
ភ្នំពេញៈ ក្នុងជំនួបដ៏កម្រមួយកាលពីម្សិលមិញ ក្រុមការងារគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានព្រមព្រៀងគ្នា លើចំណុចសំខាន់ៗមួយចំនួន ក្នុងការឈានទៅបង្កើតគណៈកម្មាធិការចម្រុះមួយ ដែលមានសមាសភាពស្មើគ្នាដើម្បីធ្វើកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។
បន្ទាប់ពីជំនួបបិទទ្វារអស់រយៈពេល ២ម៉ោង កន្លះនៅវិមាន ព្រឹទ្ធសភា កាលពីម្សិលមិញ ក្រុមការងារគណបក្សប្រជាជនដឹកនាំដោយលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ តំណាងរាស្រ្តជាប់ឆ្នោត បានចេញសេចក្តីប្រកាសរួមដែលព្រមព្រៀងលើបីចំណុចក្នុងនោះ មានការបង្កើតគណៈកម្មាធិការចម្រុះ ដែលមានសមាសភាពស្មើគ្នាពីគណបក្សទាំងពីរ ដើម្បីសិក្សានិងរៀបចំក្របខ័ណ្ឌ/យន្តការ អនុវត្តកំណែទម្រង់ការបោះឆ្នោត។
យោងតាមសេចក្តីប្រកាសរួម ដែលចេញផ្សាយដោយគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីកិច្ចជំនួបដែលចុះហត្ថលេខាដោយលោក ព្រុំ សុខា និងលោក សុន ឆ័យ ហើយត្រូវបានចែកជូនអ្នកយកព័ត៌មាននៅព្រឹទ្ធសភាកាលពីម្សិលមិញ បានឲ្យដឹងទៀតថា គណៈកម្មាធិការត្រូវរៀបចំវេទិកាថ្នាក់ជាតិ ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងនោះមានអង្គការសង្គមស៊ីវិល ព្រមទាំងត្រូវទទួលយកនូវអនុសាសន៍ពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។
ចំណុច ទី៣ ក្នុងសេចក្តីប្រកាសរួមនេះ គឺក្នុងដំណើរការធ្វើកំណែទម្រង់បោះឆ្នោត គណៈកម្មាធិការនេះត្រូវមានការគាំទ្រតាមរយៈបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ។ ក្នុងសេចក្តីប្រកាស គណបក្សទាំងពីរ មិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់សម្រាប់កិច្ចជំនួបថ្មីរវាង គណបក្សទាំងពីរទេ គ្រាន់តែបញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរនឹងរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះជូនថ្នាក់ដឹកនាំគណបក្ស ហើយពួកគេបានព្រមព្រៀងបន្តជួបប្រជុំរហូតដល់មានកិច្ចប្រជុំថ្នាក់កំពូលរវាងគណបក្សទាំងពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ទាំងលោក សុន ឆ័យ និងលោក ព្រុំ សុខា មិនបានបញ្ជាក់ថា តើ ការបោះឆ្នោតថ្មី ឬការបោះឆ្នោតមុនអាណតិ្តនឹងត្រូវរៀបចំឡើង ឬក៏យ៉ាងណានោះទេ បន្ទាប់ពីគណៈកម្មាធិការចម្រុះបានបង្កើតឡើងនោះ។ លោក ព្រុំ សុខា គ្រាន់តែនិយាយថា កិច្ចប្រជុំមិនបានលើកឡើងអំពីការបោះឆ្នោតមុនអាណតិ្តទេ ហើយលោក សុន ឆ័យ មិនបានបញ្ជាក់ថា តើគណបក្សសង្គ្រោះជាតិព្រមចូលរួមប្រជុំក្នុងរដ្ឋសភាឬយ៉ាងណាទេ។
