
បន្ទាយមានជ័យៈ ក្មេងៗបួននាក់ជាបងប្អូនបង្កើតនឹងគ្នា ត្រូវម្តាយនាំពីខេត្ត កំពង់ធំ មកបំបរបង់នៅក្នុងក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ហើយបានគេចទៅប្រទេស ថៃ បាត់ ដោយសារតែភាពក្រីក្រគ្មានលទ្ធភាពចិញ្ចឹមកាលពីថ្ងៃ ទី១២ ខែ តុលា កន្លងទៅ។
បច្ចុប្បន្ននេះ ក្មេងៗទាំង ៤នាក់ នេះ បានក្លាយក្មេងកំព្រាអនាថា ហើយត្រូវបានស្ត្រីចំណាស់ម្នាក់ដែលមានរបរស៊ីឈ្នួលបោកគក់ខោអាវឱ្យគេ នាំយកទៅចិញ្ចឹមឲ្យរស់ទាំងត្រដាបត្រដួស ក្នុងបន្ទុកជាស្រីមេម៉ាយ។
លោក សេង គឹមហុង មន្រ្តីនគរបាលក្រុង ប៉ោយប៉ែត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្មេងៗទាំង ៤ នាក់នេះ មានឈ្មោះ មុំ ស្រីនាថ ភេទស្រី អាយុ ១០ ឆ្នាំ (បងគេ) ទី២-មុំ ម៉ាប់ ភេទប្រុស អាយុ ៩ ឆ្នាំ ទី៣-មុំ ធា ភេទប្រុស អាយុ ៦ ឆ្នាំ និងទី ៤-ឈ្មោះ មុំ ថន ភេទប្រុស អាយុ ៥ ឆ្នាំ។
លោកបន្តឲ្យដឹងថា ក្មេងកំព្រាអនាថាទាំងនេះ មានស្រុកកំណើត នៅស្រុក សន្ទុក ខេត្ត កំពង់ធំ។ មានឪពុកឈ្មោះ ធី ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្មីៗនេះ ចំណែកម្តាយឈ្មោះ ហ៊ីម អាយុប្រមាណជាជាង ៤០ ឆ្នាំ។ លោកថា «ពួកគេត្រូវម្តាយជាស្ក្រីមេម៉ាយនាំយកពីស្រុកកំណើត មកកាន់ក្រុង ប៉ោយប៉ែត នេះ កាលពីដើមខែ តុលា ២០១៣ នេះ ក៏ប៉ុន្តែ ដោយសារ តែភាពទីទាល់ក្រនិងជីវភាពខ្វះខាតខ្លាំងពេក ម្តាយ ក៏បានទុកពួកគេចោល ហើយគេចចូលទៅស្រុក ថៃ បាត់ដំណឹងសូន្យឈឹង មកទល់ពេលនេះ»។
លោក គឹមហុង បញ្ជាក់ថា បច្ចុប្បន្ននេះ ក្មេងទាំង ៤ នាក់នេះ ត្រូវបានស្ត្រីចំណាស់ឈ្មោះ លី ហៀង អាយុ ៦៥ ឆ្នាំ មុខរបរជាអ្នកដើរស៊ីឈ្នួលបោកគក់សម្លៀកបំពាក់ឱ្យគេ នៅប៉ោយប៉ែត មានលំនៅក្នុងភូមិ ប្រជាធម្ម លិច សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត រើសយកទៅចិញ្ចឹមបីបាច់ថែរក្សាជាមួយនឹងក្មេងកំព្រាប្រមាណជាង ១០ នាក់ទៀត។ ប៉ុន្តែ ឥឡូវនេះគាត់កំពុងតែជួបការលំបាកយ៉ាងខ្លាំង ដោយការខ្វះខាតថវិកា ចំណីអាហារ និងអង្ករ ក្នុងការផ្គត់ផ្គង់ និងទំនុកបម្រុងក្មេងទាំងនេះ។
អ្នកស្រី លី ហៀង ដែលមានចិត្តសប្បុរសរើសក្មេងៗកំព្រាចិញ្ចឹមពីម្សិលមិញមិនអាច ទាក់ទងសួរបញ្ជាក់បានទេ។ ឯមន្ត្រីមន្ទីរសង្គមកិច្ចខេត្ត បន្ទាយមានជ័យ ក៏មិនអាចទាក់ទងសួរនាំបានដែរ៕


