
រតនគិរីៈ តំណាង ប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ៥ នាក់ រស់នៅក្នុងភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ដែលបានដាក់ប្តឹងសារទុក្ខជំទាស់ទៅនឹងតុលាការការខេត្តរតនគិរីទាក់ ទិនទៅនឹងដីការតម្កល់រឿងទុកឥតចាត់ការ ដែលបានដាក់ពាក្យប្តឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ជា ច័ន្ទរិទ្ធ មកពីប្រទេសវៀតណាម បានប្រើគ្រឿងចក្រឈូសបំផ្លាញព្រៃស្រោងរបស់ប្រជាសហគមន៍ បានសុំពន្យារពេលដើម្បីចូលបំភ្លឺនៅសាលាឧទ្ធរណ៍ដោយសារពុំមានពេល វេលាគ្រប់គ្រាន់។
លោក សល់ នី តំណាងប្រជាសហគមន៍ជនជាតិចារ៉ាយ តំណាងឲ្យប្រជាពលរដ្ឋ ១១៥ គ្រួសារ រស់នៅក្នុងភូមិឡែ បានថ្លែងឲ្យដឹងថា ប្រជាសហគមន៍របស់លោកបានសុំពន្យារពេលមកបំភ្លឺនៅសាលាឧទ្ធរណ៍នៅថ្ងៃទី ១៤ តុលា ម្សិលមិញដោយសារតែទើបទទួលបានដីកាពីមេប៉ុស្តិ៍កាលពីយប់ថ្ងៃទី ១២ ខែតុលា ដូច្នេះពួកគាត់ត្រូវការសុំពន្យារពេល។
លោកបានឲ្យដឹងទៀតថា ៖«យើងមិនអាចធ្វើដំណើរទាន់ពេលកំណត់បាននោះទេ ដូច្នេះខ្ញុំបានសុំ ពន្យារពេលចូលបំភ្លឺនៅថ្ងៃទី ១៦។ អ្វីដែលយើងប្តឹង គឺឲ្យខាងក្រុមហ៊ុនដាំដើមឈើដែលបានឈូសបំផ្លាញលើដី ៣០ ហិកតាវិញ និងសងជម្ងឺចិត្តដល់សហគមន៍ ១ ម៉ឺនដុល្លារដើម្បីយកលុយនោះទៅទិញក្របីដើម្បីប្រារព្ធធ្វើតាមពិធីប្រពៃណី»។
លោក បានឲ្យដឹងថា សហគមន៍បានដាក់ពាក្យបណ្តឹងតុលាការខេត្តរតនគិរី កាលពីថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ ២០១២ អំពីក្រុមហ៊ុនបានឈូសឆាយដីព្រៃជាង ៣០ ហិកតា នៃដីសរុបរបស់សហគមន៍ចំនួន ៤៨១ហិកតា ប៉ុន្តែនៅថ្ងៃទី២០ ខែ ឧសភា សហគមន៍បានទទួលលិខិតពីតុលាការបញ្ជាក់ថា តម្កល់រឿងឥតចាត់ការ ប៉ុន្តែពុំបានបញ្ជាក់អំពីមូលហេតុនោះទេ។
លោកបានឲ្យដឹងថា៖«តុលាការខេត្តគេមិនដោះស្រាយឲ្យ ដូច្នេះហើយបានជាយើងប្តឹងឡើងមកសាលាឧទ្ធរណ៍ដើម្បីឲ្យដោះស្រាយឲ្យពួកយើង»។
លោក រម៉ាម វី តំណាងសហគមន៍ជនជាតិភាគតិចចារ៉ាយ ក្នុងភូមិឡែ ឃុំលំជ័រ បានថ្លែងថា មូលហេតុដែលលោកបន្តប្តឹងមកសាលាឧទ្ធរណ៍ទៀតនោះដោយសារតែតុលាការ ខេត្តមិនចាត់ការរឿងនោះឲ្យពួកគាត់ បើទោះបីជា ពួកគាត់បានរៀបរាប់យ៉ាងច្បាស់ថា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១២ ក្រុមហ៊ុន បានប្រើប្រាស់អាប៊ុល ៤គ្រឿង ឈូសដីព្រៃស្រោងរបស់សហគមន៍នៅចំណុចអូរចង្វាលើភ្នំទ្រូ ដែលជាដីរបស់សហគមន៍ទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីឲ្យសហគមន៍ការពារកាលពីឆ្នាំ ២០១០។
លោកបានឲ្យដឹងទៀតថា៖ «ការសម្រេចរបស់តុលាការខេត្តវាអយុត្តិធម៌ណាស់សម្រាប់ពួកយើង ដែលជាជនរងគ្រោះ ដែលអាស្រ័យផលលើអនុផលព្រៃឈើនោះ ហើយក៏ជាជម្រកសត្វព្រៃទៀតផង»។
ក្រុមហ៊ុន ជា ច័ន្ទរិទ្ធអភិវឌ្ឍន៍ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើផ្ទៃដីទំហំ ៦៥៩ ហិកតា ដើម្បីដាំកៅស៊ូ នៅស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ហើយមានលិខិតអនុញ្ញាតឲ្យឈូសឆាយកាលពីថ្ងៃទី២២ តុលា ឆ្នាំ ២០១២ ចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
លោក ចាន់ ម៉ាប់ តំណាងក្រុមហ៊ុនជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍ ពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក ឆាយ ធី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរីបានថ្លែងថា អ្វីដែលតុលាការតម្កល់ឥតចាត់ការបណ្តឹងរបស់ប្រជាសហគមន៍នោះគឺ មានការចន្លោះប្រហោង ដោយសារតែតុលាការគិតតែ ពីក្រុមហ៊ុនដែលមានច្បាប់វិនិយោគ ប៉ុន្តែពុំគិតអំពីច្បាប់ព្រៃ ឈើនោះទេ។ លោកបានឲ្យដឹងថា ៖ «ក្រុមហ៊ុនមានច្បាប់វិនិ-យោគប៉ុន្តែត្រូវចងដោយដីសម្បទាន សេដ្ឋកិច្ចពីព្រោះ គេបានកំណត់យ៉ាងច្បាស់ថាមិនអនុញ្ញាតឲ្យឈូសព្រៃស្រោងនោះទេគឺ ឲ្យឈូសតែព្រៃរេចរឹលប៉ុណ្ណោះ នេះគឺជាចន្លោះប្រហោងរបស់តុលាការ»។
លោក ប៉ាន់ គឹមលាន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ដែលជាអ្នកចុះហត្ថលេខាលើដីកាកោះ ពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃចន្ទម្សិលមិញ៕


