នៅក្នុងសង្គមខ្មែរ មានរឿងរ៉ាវឈឺចាប់ជាច្រើនបានកើតឡើងក្រោមឥទ្ធិពលនៃផ្នត់គំនិតបុរាណមួយដែលយើងធ្លាប់ឮឡើងស៊ាំត្រចៀកគឺ៖ «គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់»។ នេះមិនមែនគ្រាន់តែជាពាក្យស្លោកអប់រំធម្មតានោះទេ ប៉ុន្តែវាបានក្លាយជា «អាវុធចិត្តសាស្ត្រ» ដ៏មុតស្រួច ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងការវាស់វែងតម្លៃមនុស្សនៅក្នុងសង្គមខ្មែររាប់ជំនាន់មកហើយ។ នៅក្នុងបរិបរទសង្គមទំនើបដែលយើងខំស្រែករកយុត្តិធម៌ និងការអភិវឌ្ឍមូលធនមនុស្ស ផ្នត់គំនិតដាច់ខាតនិងអគតិមួយនេះ កំពុងតែបង្កើត «របួសផ្លូវចិត្តដ៏ជ្រៅ» បំបាក់ស្មារតីអ្នកធ្វើអំពើល្អ និងបំផ្លាញអនាគតមនុស្សល្អៗទាំងរស់។
តើវាជារឿងអយុត្តិធម៌ពេកទេ ដែលមនុស្សម្នាក់បានលះបង់កម្លាំងកាយចិត្ត បញ្ញាញាណ ធនធាន និងពេលវេលាស្ទើរពេញមួយជីវិតដើម្បីធ្វើល្អ, សាងស្នាដៃបម្រើជាតិ បែរជាត្រូវសង្គមជុំវិញខ្លួនងាកមកស្ដោះទឹកមាត់ដាក់ ទាត់ចោល និងជាន់ឈ្លីភ្លាមៗ ត្រឹមតែដោយសារកំហុសឆ្គងមួយ ឬការខ្វះចន្លោះដោយអចេតនាមួយពេល?
មនុស្សមិនមែនជាអាទិទេពឡើយ! មនុស្សតែងតែមានកំហុសឆ្គង។ ការដែលយើងយកកំហុសបច្ចុប្បន្នទៅលុបលាងគុណបំណាច់អតីតកាលទាំងស្រុង គឺជាការកាត់សេចក្តីដ៏អយុត្តិធម៌បំផុត។ ផលវិបាកដ៏គួរឱ្យភ័យខ្លាចនៃវប្បធម៌ «ចាំជាន់ពន្លិច (Cancel Culture)» និង «ចាំចាប់កំហុស» កំពុងតែរុញច្រានមនុស្សមានសមត្ថភាពនិងធ្វើល្អឱ្យធ្លាក់ក្នុងវិបត្តិអស់សង្ឃឹម ខកចិត្ត និងដើរថយក្រោយ។ ពួកគេនឹងចាប់ផ្តើមគិតថា «មិនធ្វើមិនខុស កាលណាធ្វើទើបមានកំហុស»។ នៅពេលដែលអ្នកហ៊ានគិត ហ៊ានធ្វើ លែងចង់លះបង់ធ្វើល្អ នោះសង្គមជាតិទាំងមូលនឹងត្រូវខាតបង់ធនធានមនុស្សដ៏មានតម្លៃ ហើយធ្លាក់ចុះទន់ខ្សោយទាំងផ្នែកស្មារតីនិងសីលធម៌សង្គមផងដែរ។
ដើម្បីសង្គ្រោះទឹកចិត្តអ្នកធ្វើល្អនិងកសាងសង្គមមួយដែលមានខឿនសីលធម៌រឹងមាំ យើងចាំបាច់ត្រូវរួមគ្នាផ្លាស់ប្តូរផ្នត់គំនិតចាស់នេះ ដោយជំនួសមកវិញនូវ «វប្បធម៌វាយតម្លៃបែបសត្យានុម័តនិងសមធម៌» តាមរយៈគោលការណ៍កែប្រែបីយ៉ាង៖
១. គុណគឺគុណ, ទោសគឺទោស៖ ប្រសិនបើគេធ្វើខុស គេត្រូវទទួលខុសត្រូវ និងកែតម្រូវចំពោះកំហុសនោះទៅតាមច្បាប់ឬវិន័យដោយគ្មានការលើកលែង។ ប៉ុន្តែ ស្នាដៃនិងគុណបំណាច់អតីតកាលរបស់គេ នៅតែត្រូវទទួលស្គាល់ ដឹងគុណ និងរក្សាទុកជាតម្លៃប្រវត្តិសាស្ត្រ។ យើងត្រូវតបស្នងអំពើល្អឬគុណដោយសេចក្តីល្អនិងការដឹងគុណ ហើយតបស្នងអំពើអាក្រក់ឬទោសដោយយុត្តិធម៌។
២. បង្កើតកន្លែងសុវត្ថិភាពសម្រាប់ការរៀនសូត្រពីកំហុស៖ សង្គមនិងស្ថាប័ន គួរតែជា «បរិស្ថានសុវត្ថិភាពផ្លូវចិត្ត» ដែលអនុញ្ញាតឱ្យមនុស្សហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ កំហុសដែលមិនមែនជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ គឺជាមេរៀនសម្រាប់កែលម្អជីវិត មិនមែនជាឧបករណ៍សម្រាប់កាត់ទោសប្រហារជីវិតសង្គម (Social Execution) របស់បុគ្គលឡើយ។
