ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃអង្គារម្សិលមិញបានសម្រេចបញ្ជូនខ្លួនស្រ្តីម្ចាស់ហាងលក់គ្រឿងបន្លាស់ម៉ូតូម្នាក់ ដែលធ្វើទារុណកម្មលើកូនឈ្នួលទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ព្រៃស បន្ទាប់ពីបញ្ចប់ការស៊ើបសួរ។
លោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងភ្នំពេញបានប្រាប់ឲ្យដឹងថា៖ «ស្រ្តីជាប់សង្ស័យពីបទធ្វើទារុណកម្មលើកូនឈ្នួលបានបញ្ចប់ការស៊ើបសួរហើយត្រូវឃុំខ្លួនជាបណ្តោះអាសន្នសិន ក្រោយពីគាត់បានសារភាព»។
ស្រ្តីជាប់សង្ស័យឈ្មោះ គង់ ស៊ីណាត អាយុ ៣២ឆ្នាំ ជាថៅកែហាងលក់គ្រឿងបន្លាស់ម៉ូតូ នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននិងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ ទី២៤ ខែមីនា ឆ្នាំ ២០១៤ ហើយត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» ផ្អែកលើមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។
បើតាមក្មេងស្រីរងគ្រោះ ផល លក្ខិណា អាយុ ១៧ឆ្នាំ រៀបរាប់ពេលមករស់នៅជាមួយ ថៅកែស្រីតែងវាយធ្វើបាបនាងរាល់ថ្ងៃ ហើយចុងក្រោយវ៉ៃបង្ខំឲ្យនាង លិទ្ធកម្អួត និងកំហាករបស់គាត់ទៀត។ ដោយសារស៊ូទ្រាំ ពុំបាននាងក៏លួចរត់គេចចេញកាលពីថ្ងៃ ទី១៧ ខែមីនា ដោយមានអង្គការ CCPCR ជួយទំនុកបម្រុង និងបញ្ជូននាងទៅប្តឹងនៅនាយកដ្ឋានប្រឆាំងការជួញដូរកុមាររបស់ក្រសួង មហាផ្ទៃ ដើម្បីឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់ នៅថ្ងៃ ទី២១ ខែមីនា ហើយបន្ទាប់មកក៏បញ្ជូនមកឲ្យខាងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ស្រាវជ្រាវរឿងនេះ រហូតដល់ថ្ងៃ ទី២២ ខែមីនា ទើបនគរបាលឃាត់ខ្លួនស្ត្រីជាថៅកែហាង តាមដីការបស់តុលាការ៕

