ភ្នំពេញៈ កងសន្តិសុខ ខណ្ឌដូនពេញ នៅព្រឹកថ្ងៃអង្គារ បានគំរាមបង្ក្រាបទៅលើពុទ្ធបរិស័ទ និងព្រះសង្ឃ ដែលមកជួបជុំគ្នានៅ ត្តភ្នំ ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា។
អ្នកចូលរួមជាង ៣០០នាក់ មកពីសហគមន៍នានា ដែលតាំងខ្លួនជាក្រុមសន្តិភាពនិយមបានមកជួបជុំគ្នានៅម៉ោង ៨ ព្រឹកមុខ វត្តភ្នំ ដោយទឹកមុខរីករាយដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ជាអន្តរជាតិ។
ប៉ុន្តែភាពរីករាយនេះបានរលាយទៅវិញខណៈកងសន្តិសុខ ខណ្ឌដូនពេញ ជាង ៣០នាក់ លេចវត្តមានមកគំរាមវាយបង្ក្រាបបើសិនមិនព្រមបំបែកការប្រមូលផ្ដុំគ្នានេះ។
មិនប៉ុន្មាននាទីផងក្រុមនេះក៏ចាប់ផ្ដើមបំបែកដោយអ្នកចូលរួមរត់ខ្ចាត់ខ្ចាយ ផ្ទាំងបដានិងសម្ភារមួយចំនួនត្រូវគេរឹបអូស។
តំណាងក្រុមការងារដើម្បីសន្តិភាព លោក ឈាង ឫទ្ធី បានចាត់ទុកទង្វើនេះថា៖ «ជាការប្រមាថដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយប្រឆាំងនឹងការអំពាវនាវរបស់លោក បាន គីមូន អគ្គលេខាអង្គការសហប្រជាជាតិ ដែលលោកសុំឲ្យមានការគោរពស្មារតីអហិង្សា និងលើកកម្ពស់សន្តិភាពនិងលុបបំបាត់នូវទំនាស់»។
ប៉ុន្តែលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា៖ «គឺក្រុមដែលតាំងខ្លួនជាអ្នកសន្តិភាពនិយមទាំងនោះទេ ដែលជាអ្នកគ្មានបំណងជ្រះថ្លាក្នុងពុទ្ធសាសនា ព្រោះពួកគាត់យកថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃឈប់សម្រាកមកធ្វើជាលេសដើម្បីឃោសនានយោបាយរំខានការងាររៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរសាធារណៈ»។
ពិធីបុណ្យវិសាខបូជា ជាពិធីបុណ្យដ៏ធំនៃពុទ្ធសាសនា ដែលប្រារព្ធឡើងដើម្បីរំឭកដល់ថ្ងៃជាមហាមង្គលទាំង ៣ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណផង និងទ្រង់រំលត់ក្ខន្ធយាងចូលព្រះបរមនិពា្វនផង៕


