ភ្នំពេញៈ គម្រោងទំនប់សាយ៉ាប៊ូរី ដែលអាចផលិតអគ្គិសនីចំនួន ១២៨៥ មេហ្គាវ៉ាត់ និងដែលមានលក្ខណៈចម្រូងចម្រាសនឹងមិនស្ថិតនៅក្នុងរបៀបវារៈ នៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់គណៈកម្មាធិការទន្លេមេគង្គ នៅសប្តាហ៍ក្រោយទេ បើទោះបីជាស្ថាប័នតំបន់នេះ មិនបានផ្តល់ការអនុម័ត ដល់រដ្ឋសមាជិក ឡាវ ឲ្យចាប់ផ្តើមសាងសង់ទំនប់នេះ កាលពីខែវិច្ឆិកា ឆ្នាំមុនក៏ដោយ។
លោក Surasak Glahan មន្រ្តីទំនាក់ទំនងនៅលេខាធិការដ្ឋាន គណៈកម្មាធិការទន្លេមេគង្គ បានបញ្ជាក់កាលពីថ្ងៃចន្ទថា រដ្ឋសមាជិក ដែលមានកម្ពុជា ថៃ និងវៀតណាមផងដែរ នឹងមិនលើកឡើងអំពីបញ្ហាទំនប់សាយ៉ាប៊ូរីស៊ីជម្រៅទេ។ លោកបានថ្លែងថា៖ «មិនមានសំណើឲ្យមានការ ពិភាក្សាពិសេសអំពីគម្រោង ទំនប់សាយ៉ាប៊ូរី ដោយប្រទេសសមាជិកទេ»។ លោកបានបន្តថា ទោះបីយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីធនធានទឹក និងបរិស្ថាន នឹងលើកឡើងអំពីព័ត៌មានថ្មីៗជាច្រើនស្តីពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីនេះ។
ប្រទេសឡាវ បានចាប់ផ្តើមសាង សង់គម្រោងទំនប់វារីអគ្គិសនី ដែលមានទឹកប្រាក់៣,៨ពាន់លានដុល្លារនេះ ដោយរឹងទទឹង ប្រឆាំងនឹងកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ ១៩៩៥ ដែលចែងថា សមាជិកគណៈកម្មការទន្លេមេគង្គ ព្រមព្រៀងគ្នា លើគម្រោងពាក់ព័ន្ធ នឹងទន្លេមេគង្គ មុនពេលការសាងសង់ និងចាប់ផ្តើមសាងសង់ទំនប់នេះ បើទោះបីជាមានការរិះគន់ អំពីផលប៉ះពាល់បរិស្ថាន ដោយក្រុមការពារបរិស្ថានក៏ដោយ។ សមាជិកគណៈកម្មការទន្លេមេគង្គបានព្រមព្រៀងកាលពីចុងឆ្នាំ ២០១១ ថា ផលប៉ះពាល់សក្តានុពល ដោយសារគម្រោងនេះ មកលើប្រទេសសមាជិកនៅតែត្រូវការសិក្សា។
លោកស្រី Ame Trandem នាយកកម្មវិធីអាស៊ីអាគ្នេយ៍ សម្រាប់អង្គការទន្លេអន្តរជាតិ ដែលជាអង្គការបរិស្ថាន បានថ្លែងថា លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ នៅត្រូវការឲ្យគេសួរថា ហេតុអ្វីបានជាបញ្ហាទំនប់សាយ៉ាប៊ូរី មិនស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំ នៅពេលដែលរដ្ឋសមាជិក ឡាវ និងថៃ ធ្វើផ្ទុយនឹងកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ និងគណៈកម្មការទន្លេមេគង្គ មិនបានបិទបញ្ចប់ជាផ្លូវការ ចំពោះដំណើរការពិភាក្សា មុនការសាងសង់ទំនប់នេះ។ លោកស្រី បានថ្លែងថា៖ «អ្វីដែលកើតឡើង នៅកិច្ចប្រជុំក្រុមប្រឹក្សា គឺសំខាន់ណាស់ ពីព្រោះថា ទំនប់សាយ៉ាប៊ូរី បានធ្វើជាគំរូអាក្រក់មួយ សម្រាប់ការធ្វើការសម្រេចផ្សេងៗ នាពេលអនាគតពាក់ព័ន្ធនឹងទន្លេមេគង្គ និងគម្រោងទំនប់វារីអគ្គិសនីចំនួន ១០ ដទៃទៀត ដែលស្នើឡើងដោយឡាវ និងកម្ពុជា»។
