ភ្នំពេញៈ ក្រសួងមហាផ្ទៃស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិដែលបាននិងកំពុងធ្វើសកម្មភាពមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចល វឹកវរក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចេញថ្ងៃទី ៧ កញ្ញា។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃអះអាងថា ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិបាននិងកំពុងធ្វើសកម្មភាពក្រោមរូបភាព ដែលមានអង្គការចាត់តាំងច្បាស់លាស់។ ក្រុមនេះមិនបានចុះឈ្មោះក្នុងបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើយ។
ក្រសួងមហាផ្ទៃបញ្ជាក់ក្នុងសេចក្តីប្រកាសថា៖ «ទន្ទឹមនេះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិបានកំពុងធ្វើសកម្មភាពដែលមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរក្នុងសង្គម តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងបណ្តាញព័ត៌មានមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអត្ថបទ ខិត្តប័ណ្ណរូបភាពនានា ខ្សែវីដេអូ ព្រមទាំងបានធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាតថែមទៀតផង»។
ក្រសួងមហាផ្ទៃក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមនេះ។ ជាមួយគ្នានេះក្រសួងមហាផ្ទៃស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់ដើម្បីធានារក្សាសណ្តាប់ធ្នាប់ សាធារណៈ និងសន្តិសុខជាតិ។ ជាពិសេសទប់ស្កាត់នូវរាល់ការបង្ក ភាពអនាធិបតេយ្យ និងបង្កចលាចលវឹកវរនៅក្នុងសង្គមក្នុងអំឡុងពេលដែលប្រជាពលរដ្ឋទាំងមូលកំពុងរៀបចំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះពីម្សិលមិញ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្ម៊ីត សម្តែងក្តីបារម្ភពីការចាប់ខ្លួនមនុស្សមួយចំនួន និងការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។
លោកស្រី ស្ម៊ីត ថ្លែងថា៖ «ខ្ញុំមានកង្វល់ចំពោះរបាយការណ៍ថ្មីៗនេះអំពីការចាប់ខ្លួនសកម្មជនបរិស្ថានចំនួន ៣ រូប ដែលឥឡូវនេះត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរនៅក្នុងសង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បុគ្គលមួយចំនួនទៀតរាប់ទាំងព្រះសង្ឃ ១ អង្គត្រូវបានចាប់ខ្លួន និងឃុំខ្លួនចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក»។ លោកស្រីបន្តថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបជុំដោយសន្តិវិធីត្រូវបានការពារដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ធានាថាសិទ្ធិទាំងនេះត្រូវបានគោរព និង ការពារ ហើយបង្កើតបរិយាកាសមួយដែលបុគ្គលម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។ ខ្ញុំសូមជំរុញឱ្យបញ្ជូនអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះទៅតុលាការ ហើយត្រូវគោរពឲ្យបានពេញលេញនូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវរបស់ពួកគេ។ ខ្ញុំកំពុងតាមដានព្រឹត្តិការណ៍ទាំងនេះយ៉ាងដិតដល់នៅក្នុងប្រទេសកម្ពុជា»។
កាលពីថ្ងៃទី ៦-៧ កញ្ញា សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ និងចោទប្រកាន់មនុស្សចំនួន ៥ នាក់ពាក់ព័ន្ធទៅនឹងការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី ៧ កញ្ញា នោះដែរយុវជន និងប្រជាពលរដ្ឋប្រមាណ ៥០ នាក់បានព្យាយាមធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដើម្បីទាមទាររកយុត្តិធម៌សង្គម ប៉ុន្តែត្រូវបានអាជ្ញាធររារាំងមិនឱ្យមានការជួបជុំគ្នា។ អាជ្ញាធរក៏បានចាប់ឃាត់ខ្លួនអ្នកតវ៉ាជាបន្តបន្ទាប់ផងដែរ។
