អ្នកវិភាគយល់ថា ការចូលរួមផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី Prabowo Subianto និងអនុប្រធានាធិបតីវ័យក្មេង Gibran Rakabuming Raka បង្ហាញពីកម្រិតនៃភាពជិតស្និទ្ធនៃប្រទេសទាំងពីរ។
លោក ហ៊ុន ម៉ាណែត និងដឹកនាំប្រតិភូចាកចេញពីកម្ពុជានៅថ្ងៃទី១៩ ខែតុលានេះ ដើម្បីចូលរួមពិធីចូលកាន់តំណែងរបស់មេដឹកនាំថ្មីទាំងពីរនៃប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា។ រដ្ឋមន្ត្រីការបរទេស លោក សុខ ចិន្តា សោភា, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក អូស្មាន ហាហ្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសនឹងអមដំណើរលោក ហ៊ុន ម៉ាណែត សម្រាប់បេសកកម្មនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះ។
លោក Prabowo អាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីខែមីនា ខណៈដែលលោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងប្រធានាធិបតី Joko Widodo ដែលត្រូវចេញពីតំណែង នឹងក្លាយជាអនុប្រធានាធិបតីក្នុងវ័យ ៣៧ឆ្នាំ។
ក្រសួងការបរទេសថ្លែងដូច្នេះថា៖ «ការអញ្ជើញចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក្នុងពិធីចូលកាន់តំណែងនេះនឹងបង្ហាញយ៉ាងច្បាស់ពីភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ»។
លោក Prabowo Subianto ធ្លាប់បានមកបំពេញទស្សនកិច្ចនៅភ្នំពេញ និងជួបជាមួយលោក ហ៊ុន ម៉ាណែត កាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយភាគីទាំងពីរប្ដេជ្ញាធ្វើការជាមួយគ្នាដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលមកទល់ពេលនេះមានរយៈពេល ៦៤ឆ្នាំមកហើយ។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីឥណ្ឌូណេស៊ី Jokowi ក៏បានផ្ញើលិខិតអបអរសាទរដល់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ លោកបានប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនានា ជាពិសេសវិស័យសេដ្ឋកិច្ច។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការអញ្ជើញទៅចូលរួមពិធីកាន់តំណែងរបស់មេដឹកនាំឥណ្ឌូណេស៊ី បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ននេះកំពុងតែមានការរីកចម្រើន និងវិវត្តជាវិជ្ជមានលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោកបន្តថា ការចូលរួមនេះគឺជាសន្ទុះជំរុញទៅដល់ទំនាក់ទំនងទ្វេភាគី និងពហុភាគី រវាងប្រទសទាំងពីរ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក៕