
ភ្នំពេញៈ ជនសង្ស័យដែលបានបាញ់កម្មការិនី៣នាក់ នៅក្រុងបាវិត ឲ្យរងរបួសធ្ងន់ បានដើរចេញពីបន្ទប់សវនាការ ដោយទឹកមុខសប្បាយរីករាយ កាលពីម្សិលមិញ បន្ទាប់ពីសាលាឧទ្ធរណ៍បានបើកសវនាការជាអសាធារណៈ ប្រមាណជាង ៥ ម៉ោង។
យ៉ាងណាក្តីសាលាឧទ្ធរណ៍នឹងបន្តបើកសវនាការលើ សំណុំរឿងដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានចាប់អារម្មរណ៍យ៉ាងខ្លាំងនេះ នៅថ្ងៃនេះបន្តទៀត។
យ៉ាងណាក៏ដោយ គ្មានអ្នកណាម្នាក់ អាចទស្សន៍ទាយបានទេ ថាតើសាលាឧទ្ធរណ៍អាចនឹងចាប់ឃុំខ្លួនជនសង្ស័យ ដែលជាអតីតអភិបាលក្រុងបាវិត លោកឈូក បណ្ឌិត នៅពេលណាមួយឬយ៉ាងណានោះទេ បើទោះបីជានៅក្រោយថ្ងៃបាញ់ប្រហារ លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងប្រាប់អ្នកកាសែតថា លោកឈូក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់ ដែលបានបាញ់កម្មករឲ្យរងរបួស ហើយអង្គការសិទ្ធិមនុស្សជាច្រើនបានទទូចថា ជនសង្ស័យមានអំណាចរូបនេះគួរតែត្រូវបានចាប់ឃុំខ្លួនតាំងពី ថ្ងៃបាញ់ប្រហារនោះមកក្តី។


ក្រុមអង្គការសិទ្ធិមនុស្ស ជាតិ និងអន្តរជាតិ រួមទាំងអ្នកកាសែត ព្រមទាំងកម្មកររងគ្រោះ បានរង់ចាំមើលវត្តមានរបស់ជនសង្ស័យ ខណៈដែលម៉ោងកំណត់ត្រូវបើកសវនាការ នៅវេលាម៉ោង ៧ និង ៣០ នាទីបានមកដល់ ប៉ុន្តែគេមិនឃើញជនសង្ស័យឡើយហើយសវនាការក៏មិនបានដំណើរការទៅ តាមការគ្រោងទុកដែរ។
នៅម៉ោងប្រមាណជាជាង៨ ទើបគេឃើញលោក ឈូក បណ្ឌិត បានធ្វើដំណើរទៅដល់ តាមរថយន្តឡិចស៊ីស ៣០០ ពណ៌ស មួយគ្រឿង ដៃកាន់ឯកសារ ដោយមានបុរសស្លៀកពាក់ស៊ីវិលពីរនាក់ បានដើរជាមួយគាត់ សំដៅចូលទៅក្នុងតុលាការទាំងទឹកមុខញញឹម ដោយដំបូងលោកច្រឡំអង្គុយជាមួយក្រុមឧត្តមស្នងការ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ដែលទៅចាំតាមឃ្លាំមើលសវនាការនេះ។ នៅរយៈពេលប្រមាណជា៥នាទីក្រោយមក សវនាការក៏ចាប់ផ្តើម។ ក្រុមអ្នកសារព័ត៌មាន ក្រុមអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ត្រូវបានអនុញ្ញាតឲ្យចូលស្តាប់ក្នុងបន្ទប់សវនាការ រយៈពេលប្រមាណជា ៥ នាទី គឺបន្ទាប់ពីចៅក្រមជម្រះក្តី សាលាឧទ្ទរណ៍ លោក ឃុន លាងម៉េង បានហៅឈ្មោះជនសង្ស័យ ជនរងគ្រោះ និងសាក្សី ចំនួន២៥ នាក់។ ប៉ុន្តែបន្ទាប់មក លោក លាងម៉េង បានប្រកាសថា សវនាការនេះត្រូវធ្វើជាអសាធារណៈ ដូច្នេះ អ្នកដែលមិនពាក់ព័ន្ធ និងអ្នកដែលចង់ចូលស្តាប់សវនាការ ត្រូវអញ្ជើញឲ្យចេញក្រៅបន្ទប់សវនាការ។
