ផឹកកាហ្វេជជែកគ្នាលេងជាមួយមិត្តយល់ចិត្តម្នាក់ អំពីការវិវត្ត របស់សង្គមជាតិនាពេលបច្ចុប្បន្នដែលប្រកាន់គោលជំហរ សក់អ្នកណាក្បាលអ្នកហ្នឹង មិត្តខ្ញុំ ក៏បានពោលពាក្យមួយឃ្លាថា «ពិភពលោកនេះទទួលរងការឈឺចាប់ច្រើន មិនមែនព្រោះតែអំពើហិង្សានៃមនុស្សអាក្រក់ទេ គឺព្រោះតែការនៅស្ងៀមនៃមនុស្សល្អ»។ ឃ្លានេះបានដាស់តឿនក្រើនរំឭកខ្ញុំឲ្យភ្ញាក់ពីដំណេក ដែលខ្ញុំលង់លក់យ៉ាងយូររាប់សិបឆ្នាំហើយប្រហែលជាមនុស្សជាច្រើន ក៏លង់លក់ដូចខ្ញុំដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃមនុស្សល្អសម្ងំយកសុខរៀងៗខ្លួនដោយហេតុថា គេខ្លាចអំពើអាក្រក់មកយាយីដល់គេនិងក្រុមគ្រួសារ។ «កូនអើយកុំចេះដឹងរឿងគេនាំតែយកទុក្ខដាក់ខ្លួនទេ កូនអើយកុំចេះដឹងរឿងប្រទេសជាតិរឿងនយោបាយរឿងសង្គមជាតិ មានគេធ្វើហើយរកតែសុខដាក់ខ្លួនបានហើយ» ទាំងនេះគឺជាពាក្យប្រដៅរបស់ម្តាយឪពុកជាច្រើនរួមទាំងគ្រួសាររបស់ខ្ញុំផងដែរ។ តើអ្នកសម្ងំសុខទទួលបានសុខទេ? យើងតែងយល់ច្រឡំថា ការសម្ងំសុខតែឯងនឹងទទួលបានសេចក្តីសុខ តែធម្មជាតិមិនបានតាក់តែងមកយ៉ាងនេះនោះទេ មនុស្សមានរូបគឺមានទុក្ខ សេចក្តីសុខនិងទុក្ខគឺជាគូនឹងគ្នា។
ថ្ងៃមួយខ្ញុំបានមើលវីដេអូឃ្លីប ក្នុង Facebook ពីស្រី្តម្នាក់ដែលប្តីរបស់គាត់វាយធ្វើបាបយ៉ាងវក់វី រហូតដល់យកកាំបិតមកអារកចេញឈាមរហាមតែមិនស្លាប់ ស្រ្តីនោះវារយ៉ាងត្រដាបត្រដួសគេចចេញពីអំពើហិង្សារកគេឯងជួយ តែមនុស្សល្អជាច្រើនបែរជាឈរមើលទៅវិញ។ វាគួរឲ្យសង្វេគជាពន់ពេក នៅពេលដែលមនុស្សអាក្រក់តែម្នាក់គត់ អាចធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះមុខមនុស្សល្អទាំងហ្វូង ដែលសុខចិត្តឈរមើលទាំងឈឺចាប់។ វីដេអូឃ្លីបមួយទៀត និយាយអំពីសត្វក្របីព្រៃមួយហ្វូង តតាំងជាមួយសត្វតោកំណាចមួយក្បាលដើម្បីជួយសង្គ្រោះជីវិតគ្នាវា។
មនុស្សជាច្រើនចូលរួមយោបល់ថា «សូម្បីតែសត្វក៏វាចេះជួយគ្នាវាដែរសូម្បីក្របីព្រៃក៏វាមានឧត្តមគតិដែរ» ខ្ញុំសួរខ្លួនឯងថា ចុះអ្នកនិងខ្ញុំបានធ្វើអ្វីខ្លះដើម្បីជួយជនរួមជាតិមួយនេះ? តើខ្ញុំអន់ជាងសត្វទៅទៀតមែនទេ? ខ្ញុំបន្ទោសខ្លួនឯង តែខ្ញុំនៅតែគ្មានសកម្មភាពអ្វីសោះដដែលជាដដែល។