លោក សុន ឆ័យ គ្រាន់តែ បញ្ជាក់ថា វាជាសេចក្តីសម្រេចរបស់មេដឹកនាំកំពូល។ អ្នកទាំងពីរបានសង្កត់ធ្ងន់ថា ពួកលោកគ្រាន់តែអាចនិយាយអ្វីដែលបានកើតឡើងក្នុងរង្វង់កិច្ចប្រជុំនេះ ហើយថា អ្វីដែលសំខាន់ជាងនេះនោះ គឺវាជាសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំងពីរ។
លោក សុន ឆ័យ បានថ្លែងបញ្ជាក់ថា៖ «សរុបមក កិច្ចប្រជុំរវាងក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជននៅថ្ងៃនេះ យើងទទួលបានជោគជ័យ ហើយថ្ងៃនេះ ជោគជ័យ យើងសង្ឃឹមថា យើងអាចឈានដល់ការដោះស្រាយបញ្ហានយោបាយជាប់គាំង ដែលមិនទាន់បានដោះស្រាយនៅឡើយនោះ»។ ទាក់ទងនឹងសកម្មជនកម្មករ ២១ នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្ត កំពង់ចាម លោក សុន ឆ័យ បានបញ្ជាក់ជាថ្មីថា ជាជំហររបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើមានការដោះលែងឲ្យនៅក្រៅឃុំ អ្នកជាប់ឃុំទាំងនោះ វាអាចជួយធ្វើឲ្យបរិយាកាសកាន់តែល្អប្រសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនក្នុងការស្វែងរកដំណោះស្រាយជូនជាតិឲ្យបានឆាប់រហ័ស។
លោក ព្រុំ សុខា បានថ្លែងថា៖ «ខ្ញុំមានបទពិសោធ គឺកំណែទម្រង់ការបោះឆ្នោត ទាមទាររយៈពេលវែង។ វាជាបញ្ហាមិនសាមញ្ញទេ។ ដូច្នេះយើងចង់ជួបប្រជុំឲ្យបានឆាប់ជាបន្តទៀត។ យើងមិននិយាយពី [ការបោះឆ្នោតថ្មីទេ] យើងនិយាយថា ការបោះឆ្នោតខាងមុខ»។
លោក សុខា បានបន្ថែមថា បញ្ហាបានលើកឡើងក្នុងកិច្ចប្រជុំរវាងក្រុមការងារគណបក្សទាំងពីរអាចដោះស្រាយបាន ដោយថ្នាក់ដឹកនាំគណបក្សទាំងពីរ នៅពេលជួបប្រជុំនាពេលខាងមុខ។ ចំពោះសកម្មជនកម្មករ ២១ រូប ដែលជាប់ឃុំ លោក ព្រុំ សុខា មិនបានធ្វើការអត្ថាធិប្បាយលម្អិតទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ពួកគេត្រូវដោះលែង ឬអត់ វាជាសេចក្តីសម្រេចរបស់តុលាការ។
លោក គល់ បញ្ញា នាយកប្រតិបតិ្ត នៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានថ្លែងថា តាងនាមឲ្យស្ថាប័នឃ្លាំមើលការបោះឆ្នោតដែលមានបទពិសោធផ្នែកបោះឆ្នោត ខុម ហ្វ្រែល ស្វាគមន៍ក្នុងការចូលរួមផ្តល់អនុសាសន៍ និងគំនិតសម្រាប់គណៈកម្មាធិការធ្វើកំណែទម្រង់ការបោះឆ្នោត។
លោក គល់ បញ្ញា បានលើកឡើងថា៖ «យើងរីករាយនឹងចូលរួម។ យើងមិនអាចជាសមាជិកអចិន្រៃ្តយ៍ ឬបុគ្គលសំខាន់ ក្នុងសេចក្តីសម្រេចទេ ប៉ុន្តែយើងអាចចូលរួមដើម្បីផ្តល់ជាមតិយោបល់ដល់គណៈកម្មាធិការនេះ។ ប៉ុន្តែប្រសិនបើគេចង់ឲ្យយើងជាសមាជិក គណបក្សទាំងពីរ អាចលើកឡើង… ប៉ុន្តែទោះជាយ៉ាងណា យើងចង់មានតួនាទីជាអ្នកផ្តល់ជាគំនិតយោបល់ដល់គណៈកម្មាធិការនេះ»៕ TK