បើតាមជនរងគ្រោះ សវនាការនៅព្រឹកថ្ងៃដំបូងកាលពីម្សិលមិញ គឺបានត្រឹមតែសាកសួរលោកឈូក បណ្ឌិត ដែលជាជនសង្ស័យ និងកម្មការិនីរងគ្រោះចំនួនបីនាក់តែប៉ុណ្ណោះ។
បន្ទាប់ពី សវនាការអសាធារណៈ អស់រយៈពេលជាង ៥ ម៉ោងនោះ លោក ឃុន លាងម៉េង បានថ្លែងថា សវនាការនេះ នឹងត្រូវបើកបន្តទៀតនៅថ្ងៃព្រហស្បតិ៍នេះ ពីព្រោះមានសាក្សីជាច្រើន ដែលនឹងត្រូវធ្វើការសាកសួរបន្តទៀត។ លោកចៅក្រម បានថ្លែងយ៉ាងខ្លីថា៖ «ខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយច្រើនបានទេ»។
លោក ឈូក បណ្ឌិត ពុំព្រមផ្តល់ការអត្ថាធិប្បាយដល់អ្នកសារព័ត៌មានឡើយ បន្ទាប់ពីបានដើរចេញពីបន្ទប់សវនាការ ដោយដើរសំដៅទៅរថយន្តឡិចស៊ីសពណ៌ខ្មៅស៊េរីទំនើបថ្មីមួយគ្រឿង ផ្សេងទៀត ដោយគ្រាន់តែមានប្រសាសន៍យ៉ាងខ្លីថា៖ «រង់ចាំលទ្ធផលប្រកាសសាលក្រមទៅ នឹងបានដឹងហើយ ខ្ញុំមិនអត្ថាធិប្បាយទេ»។
នៅ ក្នុងពេលសវនាការ ក្រុមអ្នកកាសែត និងមន្ត្រីសិទ្ធិមនុស្ស ដែលឈររង់ចាំនៅខាងក្រៅ តែអាចមើលឃើញតាមបង្អួចកញ្ចក់ ឃើញ លោក ឈូក បណ្ឌិត តែងតែសម្លឹងមើលមុខកម្មការិនីរងគ្រោះទាំងបីនាក់ ដោយមិនដាក់ភ្នែកឡើយ ខណៈដែលលោកអង្គុយអង្រួនជើង នៅក្នុងរង្វង់ក្រចកសេះ ហាក់បីដូចជាកំពុងសប្បាយរីករាយនឹងរឿងអ្វីមួយ។
នៅ បន្ទាប់ពីសវនាការ កម្មការិនី កែវ នា ដែលឆ្នាំនេះ មានអាយុ ១៩ ឆ្នាំ ជាស្ត្រីរងគ្រោះម្នាក់ ក្នុងចំណោម ៣ នាក់ បានឲ្យដឹងថា លោកឈូក បណ្ឌិត បានឆ្លើយនៅក្នុងសវនាការថា លោកពិតជាបានដកកាំភ្លើងដើម្បីបាញ់មែន តែបាញ់ឡើងទៅលើពុំមានបំណងបាញ់ពួកនាងនោះទេ ហើយកាំភ្លើងរបស់គាត់ជាប់គាំង រួចមកមានកម្មករជាច្រើន បានមកទាញដៃវាយគាត់ ហើយក៏មានប៉ូលិសខ្លះ បាននាំគាត់រត់តាមក្រោយ។
នាងបានឲ្យដឹងទៀតថា៖«គាត់ថា គ្រាប់កាំភ្លើងរបស់គាត់ មិនរាលកៃ ស្អីនោះទេ គឺគ្រាន់តែដឹងថា កាំភ្លើងរបស់គាត់ជាប់គាំង។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមឲ្យតុលាការ កាត់ទោសគាត់តាមផ្លូវច្បាប់ និងសងជំងឺចិត្តដល់ពួកខ្ញុំ។ បើគាត់មិនជាប់គុក គាត់អាងមានអំណាច គាត់នឹងគំរាមកំហែងដល់អ្នកផ្សេងទៀត»។