៣. ប្ដូរពាក្យស្លោក ប្ដូរវាសនាសង្គម៖ យើងត្រូវរួមគ្នាផ្សព្វផ្សាយទស្សនៈថ្មីដែលផ្ដល់នូវក្តីសង្ឃឹម និងសមធម៌ ដូចជា៖ «គុណមួយសំពៅ ទោសមួយចូលទៅ គុណមិនរលាយ ទោសត្រូវកែខៃ» ដើម្បីដាស់តឿនសង្គមឱ្យមានការអត់ឱន និងសន្តោសប្រណី។
ជាទីបញ្ចប់ក្នុងនាមជាអ្នកធ្វើការផ្នែកអភិវឌ្ឍភាពជាអ្នកដឹកនាំនិងលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យម្នាក់នៅកម្ពុជា ខ្ញុំសូមអំពាវនាវដោយទទូចដល់គ្រប់ភាគីពាក់ព័ន្ធឱ្យឈប់បំផ្លាញមនុស្សល្អ ដោយសារកំហុសមួយពេល៖
– ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media)៖ សូមដាក់ចុះនូវ «ដាវនៃការរិះគន់បែបជាន់ឈ្លី»។ មុននឹងសម្រេចចិត្តកាត់ទោស ឬវាយតម្លៃជីវិតនរណាម្នាក់ សូមប្រើប្រាស់ «សតិឌីជីថល (Digital Mindfulness)» និង «ការគិតត្រិះរិះពិចារណា (Critical Thinking)»។ ទឹកភ្នែកនិងការបាក់ទឹកចិត្តរបស់អ្នកដទៃមិនគួរជាល្បែងកម្សាន្ត ឬឧបករណ៍ដុតកំដៅស៊ីអារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។
– ចំពោះអ្នកអប់រំនិងគ្រឹះស្ថានសិក្សា៖ សូមជួយបណ្តុះ «ផ្នត់គំនិតលូតលាស់» (Growth Mindset) ដល់កូនខ្មែរជំនាន់ក្រោយ។ បង្រៀនពួកគេឱ្យស្គាល់ពីតម្លៃនៃការអភ័យទោស របៀបក្រោកឈរពីកំហុស និងការផ្តល់ឱកាសដល់អ្នកដទៃក្នុងការកែប្រែខ្លួន។
– ចំពោះថ្នាក់ដឹកនាំស្ថាប័នគ្រប់កម្រិត៖ សូមបោះបង់ចោលនូវវប្បធម៌ដឹកនាំគាបសង្កត់បែបចៅហ្វាយ (Boss) ហើយដើរតួជា «មេដឹកនាំបែបគ្រូបង្វឹក» (Leadership Coach)។ បង្កើតកន្លែងការងារដែលមានភាពកក់ក្តៅ គ្មានការភ័យខ្លាច ហ៊ានជួយយឹតយោងសហការីឱ្យចេះទទួលនិងកែខ្លួននៅពេលពួកគេប្រព្រឹត្តខុសឆ្គង និងចេះលើកទឹកចិត្តឱ្យពួកគេពង្រីកសក្តានុពល ដោយមិនប្រើអំណាចជាន់ពន្លិចឬបំបាក់ស្មារតីគ្នា។
សរុបមក ការលុបបំបាត់ផ្នត់គំនិត «គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់» មិនមែនជាការបិទភ្នែកមិនមើលកំហុសនោះទេ ប៉ុន្តែវាគឺជាការប្រើប្រាស់កែវភ្នែកយុត្តិធម៌ មនុស្សធម៌ និងសមធម៌ ដើម្បីមើលមនុស្សក្នុងភាពជាមនុស្ស។ មានតែសង្គមដែលមានការយោគយល់ អភ័យទោស និងទុកឱកាសឱ្យបុគ្គលកែកំហុសទេ ទើបមនុស្សហ៊ានទទួល កែកំហុស និងរកផ្លូវត្រូវឃើញ។ ការធ្វើបែបនេះទើបយើងអាចបណ្តុះនិងរក្សាធនធានមនុស្សល្អៗ ឱ្យមានកម្លាំងចិត្តសាងគុណតម្លៃនិងរួមចំណែកអភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគតបានប្រកបដោយចីរភាពនិងសុខដុមរមនាពិតប្រាកដ៕
ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា។