ខ្មែរមានប្រជាជន ១៤ លានឬប្រហាក់ប្រហែល ១៥ លាននាក់។ តើខ្មែរមិនមានមនុស្សល្អសោះមែនទេ? តើពូជខ្មែរសុទ្ធតែអាក្រក់ អាត្មានិយមមែនទេ? មិនអាចទេ! យ៉ាងហោចណាស់យើងមានមនុស្ស ១០ លាននាក់ដែរជាមនុស្សល្អ ប៉ុន្តែប្រហាក់ប្រហែលជិត ១០ លាននាក់សុខចិត្តនៅស្ងៀមមិននិយាយស្តី ទុកឲ្យមនុស្សអាក្រក់ប៉ុន្មាននាក់ធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយនាំគ្នាឈរមើលទាំងភ័យខ្លាច។ ថ្ងៃនេះគ្រោះគេ តែយើងបែរជាឈរមើលទាំងការ ឈឺចាប់ ចុះបើថ្ងៃស្អែក បែរជាគ្រោះយើងវិញតើមានអ្នកណាជួយយើង? ឬមនុស្សជុំវិញយើងបានត្រឹមឈរមើលទាំងឈឺចាប់ដែរ? ដូចករណីស្រ្តីបឹងកក់ដែលគេរំលោភយកដីធ្លី ករណីភូមិប្រម៉ា ដែលគេចាប់ចងធ្វើបាបរហូតដល់សម្លាប់ក្មេងម្នាក់អាយុ ១៤ឆ្នាំ ដែលមិនដឹងអីសោះ ករណីអ្នក ភូមិឡពាង ករណី ស្រុកស្នួល ករណីនៅ រតនគិរី ករណីស្ពានថ្ម ក្រុងប៉ោយប៉ែត ដែលគេចងមនុស្សដូចសត្វធាតុ ករណីបុរីកីឡានិងករណីជាច្រើនទៀតដែលរៀបរាប់មិនអស់ជាដើម។ តែយើងរាល់គ្នាបានត្រឹមតែឈរមើលហើយស្រែកថា អយុត្តិធម៌ណាស់អ្នកមានអំណាច អ្នកមានលុយធ្វើបាបរំលោភជិះជាន់អ្នកក្រីក្រកាប់សម្លាប់ ចាប់ចងធ្វើបាបដូចសត្វធាតុតាមតែអំពើចិត្តក៏ប៉ុន្តែយើងតែងតែនៅស្ងៀមទុកឲ្យមនុស្សអាក្រក់ធ្វើអ្វីៗតាមចិត្តគេ។

ក្នុងករណីបឹងកក់ តើឈ្មួញបឹងកក់ និងអ្នកមានអំណាចមានប៉ុន្មាននាក់? ជនមួយក្តាប់តូចនេះនឹងមិនអាចធ្វើអ្វីបានទេ បើសិនជាមនុស្សល្អទាំងនគរក្រោកឡើង។ តែយើងបែរជាជ្រើសរើសយកសុខតែឯង យើងសម្ងំស្ងៀមទាំងឈឺចាប់ ទុកឲ្យអ្នកជិតខាងរបស់យើងរងទុក្ខវេទនារកទីបំផុតគ្មាន។ ថ្ងៃនេះគេយកដីអ្នកជិតខាងយើង មិនប្រាកដថា ថ្ងៃស្អែក គេគ្មានមហិច្ឆតាយកដីយើងនោះទេ ថ្ងៃនេះមនុស្សអាក្រក់ធ្វើអ្វីបានតាមតែអំពើចិត្តមិនប្រាកដថា ថ្ងៃស្អែកគេឈប់ធ្វើនោះទេ។ សារជាតិមនុស្សអាក្រក់មិនដែលចង់ធ្វើអំពីល្អនោះទេ។ សារជាតិសត្វតោមិនដែលឈប់ស៊ីសាច់នោះទេ ហើយបើវាអស់សត្វត្រូវស៊ីនៅជិតវាហើយ វានឹងស្វែងរកសត្វដែលនៅកន្លែងផ្សេងៗទៀតដែលវាអាចស៊ីបានជាមិនខាន។