កញ្ញា សូ មេត្តា សមាជិកយុវជនខ្មែរថាវរៈដែលបានចូលរួមធ្វើការតវ៉ានេះ និយាយ ខណៈពេលធ្វើការតវ៉ាថា អាជ្ញាធរបានចាប់គ្នារបស់គាត់ម្នាក់។ យុវតីម្នាក់នេះលើកឡើងថា ជាការបំបិទសិទ្ធិសេរីភាពមិនឱ្យប្រជាពលរដ្ឋមានការសម្តែងមតិ ដែលរូបភាពនេះគឺមិនមែនគ្រាន់តែខ្ទប់មាត់ទេ តែជាការអារកតែម្តង។
កញ្ញាបន្ថែមថា៖ «សមត្ថកិច្ចបានចាប់គ្នាខ្ញុំម្នាក់កាលពីព្រឹកមិញនេះ [ថ្ងៃទី ៧ កញ្ញា] គឺលោក ថា ឡាវី នៅពេលគាត់ និងប្រជាពលរដ្ឋផ្សេងទៀតព្យាយាមប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ។ តើឯណាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ហើយទីនេះជាទីសាធារណៈរបស់ប្រជាពលរដ្ឋ។ តែហេតុអីបានជាមានកម្លាំងរារាំងពួកយើងមិនឱ្យមានការតវ៉ាទាមទារយុត្តិធម៌សង្គមដូចនេះ?»។
យុវជនមួយរូបទៀតលោក មួង សុភ័ក្រ ដែលបានចូលរួមតវ៉ាដែរនោះថ្លែងថា៖ «ពលរដ្ឋមានសិទ្ធិបញ្ចេញមតិ ទាមទារនូវអ្វីដែលខ្លួនពេញចិត្ត ឬមិនពេញចិត្តហើយការទាមទាររបស់យើងនៅពេលនេះគឺមិនលើសពី ៥០ នាក់។ មិនមានការដើរដង្ហែក្បួន មិនមានលើកបដា ឬទង់ជាតិឡើយ។ យើងមកនិយាយតែពីការឈឺចាប់របស់យើង តើហេតុអ្វីបានជាត្រូវមានច្បាប់មួយសុំការអនុញ្ញាត»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងថា តាំងពីថ្ងៃអាទិត្យរហូតមកដល់ថ្ងៃចន្ទ [ទី ៧ កញ្ញា] សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤ នាក់ តាមដីការបស់តុលាការរាជធានីភ្នំពេញ។
អ្នកទាំងនោះមានឈ្មោះ គង់ សំអាន ដែលត្រូវបានចាប់ខ្លួននៅខេត្តត្បូងឃ្មុំ និងបានបញ្ជូនខ្លួនមកតុលាការក្រុងភ្នំពេញរួចហើយ ឈ្មោះ មាន ព្រហ្មមុនី ជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ឈ្មោះ កើត សារ៉ាយ ជាអតីតព្រះសង្ឃដែលត្រូវបានផ្សឹកមុនពេលសមត្ថកិច្ចចាប់ខ្លួន។ មនុស្សទាំង ៣ នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យ និងឈ្មោះថា ឡាវី សមាជិកយុវជនខ្មែរថាវរៈដែលត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី ៧ កញ្ញា។
លោកបញ្ជាក់ថា៖ «យើងអនុវត្តតាមដីការបស់តុលាការដែលបានចោទពីបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម»។
លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលើកឡើងថា ទិដ្ឋភាពនៃការជួបជុំគ្នានៃក្រុមយុវជន ពលរដ្ឋ និងចំណាត់ការរបស់សមត្ថកិច្ចមួយរយៈចុងក្រោយនេះបានឆ្លុះបញ្ចាំងពីទិដ្ឋភាព ៣ គឺប្រជាពលរដ្ឋដែលមើលឃើញពីចំណាត់ការ និងសកម្មភាពរបស់រាជរដ្ឋាភិបាលមួយចំនួនកន្លងមកមានការប៉ះពាល់សិទ្ធិសេរីភាព និងភាពអយុត្តិធម៌ដែលការតវ៉ាកាន់តែមានចំនួនច្រើនជាងមុន។
លោកថ្លែងថា៖ «អាជ្ញាធរនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព និងលម្ហប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋមិនឱ្យមានការជួបជុំគ្នាក្នុងការសម្តែងមតិពេញលក្ខណៈដែលការធ្វើបែបនេះគឺខុសពីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែលផ្អែកលើសេរីភាពជាមូលដ្ឋាន។ ប្រសិនបើអាជ្ញាធរនៅតែបន្តរឹតត្បិត និងកម្លាំងនៃការទាមទារនៅតែបន្តបែបនេះ ខ្ញុំមើលឃើញថាវិបត្តិសង្គមអាចនឹងកើតឡើង ព្រោះការប្រឈមមុខ និងការបិទសិទ្ធិសេរីភាពមិនឱ្យមានការជួបជុំ ឬមិនផ្តល់ដំណោះស្រាយណាមួយ នោះបរិយាកាសសង្គមនឹងនៅតែមានភាពសោកសៅក្នុងសង្គម»។
តាមព័ត៌មានពីយុវជនអ្នកតវ៉ាទាំងនេះឱ្យដឹងថា កញ្ញា សូ មេត្តា និងយុវតីម្នាក់ទៀតត្រូវបានចាប់ខ្លួនបន្ទាប់ពីធ្វើការតវ៉ារួចមក៕