លោក Glahan មិនបានឆ្លើយតបដោយត្រង់ទៅនឹងសំណួរ អំពីថា តើគណៈកម្មាធិការទន្លេមេគង្គ ឥឡូវនេះ មានជំហរដូចម្តេចអំពីទំនប់សាយ៉ាប៊ូរីទេ ប៉ុន្តែបានថ្លែងថា ម្ចាស់ជំនួយ បានយល់ថា តួនាទីរបស់ស្ថាប័ននេះ គឺត្រូវផ្តល់កម្មវិធីសម្រាប់ពិភាក្សា និងពិនិត្យគម្រោង មិនអនុម័តគម្រោងនោះទេ។ លោកបានថ្លែងបន្តថា៖ «ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នៅគំាទ្រនៅឡើយ ចំពោះគណៈកម្មការទន្លេមេគង្គ»។
ម្ចាស់ជំនួយរបស់គណៈកម្មការទន្លេមេគង្គរួមមាន ប្រទេសដាណឺម៉ាក ប្រទេសស៊ុយអែត អូស្រ្តាលី អាមេរិក និងប្រទេសអាល្លឺម៉ង់។
នៅពេលសួរសំណួរអំពីថា តើការឆ្លើយតបរបស់គណៈកម្មការទន្លេមេគង្គ ចំពោះប្រទេសឡាវ ដែលកំពុងសាងសង់ទំនប់សាយ៉ាប៊ូរីមានលក្ខណៈគ្រប់គ្រាន់ ឬអត់ ប្រទេសដាណឺម៉ាក និងប្រទេសស៊ុយអែត បានផ្តល់ការឆ្លើយតប តាមរយៈអ៊ីមែលស្ទើរតែដូចគ្នា។
ការ ឆ្លើយនោះ បានឲ្យដឹងថា៖ «ខណៈ[ដាណឺម៉ាក/ស៊ុយអែត]មានការបារម្ភអំពីហានិភ័យ ចំពោះសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយសារតែគម្រោងទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីនេះ យើងបន្តជឿថា គណៈកម្មាធិការទន្លេមេគង្គ គួរផ្តល់ដំណោះស្រាយដោយផ្អែកលើចំណេះដឹងសម្រាប់បញ្ហានេះ និងគម្រោងទំនប់វារីអគ្គិសនីដទៃៗទៀត»។ ប្រទេសទាំងពីរនឹងបន្តផ្តល់ថវិកាដល់គណៈកម្មការទន្លេមេគង្គ រហូតដល់យ៉ាងហោចណាស់ នៅចុងឆ្នាំ២០១៥។
លោកស្រី Lee Rhiannon ព្រឹទ្ធសមាជិកគណបក្សបៃតង របស់ប្រទេសអូស្រ្តាលី ដែលបានលើកឡើងអំពីបញ្ហាផ្តល់ថវិការបស់អូស្រ្តាលី ចំពោះគណៈកម្មការទន្លេមេគង្គនៅក្នុងសភា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសរបស់លោកស្រី មានតួនាទីសំខាន់មួយក្នុងការដើរតួសម្រាប់អនាគតរបស់ទន្លេនេះ។ លោកស្រីបានថ្លែង បន្ទាប់ពីឡាវបានចាប់ផ្តើមសាងសង់ទំនប់សាយ៉ាប៊ូរីថា៖ « គណបក្សបៃតងរបស់អូស្រ្តាលី ជំរុញរដ្ឋាភិបាលអូស្រ្តាលីឲ្យធ្វើការរំឭករដ្ឋាភិបាលឡាវ អំពីកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥»។ លោកស្រីបានបន្តថា៖ «ការឲ្យឡាវបន្តសាងសង់ ..ពិតជាលើកឡើងនូវសំណួរអំពីបញ្ហាប្រសិទ្ធភាព [របស់ គណៈកម្មាធិការទន្លេមេគង្គ]»។
អ្នកនាំពាក្យ ស្ថានទូតអូស្រ្តាលី បានថ្លែងឲ្យដឹងថា អង្គការ AusAid បានជំរុញឲ្យរដ្ឋសមាជិកចូលរួមនៅក្នុងការពិគ្រោះយោបល់ ដែលបើកចំហ និងមានតម្លាភាព ស្តីពីបញ្ហាទំនប់សាយ៉ាប៊ូរី និងបានអំពាវនាវដដែលៗឲ្យ«មានការស្រាវជ្រាវបន្ថែមទៀត អំពីផល ប៉ះពាល់ពីការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីនេះ»។
ក្រុមអ្នកអភិរក្សអន្តរជាតិ បានលើកឡើងថា គម្រោងទំនប់សាយ៉ាប៊ូរី នឹងបំផ្លាញធនធានត្រី និងបរិស្ថានទន្លេមេគង្គ៕ PS

