ក្រុងជូបាៈ អ.ស.ប. បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមខ្មាន់កាំភ្លើងឧទ្ទាមនៅប្រទេសស៊ូដង់ខាងត្បូង បានសម្លាប់ជនស៊ីវិលរាប់រយនាក់ដោយសារបញ្ហាជនជាតិរបស់ពួកគេ នៅពេលពួកគេបានកាន់កាប់ទីប្រជុំជនប្រេងសំខាន់មួយកាលពីសប្តាហ៍មុន ដោយអំពាវនាវឲ្យមានការស៊ើបអង្កេតចំពោះអំពើព្រៃផ្សៃដ៏អាក្រក់ដែលគេបានរាយការណ៍ក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមនេះ។
បេសកកម្មអ.ស.ប. ក្នុងប្រទេសនេះ បាននិយាយថាគ្រាន់តែនៅក្នុងព្រះវិហារអ៊ិស្លាមធំមួយ ជនស៊ីវិលប្រមាណជាង២០០នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់ និងមនុស្សជាង៤០០នាក់ទៀត រងរបួស។
បេសកកម្មនេះ ក៏បានបន្តទៀតថា ជនស៊ីវិល ដែលក្នុងនោះមានទាំងកុមារផងដែរ ក៏ត្រួវបានសម្លាប់រង្គាលនៅឯព្រះវិហារមួយ មន្ទីរពេទ្យ និងបរិវេណនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោករបស់អ.ស.ប.ដែលគេបោះបង់ចោល។
មន្ត្រីជាន់ខ្ពស់អ.ស.ប.ប្រចាំប្រទេសនេះលោក Toby Lanzer បានប្រាប់ AFP ថា៖ «មានសាកសពជាច្រើនតម្រៀបគ្នានៅតាមដងផ្លូវដែលពួកគេត្រូវបានសម្លាប់នៅក្នុងផ្សារ នៅខាងក្រៅនិងខាងក្នុងទីគោរពបូជា ភាគច្រើនក្នុងសម្លៀកបំពាក់ស៊ីវិល៕ AFP/PSA

