លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា មានតែស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទេ ដែលធ្វើឲ្យប្រទេសមួយមានការរីកចម្រើន ខណៈដែលលោកចោទជាសំណួរថា តើដល់ពេលដែលកម្ពុជាត្រូវធ្វើច្បាប់ដាក់ក្រុមប្រឆាំងក្នុងបញ្ជីភេរវករហើយឬនៅ។
ថ្លែងក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ប្រចាំឆ្នាំនៅថ្ងៃទី២១ ខែវិច្ឆិកានេះ លោក ហ៊ុន សែន លើកឡើងថា ក្រុមប្រឆាំងនៅកម្ពុជាដែលមានមូលដ្ឋាននៅបរទេសកំពុងញុះញង់ឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មទាមទារអធិបតេយ្យភាពកោះគុត ដែលភាគីថៃ និងកម្ពុជា កំពុងចរចាគ្នាលើបូរណភាពដែនសមុទ្រ។
លោកថា ការបញ្ឆេះកំហឹងប្រជាជនឲ្យប្រឆាំងនឹងប្រទេសផ្សេងមិនមែនជាដំណោះស្រាយទេ ព្រោះបទពិសោធន៍ជម្លោះជាមួយថៃរឿងព្រំដែន រវាងថៃ និង កម្ពុជា កាលពី១៥ឆ្នាំមុន បន្សល់ទុកនូវស្លាកស្នាមមិនទាន់រលុបនៅឡើយ។
លោកថ្លែងថា៖ «ជាមួយប្រទេសជិតខាង ត្រូវតែធ្វើការឲ្យបានជិតស្និទ្ធ ត្រូវរួមរស់ដោយសន្តិវិធី។ ខ្ញុំបានព្រះករុណាខ្ញុំបានដាក់ចេញទិសដៅពីរបន្ទាប់ពីបញ្ចប់សង្គ្រាម គឺប្រែក្លាយអតីតសមរភូមិទាំងអស់ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍និងទៅជាទីផ្សារ។ បច្ចុប្បន្ននេះ ប្រមាណជាង៩៥ភាគរយ ដែលយើងអនុវត្តបាន។ ចំណែកសល់ ៥ ភាគរយទៀត គឺដីដែលមានគ្រាប់មីន»។
លោកបន្តថា ទិសដៅទី២ គឺការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការល្អ។
លោកថ្លែងដូច្នេះថា៖ «បើប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសជិតខាង កម្ពុជាត្រូវបញ្ចេញកងទ័ពពីបន្ទាយរាប់ម៉ឺននាក់ ដើម្បីទៅឈរជើងតាមព្រំដែន ចំណែកអ្នកនៅខាងក្រោយត្រូវបញ្ជូនភស្តុភារទៅកាន់ព្រំដែន។ តើយើងគួរធ្វើអីចឹងទេ?»។
លោកថ្លែងដូច្នេះថា៖ «ពិតហើយនៅក្នុងប្រទេសមួយតែងមានពួកជ្រុលនិយម។ ប៉ុន្តែ ជ្រុលនិយមនៅកម្ពុជា គឺជ្រុលនិយមមិនធម្មតា ដែលពួកជ្រុលនិយមគួរតែត្រូវបានដាក់ក្នុងច្បាប់»។
លោកប្រាប់ឲ្យអ្នកប្រឆាំងនៅកម្ពុជា និងអ្នកជ្រុលនិយមនៅប្រទេសថៃ ក៏ដូចជាប្រជាពលរដ្ឋទូទៅ គួរទុកពេលឲ្យរដ្ឋាភិបាលទាំងពីរធ្វើការចរចាគ្នារកដំណោះស្រាយ។ លោកក៏អំពាវនាវកុំឲ្យកងទ័ពធ្វើចលនានៅក្បែរតំបន់កោះគុតទេ ទាំងជើងទឹក និងជើងគោក។
ជាច្រើនសប្ដាហ៍កន្លងទៅនេះ គណបក្សប្រឆាំងនៅប្រទេសថៃ បានជំរុញឲ្យរដ្ឋាភិបាលថៃ បង្កើតគណៈកម្មការដើម្បីចរចារឿងព្រំដែនទឹកជាមួយកម្ពុជា ដើម្បីឈានទៅដល់ការទាញយកធនធាននៅបាតសមុទ្រដែលនៅតំបន់ត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
ភាគីកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់អំពីបញ្ហាកោះគុតនេះ ប៉ុន្តែ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់នៅថ្ងៃនេះថា កម្ពុជាមិននៅស្ងៀមលើបញ្ហានេះទេ គឺរដ្ឋាភិបាលរបស់លោកធ្វើការតាមយន្តការផ្លូវការ ហើយប្រទេសទាំងពីរមិនដែលបានឈានដល់ការព្រមព្រៀងណាមួយលើព្រំដែនទឹកនេះ៕