ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា បច្ចុប្បន្នអ្នកកាសែតដែលគ្មានវិជ្ជាជីវៈបានបង្កឲ្យមានភាពរញ៉េរញ៉ៃច្រើនដែលធ្វើឲ្យតម្លៃរបស់អ្នកកាសែតដែលមានវិជ្ជាជីវៈធ្លាក់ចុះ ខណៈដែលក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរកឃើញអ្នកសារព័ត៌មានចំនួន ៥ នាក់ ដែលទទួលបានជយលាភីក្នុងការប្រកួតប្រជែងអត្ថបទសារព័ត៌មានលើប្រធានបទ «កម្ពុជាក្នុងបរិបទកូវីដ ១៩»។
លោក ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងពិធីផ្តល់ពានរង្វាន់ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ៧ ខែកញ្ញា ថាក្លឹបអ្នកកាសែតកម្ពុជារៀបចំការប្រកួតអត្ថបទពីបរិបទកូវីដ១៩នេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អដែលជាគុណប្រយោជន៍ដ៏ធំ ជាពិសេសដើម្បីជួយអ្នកកាសែតឱ្យកាន់តែពន្លឿននូវសមត្ថភាពថែមទៀត។
លោកបន្ថែមថា៖ «មានអ្នកកាសែតគ្មានវិជ្ជាជីវៈបង្កភាពរញ៉េរញ៉ៃច្រើន ដែលធ្វើឱ្យតម្លៃយើងដែលជាអ្នកសារព័ត៌មានមានវិជ្ជាជីវៈមានការធ្លាក់ចុះ។ ដូច្នេះការបង្កើតកម្មវិធីនេះឡើង គឺជាគំនិតមួយល្អណាស់ ហើយគួរតែយកគំនិតទាំងនេះទៅផ្សព្វផ្សាយបន្តទៀតដើម្បីបង្ហាញថាយើងនៅមានអ្នកកាសែតច្រើនដែលបានគិតពីសង្គមច្រើនមិនមែនអ្នកកាសែតទាំងអស់ចាំតែយកលុយចាំតែជេរគេទេ»។
លោក ប៉ែន បូណា ប្រធាន (ក.អ.ក) ថ្លែងក្នុងពិធីនេះថា អ្នកសារព័ត៌មានបានចូលរួមចំណែកជួយផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋដែលនេះជាវិញ្ញាសាមួយ ដែលអ្នកសារព័ត៌មានបានឆ្លងកាត់ក្នុងដំណាក់កាលកូវីដ១៩។ «ខ្ញុំគិតថា ក្នុងអំឡុងពេលកូវីដ១៩នេះ អ្នកសារព័ត៌មានរបស់យើងបានខិតខំខ្លាំងណាស់ក្នុងការបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងមិនរាថយ តែមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩»។
លោក ពុយ គា អគ្គលេខាធិការ ក.អ.ក និងជាប្រធានគណៈកម្មការកំណែឱ្យដឹងថា បេក្ខជនបេក្ខនារីដែលបានដាក់អត្ថបទព័ត៌មានចូលរួមធ្វើការប្រកួតប្រជែងទាំងអស់មានចំនួន ២៥ នាក់ក្នុងនោះមាននារីចំនួន ១៤ នាក់ និងបុរស ១១ នាក់ដែលមកពីស្ថាប័នផ្សេងៗគ្នា។
លោកបន្ថែមថា គោលបំណងនៃការរៀបចំការប្រកួតប្រជែងនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ ក៏ដូចជាការផ្តល់ឱកាសដល់អ្នកសារព័ត៌មានខ្មែរ ដែលកំពុងបំពេញការងារ បញ្ចេញសមត្ថភាព និងស្នាដៃចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់នេះ។
សម្រាប់អ្នកសារព័ត៌មានដែលបានជាប់ជយលាភីរួមមានជយលាភីលេខ ១ បានទៅលើកញ្ញា សៅ សុខអេង មកពីសារព័ត៌មាន thmeythmey.com, ជយលាភីលេខ ២ បានទៅលើលោក ម៉ៅ សំណាង មកពីស្ថានីយទូរទស្សន៍ PNN, ជយលាភីលេខ ៣ បានទៅលើអ្នកស្រី មុំ គន្ធា អតីតអ្នកសារព័ត៌មានវិទ្យុផ្កាឈូក, ជយលាភីលេខ ៤ បានទៅលើអ្នកស្រី ស៊ន សុខ ឃាង មកពីស្ថានីយទូរទស្សន៍ CNC និងជយលាភីលេខ ៥ បានទៅលើអ្នកស្រី អេង គឹមហុង មកពីវិទ្យុបារាំងអន្តរជាតិ៕