នាងកែវ នា បានឲ្យដឹងថា តុលាការ បានឲ្យនាងរៀបរាប់អំពីថ្ងៃកើតហេតុតើវាយ៉ាងម៉េចខ្លះ ហើយនាងបានរៀបរាប់ប្រាប់ទាំងអស់ ចំពោះអ្វីដែលបានកើតឡើង ហើយតុលាការបានសួរថា តើព្រឹកថ្ងៃទី២០ខែកុម្ភៈធ្វើអី? នាងបានឆ្លើយថា នាងបានជិះរថយន្តទៅធ្វើការ ហើយគេសួរទៀតថា តើនាងមានបំណងទៅធ្វើបាតុកម្មជាមួយគេដែរឬអត់? នាងបានឆ្លើយថា គ្មានបំណងទៅធ្វើបាតុកម្មទេគឺទៅធ្វើការ។
កម្មការិនីរងគ្រោះម្នាក់ទៀត អ្នកនាង នុត សាខន ដែលកំពុងតែមានទម្ងន់ បានឲ្យដឹងថា នៅក្នុងអង្គសវនាការ លោកឈូក បណ្ឌិត បាននិយាយថា គាត់បានបាញ់ឡើងលើ មិនបានបាញ់កម្មករទេ។ ប៉ុន្តែនាងបានចោទសួរថា៖ «បើគាត់មិនបាញ់ តើធ្វើម៉េចនឹងមានគ្រាប់កាំភ្លើង មកត្រូវពួកខ្ញុំ ខ្ញុំជឿជាក់ថា ឈូក បណ្ឌិត ជាអ្នកបាញ់ឲ្យពួកខ្ញុំរងរបួស»។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១២ លោក ឈូក បណ្ឌិត ត្រូវ បានតុលាការខេត្តស្វាយរៀង សម្រេចចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា ទាក់ទិននៅនឹងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលមានការអះអាងថា លោក ឈូក បណ្ឌិត បានដកកាំភ្លើងបាញ់កម្មករ ៣ នាក់ឲ្យរងរបួស នៅខណៈដែលកម្មករជាង ៦០០០ នាក់ មកពីរោងចក្រចំនួន ៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត បានធ្វើការតវ៉ា។ បទចោទប្រកាន់នេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីកម្មការិនីរងគ្រោះនិងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ យ៉ាងណាក្តី នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១២ តុលាការខេត្តស្វាយរៀង បានទម្លាក់ចោលការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនានេះ ទៀត។
បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២ អគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍ បានដាក់ពាក្យបណ្តឹងប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងដែលបានទម្លាក់ចោលការចោទប្រកាន់ អតីតអភិបាលក្រុងបាវិតរូបនេះ។
