កំពង់ចាមៈ សមត្ថកិច្ចនឹងបញ្ជូនខ្លួន យុវជនពីរនាក់ ដែលបានឃាត់ខ្លួនពីបទជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ទៅតុលាការនៅព្រឹកថ្ងៃពុធនេះ ដើម្បីចោទប្រកាន់ទៅតាមច្បាប់។
លោក សោម រស់ ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនបានឲ្យដឹង កាលពីថ្ងៃម្សិលមិញថា ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ឈ្មោះ ស្រ៊ា ហ៊ុយហេង អាយុ២៥ឆ្នាំ និងខុម ធារ៉ាត់ អាយុ ២៥ឆ្នាំ ដែលទាំង២នាក់រស់នៅភូមិសំរោង ឃុំដារ ស្រុកមេមត់ ខេត្ដកំពង់ចាម ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពេលកំពុងបើកបររថយន្តដែលមានលាក់ទុកថ្នាំញៀនចំនួន៣១,៣ក្រាម កាលពីវេលាម៉ោង២ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត កំពង់ចាម។
លោកបញ្ជាក់ថា៖«យើងចោទជនសង្ស័យទាំងពីរនាក់ ពីបទជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ហើយនឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃពុធនេះ»។
លោកបន្តថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនធ្លាប់ជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយបានបែកគំនិតធ្វើការលក់ដូរ ដោយការចែកចាយនៅក្នុងស្រុកមេមត់នេះអស់រយៈពេលប្រហែល ៣ទៅ ៤ខែកន្លងមកហើយ ដោយនាំថ្នាំញៀនមកពីក្រុងភ្នំពេញ។
លោកនិយាយថា ពួកគេជាមុខសញ្ញាចាស់ក្នុងការប្រើប្រាស់គ្រឿងញៀន តែជាមុខសញ្ញាថ្មីនៃក្រុមជួញដូរថ្នាំញៀន។
លោក បានឲ្យដឹងទៀតថា៖ «យើងបានកំណត់មុខសញ្ញាតាមដានប្រហែល ២ ទៅ ៣ខែមកហើយទើបអាចចាប់ខ្លួនពួកគេបាននៅពេលនេះ»។
លោក សោម រស់ បានឲ្យដឹងថា ការបង្រ្កាបការជួញដូរគ្រឿងញៀននៅក្នុងឆ្នាំ នេះ គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ២០១២ នៅទូទាំងខេត្តកំពង់ចាម មានចំនួន ៨៩ករណី ដែលជាករណីជួញដូរ និងចែកចាយ ហើយចាប់មនុស្សបញ្ជូនទៅកាន់តុលាការបាន១៧០នាក់ តែលោកមិនបានចំាចំនួនប្រភេទថ្នាំញៀនដែលចាប់បានទេ ពីព្រោះមិនមានរបាយការណ៍នៅក្នុងដៃទេ កាលពីថ្ងៃម្សិលមិញ។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀនកម្ពុជាបានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១២ នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥៥៣ករណី និងបានចាប់ខ្លួនជនសង្ស័យចំនួន ១.២៦៤នាក់។
គ្រឿងញៀនដែលត្រូវ បានរឹបអូសបាននោះ មានដូចជា មេតំហ្វេតាមីន WY ចំនួន ៥.៣៤៧គ្រាប់ មេតំហ្វេតាមីនក្រាម ម្សៅទឹកកកចំនួនជាង ១៩គីឡូក្រាម អ៊ិចស្តាស៊ីចំនួន ១.៣១៥គ្រាប់ កូកាអ៊ីនចំនួនជាង៤០គីឡូក្រាម ប្រេងម្រះព្រៅភ្នំចំនួន ៨តោន និងសារធាតុគីមីផ្សំគ្រឿងញៀនចំនួនជាង៥៣តោន៕

