លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន នៅក្នុងជំនួបជាមួយមេដឹកនាំមីយ៉ាន់ម៉ា Min Aung Hlaing នៅប្រទេសចិន។
លោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្នុងពេលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។
យោងតាមបណ្ដាញព័ត៌មានសង្គមរបស់លោក ហ៊ុន ម៉ាណែត លោក Min Aung Hlaing បានអរគុណកម្ពុជាដែលបានចែករំលែកបទពិសោធន៍ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជាដល់មីយ៉ាន់ម៉ា និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
មេដឹកនាំមីយ៉ាន់ម៉ា ក៏បានរៀបរាប់អំពីស្ថានការណ៍នយោបាយទូទៅ និងការត្រៀមរៀបចំការបោះឆ្នោតសកល នាពេលខាងមុខរបស់មីយ៉ាន់ម៉ា។
លោក ហ៊ុន ម៉ាណែត ក៏សង្ឃឹមថា វិបត្តិនៅមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយដោយសន្តិវិធី ក្នុងអនាគតដ៏ខ្លីខាងមុខ។
លោក គិន ភាគ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កម្ពុជាតែងតែបង្ហាញគាំទ្រឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះមីយ៉ាន់ម៉ា ដើម្បីឲ្យប្រទេសនេះវិលទៅរកប្រក្រតីភាពឡើងវិញដូចមុនរដ្ឋប្រហារ ខែកុម្ភៈ ឆ្នាំ២០២១។
លោកបន្តថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត គឺជាឱកាសដែលកម្ពុជាអាចចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយវិបត្តិនយោបាយ និងជម្លោះនៅកម្ពុជា តាមរយៈនយោបាយបាយឈ្នះ-ឈ្នះរបស់លោក ហ៊ុន សែន។
លោកថា គោលនយោបាយឈ្នះ-ឈ្នះ អាចអនុវត្តបាននៅមីយ៉ាន់ម៉ា ប្រសិនបើភាគីពាក់ព័ន្ធមានឆន្ទៈក្នុងការដោះស្រាយជម្លោះនោះ។
លើសពីនេះទៀតលោកថា ជំនួបនេះក៏ជាឱកាសក្នុងជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា អនុវត្តទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុច ដែលជាមូលដ្ឋានសំខាន់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
លោក គិន ភា ថ្លែងថា៖ «ដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ត្រូវការការការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពួកយោធាតែម្ដង ព្រោះពួកគេជាអ្នកគ្រប់គ្រងអំណាច។ ដូច្នេះ ខ្ញុំគិតថា គួរតែជំរុញលើការងារការទូតឲ្យសកម្មថែមទៀត ជាពិសេសពីសំណាក់បេសកជនរបស់ប្រធានអាស៊ាន ដើម្បីឲ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការទូត និងបរិយាប័ន្ន»៕