ស្ថិតក្នុងសម្លៀកបំពាក់ ជាមន្ត្រីនគរបាលយុត្តិធម៌ លោក អិន សារឿន នាយរងផ្នែកប្រឆាំងការជួញដូរកុមារ និងអនីតិជនក្រុងបាវិត ដែលជាសាក្សី មកឆ្លើយបំភ្លឺឲ្យលោក ឈូក បណ្ឌិត កាលពីម្សិលមិញ បានឲ្យដឹងថា លោកមកឆ្លើយជាសាក្សី គឺបានស្បថរួចហើយ ហើយលោកនឹងឆ្លើយនូវអ្វី ដែលលោកបានដឹងតែប៉ុណ្ណោះ។ លោកនិយាយថា៖ «នៅក្នុងថ្ងៃកើតហេតុនោះ ខ្ញុំនៅប្រមាណជា ១០ ទៅ ២០ ម៉ែត្រ ពីកន្លែងកើតហេតុ ហើយស្រាប់តែមានឮសំឡេងស្នូរកាំភ្លើងផ្ទុះ នៅពេលដែលខ្ញុំងាកមកក្រោយ ឃើញលោក ឈូក បណ្ឌិតកាន់កាំភ្លើងនៅនឹងដៃ តែខ្ញុំមិនដឹងប្រាកដទេថា តើគាត់ជាអ្នកបាញ់ឬមួយយ៉ាងណាទេ?»។
នៅខាងមុខសាលាឧទ្ធរណ៍កាលពីម្សិលមិញមានពលរដ្ឋប្រមាណជា៥០នាក់ មកពីសហគមន៍បឹងកក់ ក្រុមសមាជិកសមាគម សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា សមាគមអ្នកប្រជាធិបតេយ្យ ដែលមានបដាចងក្បាលសរសេរជាអក្សរថា«កុំលក់ឆន្ទៈ» និងស្រែកតាមឧគ្ឃោសនសព្ទខ្លាំងៗ ដែលមានសំឡេងស្រែកហ៊ោបន្ទរថា «តុលាការត្រូវតែផ្តន្ទាទោសលោកឈូក បណ្ឌិតឲ្យជាប់គុក!ៗៗ»។
អ្នកស្រី ទេព វន្នី ជាតំណាងពលរដ្ឋនៅតំបន់បឹងកក់បានថ្លែងថា យុត្តិធម៌ ត្រូវតែមានសម្រាប់ប្រជាជនទូទៅ ហើយពលរដ្ឋទាំងអស់គ្នា ត្រូវការយុត្តិធម៌។ អ្នកស្រីបាននិយាយថា៖ «អ្នកដែលលើកកាំភ្លើងបាញ់កម្មករត្រូវតែផ្តន្ទាទោស ដាក់ពន្ធនាគារទៅតាមច្បាប់។ តុលាការត្រូវតែផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា កាលពីម្សិលមិញតុលាការ បានប្រកាសឈ្មោះសាក្សីចំនួន២៥ នាក់ ដែលក្នុងនោះ អវត្តមាន២ នាក់ ហើយសាក្សីទាំងអស់នោះ គឺមកឆ្លើយដើម្បីការពារ លោកឈូក បណ្ឌិត រីឯសាក្សីជនរងគ្រោះ ពុំមានម្នាក់នោះទេ។
ទោះជាយ៉ាងណា តុលាការ ត្រូវធ្វើការយ៉ាងម៉េចដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ពីព្រោះរឿងនេះ ដំបូងឡើយ លោក ឧបនាយករដ្ឋមន្ត្រី ស ខេងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទី១ ពាក់ព័ន្ធទៅនឹងបាញ់កម្មករបីនាក់នោះគឺ ឈូក បណ្ឌិត ហើយនៅក្នុងនោះ ក្រសួងមហាផ្ទៃក៏បានបញ្ជូនអ្នកជំនាញ ទៅធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់នៅទីនោះទៀត។ លោក អំ សំអាត បានថ្លែងថា៖«អ្វីដែលសំខាន់បំផុត គឺតុលាការធ្វើយ៉ាងម៉េច សុំកាមេរ៉ារបស់រោងចក្រ យកមកចាក់មើល នឹងឃើញសកម្មភាពទាំងអស់នោះហើយ ហើយបើនិយាយថា ថ្ងៃនោះកាមេរ៉ារោងចក្រខូច ខ្ញុំមិនជឿទេ»៕


