគមន៍ដកហូតយកដីនោះមកវិញ»។
កាលពីម្សិលមិញលោក ជួន រះ មេឃុំលំទងបានទទួលស្គាល់ថា ដីនោះកន្លងមកពិតជាដីរួមដែលរក្សាទុកអភិវឌ្ឍជាសួនច្បារ ឬជាផ្លូវរង្វង់មូល ឬជាប៉ុស្តិ៍នគរបាលសម្រាប់បម្រើឲ្យផលប្រយោជន៍ជាសាធារណៈប្រាកដមែន ប៉ុន្តែក្រោយមកមិនដឹងថាថ្នាក់លើ (ស្រុក និងខេត្ត) បានសម្រេចបែបណាទេ ទើបបានឃើញវត្តមានឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះ នាង ឃីម មកធ្វើរបងហ៊ុមព័ទ្ធយកដីយ៉ាងនេះទៅវិញ។
លោកថា៖ «ខ្ញុំគាំទ្រការទាមទាររបស់ពលរដ្ឋដែលសុំឲ្យដកហូតយកដីនោះមកដាក់ជាសម្បត្តិរួមសម្រាប់ទុករៀបចំជាប៉ុស្តិ៍នគរបាល ឬជាសួនច្បារ។ ប៉ុន្តែខ្ញុំជាអាជ្ញាធរឃុំមិនមានសមត្ថភាពដោះស្រាយរឿងដីធ្លីមួយនេះទេ»។
ជុំវិញករណីនេះលោក នាង ឃីម មន្ត្រីយោធានៃកងពលលេខ ៤១ និងលោក គឹម គាវិន ប្រធានមន្ទីរដែនដី ខេត្តឧត្តរមានជ័យមិនអាចទាក់ទងដើម្បីស្នើសុំធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕


