បន្ទាយមានជ័យៈ ប្រជាកសិករវ័យ ២៩ឆ្នាំ ម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗកាលពីថ្ងៃអង្គារ ខណៈពេលគាត់កំពុងអង្គុយផ្អែកដើមចំបក់ដ៏ធំមួយនៅទីទួលក្បែរភ្លឺស្រែរបស់គាត់ដើម្បីជ្រកភ្លៀង។
លោក សុខ វិត នាយនគរបាលប៉ុស្តិ៍ ឃុំភូមិថ្មី ស្រុកថ្មពួក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារបាតុភូតរន្ទះបាញ់នោះ ឈ្មោះ ឡៃ លួត ភេទប្រុស ជាកសិករ រស់នៅ ភូមិថ្មីខាងត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និង សាច់ញាតិក្នុងភូមិរៀបចំធ្វើបុណ្យ និង បានបូជាកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។
លោក សុខ វិត បានបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះត្រូវបានអ្នកភូមិជាមួយគ្នាជួលឲ្យទៅភ្ជួររាស់ដីស្រែទំហំប្រាំហិកតា នៅចំណុច វាលគោកតាព្រហ្ម ចម្ងាយប្រមាណ ៧០០ ម៉ែត្រពីភូមិ។ ដោយមេឃធ្លាក់ភ្លៀងនិងមានផ្គររន្ទះ ហើយអស់កម្លាំងផងនោះ ជនរងគ្រោះនិងអ្នកភូមិបួនប្រាំនាក់ទៀត បាននាំគ្នាចូលជ្រក ក្រោមដើមចំបក់ ដ៏ធំមួយស្ថិតនៅលើដីទួលក្បែរភ្លឺស្រែ។ លុះសម្រាកបានមួយសន្ទុះក្រោយមក ក៏មានរន្ទះបាញ់ដើមចំបក់នោះបណ្ដាលឲ្យជនរងគ្រោះដែលអង្គុយផ្អែកដើមចំបក់ស្លាប់នៅនឹងកន្លែងតែម្ដង ប៉ុន្តែអ្នកផ្សេងទៀតមិនមានគ្រោះថ្នាក់ទេ។
អ្នកស្រី ហឿន សាម៉ាច អាយុ ២៧ឆ្នាំ ដែលជាភរិយាជនរងគ្រោះបានឲ្យដឹងថា៖ «ព្រោះតែជីវភាពក្រីក្រ ប្ដីរបស់ខ្ញុំ គាត់មិនដែលរួញរាក្នុងការងារនោះទេ»។
លោក កែវ វី នាយកខុទ្ទកាល័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា តួលេខជនរងគ្រោះដែលបានស្លាប់និងរបួសដោយសាររន្ទះបាញ់ បានកើនឡើងដល់ ៤៩នាក់ ហើយ គិតមកត្រឹមថ្ងៃពុធម្សិលមិញក្នុងនោះ ៣០ នាក់បានស្លាប់និង ១៩ នាក់រងរបួស ហើយគោក្របី ក៏ត្រូវរន្ទះបាញ់ងាប់ចំនួន ១២ ក្បាលផងដែរ៕

