ភំ្នពេញៈ មន្រ្តីយោធានៅកងពលតូចលេខ ៧០ ម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅកណ្ដាលស្រែ ពីរសៀលថ្ងៃទី២២ ខែមករា នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយគេសង្ស័យថា ច្រឡំផឹកថ្នាំបំពុលសត្វកុក។
លោកស្រី ជុំ ពៅ ចៅសង្កាត់រង ចោមចៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ផា អាយុ៤១ឆ្នាំ ឋានៈអនុសេនីយ៍ត្រីកងកាំភ្លើងធំនៃកងពលតូចលេខ៧០ មានស្រុកកំណើតខេត្តស្វាយរៀង ត្រូវប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅកណ្ដាលវាលស្រែ កាលពីរសៀលថ្ងៃអង្គារ នៅភូមិព្រៃព្រីងខាងត្បូង ហើយត្រូវបានសង្ស័យច្រឡំផឹកចំថ្នាំសម្លាប់សត្វកុក។
លោកស្រីបន្តថា ជនរងគ្រោះ យកត្រីមកប្រឡាក់ថ្នាំពុល ហើយដើរទៅដាក់បំពុលកុកតាមភ្លឺស្រែ ដោយកាន់ដបទឹកសុទ្ធមួយផង។គាត់អាចច្រឡំផឹកថ្នាំបំពុល សត្វនោះផងក៏មិនដឹង ទើបបានជាទៅដេកស្លាប់បែបនេះ រហូតអ្នកឡើងត្នោតប្រទះឃើញដេកស្លាប់ ស្តូកគ្មានកម្រើក។ អ្នកស្រីបញ្ជាក់ថា៖«សពជនរងគ្រោះ ត្រូវដឹកទៅតម្កល់ទុកនៅវត្តជម្ពូវ័ន រង់ចាំឯកសារ រួចដឹកយកទៅស្រុកកំណើតឯខេត្តស្វាយរៀង»។
លោកស្រីប្រាប់ថា សពជនរងគ្រោះឃើញមានសត្វកុកមួយនៅនឹងដៃ ឯកន្លែងកើតហេតុ មន្រ្តីជំនាញនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យរួចហើយ។ គ្រួសារជនរងគ្រោះមិនអាចទាក់ទងបំភ្លឺបានទេ៕

