
រតនគិរីៈ ពលរដ្ឋជនជាតិដើមភាគតិច ឡាវ ចំនួន ១២៤ គ្រួសារក្នុងស្រុក លំផាត់ បាន ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមាគមសិទ្ធិមនុស្ស អាដហុក និងតំណាងរាស្រ្តកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរចុះបោះបង្គោលយកដីកប់សពដូនតានិងឃុបឃិតគ្នាកាប់ឈើក្នុងដែនជម្រកសត្វព្រៃ លំផាត់ លក់ឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្ស អាដហុក ខេត្ត រតនគិរី បានឲ្យដឹង ថា ពលរដ្ឋពីរនាក់តំណាងឲ្យ ១២៤ គ្រួសារជាជនភាគតិច ឡាវ នៅភូមិ ស្រែឈូក ឃុំ ជ័យឧត្តម ស្រុក លំផាត់ បានដាក់ពាក្យបណ្តឹងមក អាដហុក ឲ្យជួយអន្តរាគមន៍រកដំណោះស្រាយដីធ្លីជាមួយនឹងក្រុមហ៊ុននិងឲ្យក្រុមហ៊ុន ដូនពេញ (អា ហ្គ្រីកូ ខូអិលធីឌី) បញ្ឈប់សកម្មភាពកាប់និងលក់ឈើខុសច្បាប់ទៅឲ្យក្រុមហ៊ុន ហ័ងអាញ លំផាត់ តាំងពីឆ្នាំ ២០១២ មក។
លោក ឆាយ ធី បញ្ជាក់ថា៖ «គាត់សុំប្តឹងឲ្យជួយអន្តរាគមន៍ករណីមន្ត្រីដែនជម្រកសត្វព្រៃ លំផាត់ និងលោក គង់ ស្រ៊ុន អភិបាលស្រុក លំផាត់ ឃុបឃិតលក់ដីព្រៃនិងឈើប្រណីតទៅឲ្យក្រុមហ៊ុន ដូនពេញ និងក្រុមហ៊ុន ហ័ងអាញ លំផាត់» ។ លោកបន្តថាក្រុមហ៊ុន ដូនពេញ មានទីតាំងនៅភូមិ ស្រែឈូក បាននិងកំពុងសកម្មប្រើម៉ាស៊ីនរ៉ៃចំនួន ៨ គ្រឿងកាប់ អារឈើ នាងនួន ធ្នង់ យកទៅស្តុកក្នុងឃ្លាំងធំៗចំនួន ២។
លោកបន្តឲ្យដឹងដែរថា កាលពីសប្តាហ៍មុនក្រុមហ៊ុន ដូនពេញ រួមនឹងអាជ្ញាធរបាន ចុះទៅបោះបង្គោលបាញ់ថ្នាំយកដីស្រែចម្ការដីកប់ខ្មោច ចេតិយនិងដីទួល។
លោក កែវ សូឡឹង អាយុ ៥៦ឆ្នាំ ជាតំណាងម្នាក់ដែលដាក់ពាក្យបណ្តឹងនេះអះអាងថា ដីទាំងនោះជាដីដូនតាអ្នកភូមិជាង ១០០ ឆ្នាំមកហើយ ប៉ុន្តែមិនដឹងយ៉ាងម៉េចបានជាត្រូវគេបោះបង្គោលដកយកដោយគ្មានជូនដំណឹង។
ប៉ុន្តែ លោក គង់ ស្រ៊ុន អភិបាលស្រុក លំផាត់ បានបដិសេធការចោទប្រកាន់នោះ ដោយលើកឡើងថា លោកជាអភិបាលស្រុកគ្មានសិទ្ធិលក់ដីរដ្ឋនិងស៊ីញ៉េឲ្យគេដាក់ម៉ាស៊ីនរ៉ៃអារឈើទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់បានដឹងថាមានម៉ាស៊ីនរ៉ៃទេ។ ទើបតែដឹងដល់ចុះទៅមើល គេមានអាជ្ញាប័ណ្ណពីក្រសួង បរិស្ថាន គេអារឈើក្នុងដីក្រុមហ៊ុនមិនមែនក្នុងដីដែនជម្រកទេ»។ លោកថា ចំពោះការបោះបង្គោលដីនោះវិញ គឺអាជ្ញាធរនឹងកាត់ដីដែលប៉ះពាល់ចេញវិញទេ។
តំណាងពលរដ្ឋ ក៏ដាក់បណ្តឹងនេះទៅលោក ប៊ូ ឡាំ តំណាងរាស្រ្តខេត្ត រតនគិរី ពីគណបក្សប្រជាជនកម្ពុជាដើម្បីសុំអន្តរាគមន៍ដែរកាលពីម្សិលមិញ។ ប៉ុន្តែ លោកថា នៅមិនទាន់បានទទួលទេ ព្រោះតែជាប់មកប្រជុំនៅភ្នំពេញ។
ករណីនេះ អាដហុក គ្រោងនឹងស៊ើបអង្កេតនៅថ្ងៃពុធនេះ ហើយបើពិតដូចការចោទ គេនឹងបញ្ជូនសំណុំរឿងទៅតុលាការ៕


