លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីការបរទេសសាជាថ្មី គឺដើម្បីប្រសិទ្ធភាពការងារនិងលទ្ធភាពក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឲ្យទៅជាឱកាសសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។
លោក ប្រាក់ សុខុន ត្រូវបានរដ្ឋសភា បោះឆ្នោតជាឯកច្ឆន្ទ ផ្ដល់សេចក្ដីទុកចិត្តសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំរដ្ឋសភានៅថ្ងៃទី២០ ខែវិច្ឆិកានេះ។ លោកធ្លាប់បានកាន់តំណែងនេះពីឆ្នាំ២០១៦ ដល់២០២៣។ បន្ទាប់មក លោកបានកាន់តួនាទីជាអនុប្រធានព្រឹទ្ធសភា ចាប់ពីខែមេសាឆ្នាំមុន។
ថ្លែងនៅក្នុងសម័យប្រជុំរដ្ឋសភា លោក ហ៊ុន ម៉ាណែត លើកឡើងនូវទឡ្ហីករណ៍ជាច្រើនក្នុងការសម្រេចកែសម្រួលសមាសភាពរដ្ឋាភិបាលរបស់លោក។ លោកថ្លែងថា កម្ពុជាត្រូវត្រៀមលក្ខណៈឲ្យបានសមស្របសម្រាប់ទប់ទល់នឹងបច្ច័យទាំងឡាយ ពីហានិភ័យកត្តាខាងក្រៅ ដែលកំពុងតែវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន។
លោកថា ហានិភ័យនៃបញ្ហាពីកត្តាខាងក្រៅ រួមមាន សញ្ញានៃការកើនឡើងកម្ដៅកាន់តែខ្លាំងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ លទ្ធភាពនៃការស្ទុះឡើងវិញនូវនិន្នាការឯកតោភាគីនិយម និង និន្នាការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចលើសាកលោក និងក្នុងតំបន់។ បញ្ហាទាំងនេះអាចបង្កផលវិបាកដល់សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលខ្លី និងមធ្យម។
លោកបន្តថា ទោះបីជាស្ថានភាពពិភពលោកបែបនេះក្ដី កម្ពុជាក៏អាចទាញយកឱកាសពីស្ថានភាពបែបនេះបាន ប្រសិនបើកម្ពុជាប្រកាន់ភាពបត់បែន និងតាមទាន់សភាពការប្រែប្រួលក្នុងតំបន់ និងពិភពលោក ហើយអាចត្រៀមខ្លួនឲ្យបានល្អ នៅក្នុងការប្រែក្លាយបញ្ហាប្រឈមនានាឲ្យទៅជាកាលានុវត្តភាព និងប្រើប្រាស់លក្ខខណ្ឌអំណោយផលទាំងឡាយដែលអាចកើតចេញពីការវិវត្តនៃសភាពការទាំងនេះ។
ការប្រែក្លាយបញ្ហាប្រឈម នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ បង្កើននូវបរិស្ថានដែលមានភាពអនុគ្រោះកាន់តែខ្ពស់ ដើម្បីជំរុញលើកកម្ពស់សកម្មភាពធុរកិច្ច និងពាណិជ្ជកម្ម និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ចដែលអាចផ្លាស់ប្ដូរទីតាំងចេញពីតំបន់ផ្សេង។
លោកបន្តថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ក្នុងការបង្កើននិងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធភាពនៃយន្តការដឹកនាំនៅក្នុងការអនុវត្តការងាររបស់ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យពាណិជ្ជកម្ម ដោយផ្ដោតជាសំខាន់លើការជំរុញអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន និងវាងវៃ។
លោកថា កិច្ចការទាំងនេះត្រូវឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ការការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ការការពារសន្តិភាព និងស្ថិរភាពសង្គម ការការពារយុត្តិធម៌ និងកិត្យានុភាពកម្ពុជា។
លោក ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖ «ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន ក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្ដាសោភា ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាល ដូចបានស្នើសុំខាងលើ ពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលឆាកអន្តរជាតិ ប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ»៕