ប៉ោយប៉ែតៈ ជន កម្ពុជា ពីរនាក់ត្រូវចាប់ខ្លួនពីបទរត់ពន្ធថ្នាំញៀនយ៉ាម៉ាឆ្លងដែនចូលទៅ ប្រទេសថៃ ប្រហែល ១ ម៉ឺនគ្រាប់។ ពួកគេអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតទៅតាមច្បាប់របស់ ប្រទេសថៃ។
លោក មឹង មុនី មន្រ្តីទំនាក់ទំនងព្រំដែន កម្ពុជា‑ថៃ ប្រចាំប៉ុស្តិ៍ព្រំដែន ប៉ោយប៉ែត បានថ្លែងថា ជន កម្ពុជា ទាំងពីរនាក់ត្រូវគេជឿថា ជាប្តីប្រពន្ធមានអាយុជាង ២០ឆ្នាំ ត្រូវ ថៃ ចាប់ខ្លួនពីថ្ងៃអាទិត្យ។
លោកបន្តថា ប៉ូលិសថៃចាប់ខ្លួនពួកគេនិងបានរកឃើញថ្នាំញៀនយ៉ាម៉ាប្រហែល ១ ម៉ឺនគ្រាប់ និងម៉ាទឹកកកចំនួន ១០០ ក្រាមលាក់នៅក្នុងស្បែកជើង។
លោកថា៖ «តាមខ្ញុំដឹង តាមច្បាប់ ថៃ ពួកគេអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតដោយដុតទាំងរស់ក្នុងកង់ឡាន»។ លោកថា ព័ត៌មានលម្អិតអំពីអ្នកទាំងពីរនេះមិនត្រូវបានបង្ហាញទេ។
លោក សូ ចាន់ណារី បញ្ជាការវរការពារព្រំដែន ៩១១ ចាត់ទុកបទល្មើសនេះជាបទល្មើសធំបំផុតក្នុងឆ្នាំនេះ ហើយថា អ្នកទាំងពីរនេះទំនងធ្លាប់រត់ពន្ធទៅក្នុង ប្រទេសថៃ ពីមុនមកមុនត្រូវបានបង្ក្រាប។
លោកថា៖ «ខ្ញុំគិតថា អ្នកទាំងពីរនាក់មានបទពិសោធក្នុងការរត់ពន្ធថ្នាំ។ ពួកគេលាក់វានៅក្រោមស្បែកជើង និងដើរដោយគ្មានគេចាប់អារម្មណ៍»។
តាមលោកប៉ាន់ប្រមាណថ្នាំញៀននេះមានតម្លៃប្រមាណ ១០ ម៉ឺនដុល្លារ។
លោក នេត សារី កុងស៊ុលកម្ពុជាក្នុង ខេត្តស្រះកែវ ប្រទេសថៃ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕ PS

