លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីម្ដងទៀតនៅថ្ងៃនេះថា កម្ពុជានឹងមិនចូលរួមក្នុងយន្តការតំបន់ និងយន្តការសាកលទាំងឡាយណាដែលមានចរិតនយោបាយដើម្បីប្រឆាំងទៅនឹងប្រទេសឬប្លុកណាមួយនោះទេ ប៉ុន្តែ នឹងចូលរួមយន្តការដែលមិនប៉ះពាល់ដល់ឯករាជ្យរបស់កម្ពុជា។
ថ្លែងក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក របស់កម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ លោកបានបញ្ជាក់ថា លោកបានប្រគល់ភារកិច្ចទៅលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងការពិនិត្យមើលលើយន្តការនានានៅក្នុងតំបន់ និងនៅលើពិភពលោក ដែលកម្ពុជា គួរចូលរួម និងមិនគួរចូលរួម។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំសុំបញ្ជក់ថា ឥឡូវនេះវាមានយន្តការច្រើនដែលត្រូវបានបង្កើតឡើង ជាពិសេសនៅក្នុងតំបន់របស់យើង ជាពិសេសយន្តការខ្លះមិនពាក់ព័ន្ធ ឬពាក់ព័ន្ធតិចតួចជាមួយនឹងសេដ្ឋកិច្ច ប៉ុន្តែមានចរិតលក្ខណៈជានយោបាយសន្តិសុខដែលអាចប៉ះពាល់ទៅដល់នយោបាយអព្យាក្រឹត្យរបស់យើង»។
លោកបន្តថា៖ «សុំបញ្ជាក់ឲ្យច្បាស់ថា កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ។ នេះជាគោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយយើងនៅបន្ត។ យើងចូលជាមួយប្លុក និងយន្តការដែលមានទិសដៅរួមក្នុងទិសដៅដើម្បីថែរក្សាសុខុដុមនីយកម្ម ថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាពនៅក្នុងតំបន់ ពីព្រោះកម្ពុជាត្រូវការសន្តិភាព»។
ទោះបីជាយ៉ាងណាក្ដី លោកមិនបានបង្ហើបអំពីកិច្ចព្រមព្រៀង ឬ សន្ធិសញ្ញាណាមួយដែលកម្ពុជាកំពុងពិចារណានោះទេ ខណៈដែលបច្ចុប្បន្ននេះ មានយន្តការតំបន់មួយចំនួនដែលមានភាពប្រកួតប្រជែងគ្នា ដូចជាយន្តការ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ (FOIP) របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។ ប៉ុន្តែ ថ្នាក់ដឹកនាំកម្ពុជាបានធ្លាប់បានបង្ហាញការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបានចូលរួមដល់ការអភិវឌ្ឍន៍ប្រទេសនេះតាមរយៈគម្រោងជាច្រើន។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បច្ចុប្បន្ននេះមហាអំណាចកំពុងប្រកួតប្រជែងគ្នាលើភូមិសាស្ត្រនយោបាយ ដែលការណ៍នេះតម្រូវឲ្យកម្ពុជាមានការប្រុងប្រយ័ត្នជានិច្ចចំពោះយន្តការដែលមានចរិតជាបក្សសម្ព័ន្ធយោធា ឬប្រឆាំងគ្នាទៅវិញទៅមកក្នុងការប្រជែងភូមិសាស្ត្រនយោបាយ។
ការចូលក្នុងសន្ធិសញ្ញាណាមួយដែលមានទម្រង់ជាបក្សសម្ព័ន្ធយោធា វានឹងធ្វើឲ្យកម្ពុជាប្រាសចាកពីរដ្ឋធម្មនុញ្ញរបស់ខ្លួនក្នុងមាត្រា ៥៣ ដែលថ្លែងពីការមិនចូលបក្សសម្ព័ន្ធរបស់ និងប្រាសចាកពីច្បាប់អន្តរជាតិនានា។ ប្រសិនបើកម្ពុជាមិនរក្សាអព្យាក្រឹត្យរបស់ខ្លួនទេ កម្ពុជានឹងរងគ្រោះដូចនៅសម័យសង្គ្រាមត្រជាក់ទៀត។ នេះជាការលើកឡើងរបស់លោក យង់ ពៅ។
លោកថា៖ «យើងមិនអាចគេចពីឥទ្ធិពលនៃការប្រកួតប្រជែងទាំងស្រុងទេ ប៉ុន្តែយើងត្រូវតែប្រកាន់ជំហរអព្យាក្រឹត្យ ជៀសវាងកុំឲ្យមហាអំណាចនីមួយៗយកយើងធ្វើជាកូនអុកនៃភូមិសាស្ត្រនយោបាយ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា វាជាភាពចាំបាច់ដែលកម្ពុជាត្រូវតែបង្ហាញជំហររបស់ខ្លួនឲ្យបានច្បាស់ នៅចំពោះមុខនៃការប្រកួតប្រជែង និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច ឬប្រទេសមួយចំនួនដែលកំពុងពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ។
លោកថ្លែងថា៖ «ការប្រកាសបែបនេះ គឺដើម្បីការពារកម្ពុជាពីការចោទប្រកាន់ពីប្រទេសឬ មហាអំណាចណាមួយដែលពាក់ព័ន្ធនឹងជម្លោះឬភូមិសាស្ត្រនយោបាយ និងដើម្បីពង្រឹងការប្រកាន់ជំហរអព្យាក្រឹត្យរបស់ខ្លួនដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»៕