ភ្នំពេញៈ ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១៤ម៉ឺនប័ណ្ណបានផ្តល់ដល់ដៃប្រជាពលរដ្ឋ រួចហើយ តាមគោលនយោបាយចាស់សកម្មភាពថ្មី។ នេះបើតាមប្រកាសព័ត៌មានក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១២ និងទិសដៅការងារឆ្នាំ២០១៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃពុធម្សិលមិញ។
លោកឧបនាយករដ្ឋ មន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលចូលរួមក្នុងសន្និបាតនោះថ្លែងថា ការងារវាស់វែងដីធ្លី គឺជាការងារដ៏សំខាន់ដែលមានក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ។ ជម្លោះដីធ្លីនៅកម្ពុជា គឺជារឿងស្មុគស្មាញយ៉ាងខ្លាំង និងបានចាក់ឫសជ្រៅនៅក្នុងសន្តានចិត្តប្រជាជនម្នាក់ៗ ជាពិសេសអ្នករស់នៅទីជនបទ ក្នុងតំបន់ដីមានសក្ដានុពល ដីព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃនិងតំបន់មានដីកាដកហូតពីតុលាការជាដើម។ លោកមានប្រសាសន៍ថា បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ០១ បង្កើតចលនាយុវជនស្ម័គ្រចិត្តដើម្បីជួយសម្រួលសម្រាប់ការងារនេះ ក៏ដោយ ក៏អង្គការនិងសង្គមស៊ីវិលជាច្រើននៅតែសម្តែងការព្រួយបារម្ភទាក់ទងនឹងបញ្ហានេះដដែល។
តាមរបាយការណ៍សន្និបាតបង្ហាញថា ក្នុងជំហានទី១ នៃយុទ្ធនាការ«ការអនុវត្តនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លីរបស់រដ្ឋាភិបាល» ដែលចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០១២ មកដល់ពេលនេះ សម្រេចការវាស់ដីបាន៤៥ម៉ឺនក្បាលដី(ប្រមាណ៧០ម៉ឺនហិកតា) បិទផ្សាយជាសាធារណៈនូវទិន្នន័យក្បាលដី បានជាង២១ម៉ឺនក្បាលដីពាក់ព័ន្ធនឹង១២ម៉ឺនគ្រួសារនិងបានចែក ប័ណ្ណកម្មសិទ្ធិដល់ដៃប្រជាពលរដ្ឋបានចំនួន១៤ម៉ឺនប័ណ្ណ។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា វាគឺជាមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយចាស់សកម្មភាពថ្មី ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាដីធ្លីឲ្យបានឆាប់រហ័ស។ លោកបានបន្តថា៖ «បញ្ហាដីធ្លី គឺជារឿងដែលមានលក្ខណៈរសើបខ្លាំង ដូច្នេះ ការខិតខំរបស់ក្រុមយុវជនស្ម័គ្រចិត្តជាមួយនឹងមន្ត្រីជំនាញ គឺពិតជាបានរួមចំណែកយ៉ាងខ្លាំងក្នុងការជួយបង្កើនកម្រិតជីវភាពប្រជាជន និងកាត់បន្ថយទំនាស់»។
លោក មានប្រសាសន៍ដែរថា៖ «ជាក់ស្តែងតាមផែនការដែលបានកំណត់ពីមុនមក គឺត្រឹមចុងឆ្នាំ២០១៣ ក្រសួងត្រូវសម្រេចការវាស់វែងដីធ្លីឲ្យបាន៣២ភាគរយ ហើយនៅចុងឆ្នាំ២០១៥ ត្រូវសម្រេចវាស់វែងឲ្យបាន៥៧ភាគរយ ប៉ុន្តែ ជាក់ស្តែងគិតត្រឹមពេលនេះ ក្រសួងសម្រេចបាន៥៨ភាគរយរួចហើយ»៕

