រដ្ឋាភិបាល​ជប៉ុន បានផ្តល់ជំនួយ​ជាថវិកាជិត ៨៣ ម៉ឺនដុល្លារ​អាមេរិក ដល់ស្ថាប័ន​ទទួលជំនួយ​ចំនួន ៣ ដើម្បីជួយ​លើសកម្មភាព​បោសសម្អាតមីន សាងសង់​អគារ​បឋមសិក្សា និងការកែលម្អ​ប្រតិបត្តិការ​កសិកម្មក្នុង​ខេត្ត​ចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង់ និងខេត្តរតនគិរី។
 
សេចក្តីប្រកាស​របស់ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឱ្យដឹង​ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​របស់ប្រទេស​ជប៉ុនប្រចាំ​កម្ពុជា និងអ្នកតំណាង​មកពីស្ថាប័ន​ទទួលជំនួយ​នីមួយៗទាំង៣ បានចុះហត្ថលេខា​លើកិច្ចសន្យាផ្តល់​ជំនួយ​ឥតសំណងនេះ។ 
 
ស្ថានទូត​ជប៉ុន​បន្តថា៖«ជំនួយឥត​សំណង​សរុបចំនួន ៨២៨,៥៤៦ ដុល្លារ​អាមេរិក គឺក្រោមគ្រោង​ការណ៍ ជំនួយ​ឥតសំណង​សម្រាប់គម្រោង​ទ្រង់ទ្រាយតូច​សន្តិសុខ​មនុស្សជាតិ (ជំនួយឥត​សំណង​គូសាណូណិ)។  
 
គម្រោងដែលបាន​ចុះហត្ថលេខានោះ​រួមមាន សម្រាប់គម្រោង​ទី១ ដែលអនុវត្ត​ដោយមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកាចំនួន ៥១៥ ០៦០ ដុល្លារ សម្រាប់​ការពន្លឿន និងការបង្កើន​ប្រសិទ្ធភាព​នៃសកម្មភាព​បោសសម្អាតមីន ដោយដំឡើង​កម្មវិធី​សម្រាប់ប្រព័ន្ធ​សកម្មភាពមីន ផ្អែកលើ​បញ្ញាសិប្បនិម្មិត (AI) ក្នុងខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ធំ និងខេត្ត​សៀមរាប។
 
គម្រោងនេះ រំពឹងថានឹងផ្តល់​អត្ថប្រយោជន៍​ដល់ប្រជាពលរដ្ឋ​ប្រមាណ ២ ម៉ឺននាក់​ក្នុង​ខេត្តទាំង៣។ 
 
សម្រាប់គម្រោង​ទី២ ដែលអនុវត្តដោយ​មន្ទីរអប់រំ យុវជន និងកីឡា​ខេត្ត​បាត់ដំបង រដ្ឋាភិបាល​ជប៉ុនផ្តល់​ថវិកាចំនួន ៨៨៩០០ ដុល្លារ សម្រាប់ការសាងសង់​អគារសិក្សា ១ ខ្នង ៥ បន្ទប់ ដោយបំពាក់គ្រឿង​សង្ហារិម​ដែលចាំបាច់ នៅសាលាបឋម​សិក្សា​ពីងពង់ ក្នុងខេត្ត​បាត់ដំបង។ គម្រោងនេះ​រំពឹង​ថា នឹងផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សចំនួន ១៦៦ នាក់ តាមរយៈ​ការកែលម្អ​ឱ្យកាន់តែ​ប្រសើរឡើង​នូវគុណភាព​អប់រំ។ 
 
សម្រាប់គម្រោង​ទី៣ ដែលអនុវត្តដោយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​រតនគិរី រដ្ឋាភិបាល​ជប៉ុន​ផ្តល់ថវិកា​ចំនួន ២២៤៥៨៦ ដុល្លារ សម្រាប់ការសាងសង់​ឃ្លាំង និងកន្លែង​សម្ងួត ក៏ដូចជា ដំឡើង​ឧបករណ៍វាស់​សំណើម និងម៉ាស៊ីន​ចាត់ថ្នាក់​សម្រាប់សហគមន៍​កសិកម្ម ចំនួន ៤ ក្នុងខេត្ត​រតនគិរី។

 គម្រោងនេះ រំពឹងថា​នឹងផ្តល់អត្ថប្រយោជន៍​ដល់កសិករ​ប្រមាណ ២០០ នាក់ ដោយការពង្រឹង​ខ្សែសង្វាក់​តម្លៃក្នុង​ការផលិត​គ្រាប់​ស្វាយចន្ទី ក៏ដូចជា​ការលើកកម្ពស់​ប្រាក់ចំណូល​របស់​កសិករ។
 
ឯកអគ្គរាជទូត​ជប៉ុន មានប្រសាសន៍នៅ​ក្នុងសេចក្តីប្រកាសនេះ​ដោយសង្កេតឃើញ​ថា នាពេលថ្មីៗនេះ ប្រទេស​កម្ពុជា បាននិងកំពុង​អភិវឌ្ឍ​យ៉ាងឆាប់រហ័ស។ ទោះយ៉ាងណាលោក​ក៏ទទួលស្គាល់ថា​នៅតែមានបញ្ហា​ប្រឈមមួយចំនួន​ដែលត្រូវ​ដោះស្រាយ ដើម្បីកែលម្អ​គុណភាព​ជីវិត​របស់​ប្រជាជន។ 
 
លោកបញ្ជាក់​ថា៖«ជប៉ុន នឹងបន្ត​ចូលរួមចំណែក​ក្នុងការដោះស្រាយ​បញ្ហាប្រឈម​ទាំងនោះ តាមរយៈ​គ្រោងការណ៍​ជំនួយអភិវឌ្ឍន៍​ផ្លូវការផ្សេងៗ រួមទាំង ជំនួយ​គូសាណូណិ ផងដែរ»៕