លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទៅដល់ប្រទេសចិនហើយនៅថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ដោយលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីពង្រឹងចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទីមួយរបស់លោក ក្នុងនាមប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឡើងតបតាមការអញ្ជើញរបស់របស់គណបក្សកុម្មុយនីស្តចិន ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៤ ខែធ្នូនេះ។
បើតាមក្រសួងការបរទេស លោក ហ៊ុន សែន គ្រោងនឹងជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ហើយក៏នឹងមានជំនួបដោយឡែកពីគ្នាផងដែរជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងនាមជាប្រធានព្រឹទ្ធសភា «នឹងផ្តល់កម្លាំងចលករថ្មីដល់ការពង្រឹងចំណងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញទៅមុខបន្ថែមទៀតនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានកម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងធ្វើឲ្យស៊ីជម្រៅ និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមកទល់ពេលនេះបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរួចហើយ។
លោកថ្លែងថា៖ «ដំណើរទស្សនកិច្ចនេះបង្ហាញពីគោលនយោបាយការបរទេសឥតប្រែប្រួលរបស់កម្ពុជាចំពោះចិន ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនស្ថិតនៅក្នុងអំណាចនីតិប្រតិបត្តិតទៅទៀតក្ដី ប៉ុន្តែលោកនៅតែជាប្រធានគណបក្សកាន់អំណាច ដែលជាគណបក្សកាច់ចង្កូតកម្ពុជាអស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។
លោកថ្លែងបន្តថា៖ «ចិននៅតែជាដៃគូដ៏សំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់កម្ពុជា ទាំងផ្នែកនយោបាយ យុទ្ធសាស្ត្រ និង សេដ្ឋកិច្ច។ សម្រាប់ចិន កម្ពុជានៅតែជាប្រទេសគាំទ្រឥតងាករេ ទៅលើគោលនយោបាយចិនតែមួយ ក៏ដូចជាទៅលើគំនិតផ្ដួចផ្ដើម និងយុទ្ធសាស្ត្រសាកលនានារបស់ចិន»។
លោកបន្តថា កម្ពុជានិងចិនអាចរួមបញ្ចូលគ្នានូវគោលនយោបាយរៀងៗខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមក និងដើម្បីការអភិវឌ្ឍ៕