ករណី អាឡិច ជាករណីមួយទៀតដែលមនុស្សល្អមិនបានធ្វើអ្វីទាល់តែសោះ។ យើងទាំងអស់គ្នាស្ទាក់ស្ទើរនឹងធ្វើអំពើល្អដើម្បីខ្មែរទាំងមូល ហើយក៏ប្រហែលដើម្បីមនុស្សជាតិទាំងមូលផងដែរ។ «មនុស្សល្អឬអាក្រក់ មិនមែនស្ថិតនៅលើជាតិសាសន៍នោះទេ តែវាស្ថិតនៅលើអំពើដែលមនុស្សនោះបានប្រព្រឹត្តតែមួយមុខគត់» នេះជាឃ្លាមួយទៀតដែលមិត្តល្អរបស់ខ្ញុំបានប្រដៅខ្ញុំ។ ប្រទេសដ៏តូចមួយនេះ ពិតជាត្រូវការមនុស្សល្អថែមទៀតដើម្បីកសាងជាតិរបស់យើងប្រទេសមួយនេះត្រូវតែស្វាគមន៍មនុស្សគ្រប់គ្នាដែលជួយឲ្យដែនដីដ៏តូចមួយនេះរីកចម្រើនរុងរឿង ទោះអ្នកនោះជា ចិន ចាម យួន ឬអេស្ប៉ាញ ក៏ដោយឲ្យតែអ្នកនោះ មិនបានបំផ្លាញជាតិសាសន៍មួយនោះ គឺជាមិត្តទាំងអស់។
បណ្ឌិតសាស្រ្តាចារ្យ សូរិយ៉ា ស៊ូប៊ែរឌី (Surya P.Subedi) អ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា ម្តងនោះបានលើកឡើងថា «អ្វីដែលខ្ញុំធ្វើនៅថ្ងៃនេះ អ្នកនឹងដឹងយ៉ាងពិតប្រាកដនៅ ២០ ឆ្នាំក្រោយ»។
ចំណែកករណីព្រៃឈើរបស់យើងមិនអាចឈរឱបដៃចាំមើលនៅ ២០ឆ្នាំ ក្រោយនោះទេ ព្រោះថា ២០ ឆ្នាំក្រោយកូនរបស់យើង ចៅរបស់យើងនឹងដៀលយើងជាមិនខាន ២០ឆ្នាំ ក្រោយនឹងមានតែការសោកស្តាយតែមួយមុខគត់ ២០ ឆ្នាំក្រោយយើង អាចបានត្រឹមតែស្រែកថា សោកស្តាយនិងរងនូវភាពអាម៉ាស់ចំពោះមុខប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។ ពេលនោះយើងប្រហែលបាន ត្រឹមតែមានអំនួតក្តែងៗថា ពីមុនខ្មែរជាប្រទេសមួយ សម្បូរធនធានធម្មជាតិយ៉ាងអស្ចារ្យ ពីមុនខ្មែរជាអាណាចក្រដ៏រុងរឿងមួយតែប៉ុណ្ណោះ តែខ្មែរបច្ចុប្បន្នមិនបានធ្វើអ្វីសោះដើម្បីជាអំនួតកូនចៅជំនាន់ក្រោយ។
យើងប្រហែលបានត្រឹមស្រមៃទៅរកអតីតកាល ដែលដូចអ្វីដែលយើងតែងតែមានអំនួតអំពីសម័យអង្គរប្រាប់ទេសចរដូចរាល់ថ្ងៃនេះជាមិនខានដែលធាតុពិតខ្មែរលែងជាអច្ឆរិយប្រទេសទៀតហើយ។ យើងត្រូវចាំថា ទឹកមួយប៉ោតមិនអាចពន្លត់ភ្លើងព្រៃបានទេតែបើយើងគ្រប់គ្នារួមគ្នា យកតែទឹកមួយផ្តិលម្នាក់វាល្មមគ្រប់គ្រាន់នឹងពន្លត់ភ្លើងដែលកំពុងតែឆេះ ក្នុងប្រទេសយើងទាំងមូលបានជាប្រាកដ៕
ពីខ្ញុំកូនខ្មែរ សូរ សុវណ្ណ អ៊ីមែលៈsosovann1@gmail.com


