
ក្រុមភ្ញៀវទេសចរមកប្រទេសថៃ អាចនឹងធ្លាក់ចុះ៥ភាគរយនៅឆ្នាំនេះ និងជាការធ្លាក់ចុះខ្លាំងបំផុតគិតចាប់តាំងពីឆ្នាំ២០០៩មក ដោយសាររដ្ឋាភិបាលអាមេរិក និងហុងកុង បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើរមកកាន់ប្រទេសថៃ។ ក្រុមភ្ញៀវបរទេសដែលមកដល់ប្រទេសថៃ បានធ្លាក់ចុះ៤,៩ភាគរយរួចទៅហើយក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០១៤នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹមចំនួន ៨,៦២លាននាក់ នេះបើយោងតាមនាយកដ្ឋានទេសចរណ៍ថៃ។
ដោយសារវិស័យទេសចរណ៍មានទំហំស្មើនឹង១០ភាគរយនៃកំណើនផ.ស.ស ការរក្សាឲ្យសណ្ឋាគារ និងផ្សារលក់ទំនិញ បើកដំណើរការ និងមមាញឹក គឺជាកត្តាសំខាន់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ ដែលល្បីឈ្មោះដោយសារប្រាសាទបុរាណបែបសាសនាព្រះពុទ្ធ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតជាច្រើនកន្លែង។
ក្នុងអំឡុងពេល១ទសវត្សរ៍ចុងក្រោយនេះ ឧស្សាហកម្មធ្វើដំណើរនៅប្រទេសថៃ បានរងផលប៉ះពាល់ដោយសារការឡោមព័ន្ធអាកាសយាន្តដ្ឋានសុវណ្ណភូមិពីសំណាក់ក្រុមអ្នកតវ៉ា និងអំពើហិង្សានយោបាយនៅទីក្រុងបាងកក ដែលបានបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍ឈប់ផ្តល់សេវាហោះហើរ។
លោក Mario Hardy ប្រធានផ្នែកប្រតិបត្តិការប្រចាំសមាគមន៍ទេសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកក ដែលបានព្យាករពីចំនួនភ្ញៀវទេសចរ បានថ្លែងថា៖«វាមិនមែនជារឿងល្អទេសសម្រាប់ទីក្រុងបាងកក ហើយក៏មិនល្អដែរសម្រាប់វិស័យទេសចរណ៍នៅប្រទេសថៃ»។ លោកមានប្រសាសន៍បន្តថា៖«វិស័យទេសចរណ៍គឺជាចំណូលដ៏ធំមួយសម្រាប់ប្រទេសថៃ ដូច្នេះការប្រើច្បាប់អាជ្ញាសឹកនេះ នឹងមិនជួយដល់ប្រទេសនេះទេ»។
យោធាថៃ បានដាក់ច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស បន្ទាប់ពីមានវិបត្តិនយោបាយជាច្រើនខែ ដែលបានជំរុញឲ្យលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រាធ្លាក់ចុះពីតំណែង និងបានធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ។ លោក Prayuth Chan-Ocha នាយសេនាធិការយោធាថៃ បានថ្លែងថា ការប្រើច្បាប់អាជ្ញាសឹកនេះ មិនមែនជារដ្ឋប្រហារទេ ហើយពលរដ្ឋថៃមិនត្រូវបារម្ភឡើយ»៕ Bloomberg/BP


