ភ្នំពេញៈ​ គណ​បក្ស​នយោ​បាយ​ដែល​ជា​គណ​បក្ស​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ​ណ​បក្ស​ប្រជា​ជន​កម្ពុជា​ចំនួន​ ១១​ និង​ស្ថា​ប័ន​ជាតិ​សំខាន់ៗ​ របស់​រាជ​រដ្ឋាភិ​បាល ព្រម​ទាំង​សមា​គម​មួយ​ចំនួន​ផ្សេង​ទៀតបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ និង​ថ្កោល​ទោស​ព្រមៗ​គ្នា​ចំពោះ​គណប​ក្សន​យោបាយ​មួយ និង​បាន​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ​ចាត់​វិធាន​ការ​ចំពោះ​ការបង្ក​បញ្ហា​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ឱ្យ​បាន​តឹង​រ៉ឹង​បំផុត​។​

​ការ​ចេញ​មុខ​ចេញ​ញត្តិ​ថ្កោល​ទោស និង​សេច​ក្តីថ្លែងកា​រណ៍របស់​ស្ថាប័ន​ទាំង​នោះ ​បន្ទាប់ពី​សង្កេត​ឃើញ​មាន​គណ​បក្ស​នយោ​បាយ​មួយ​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​បង្ខិត​បង្ខំ​ឱ្យ​សមា​ជិក​ក្រុ​មប្រឹក្សា​ឃុំ សង្កាត់​ដែល​ជា​អង្គ​បោះ​ឆ្នោត​ឱ្យ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ដែល​ខ្លួន​តម្រូវ​និង​កំពុង​គំរាម​កំហែង​រំលោភ​ការ​សម្ងាត់​ និង​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្តក្នុង​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​។

​ទោះ​ជា​សេចក្តី​ថ្លែង​ការណ៍ ​និង​ញត្ដិ​ទាំ​ងនោះ​ មិនបាន​បញ្ជាក់​ឈ្មោះ​ចំពោះ​គណ​បក្ស​នយោបា​យ​ណា​មួយ​នោះ ក៏​គេ​អាច​សន្និ​ដ្ឋាន​និង​សំដៅ​ដល់​គណ​បក្ស​ភ្លើង​ទៀន ​ដែល​មាន​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ជាប់​ឆ្នោត​ជា​អង្គ​បោះ​ឆ្នោត​ និង​បាន​សម្រេច​ជ្រើស​រើស​យក «​គណ​បក្ស​ឆន្ទៈ​ខ្មែរ​» នៃ​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនា​គត​ ដើម្បី​ចូល​រួម​ការបោះឆ្នោ​ត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី ​២៥​ ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤​ ដ៏​ខ្លី​ខាង​មុខ​។​

​គណ​បក្ស​ទាំង ១១​ ដែល​បាន​ថ្កោល​ទោស​នេះ​រួម​មាន​​គណ​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​, គណបក្ស​កម្លាំង​ប្រជា​ធិប​តេយ្យ​, គណ​បក្ស​អំណាច​ប្រជា​ពល​រដ្ឋ​, គណ​បក្ស​ឯក​ភាព​ជាតិខ្មែ​រ​, គណ​បក្ស​ម៉ូលី​ណា​កា​, គណ​បក្ស​ខ្មែរ​តែមួ​យ​, គណ​បក្ស​ធម្មាធិប​តេយ្យ​, គណ​បក្ស​យុវជន​កម្ពុជា​, គណប​ក្ស​នគរ​ធិប​តេយ្យ​, គណ​បក្ស​កម្ពុជា​សេរីឯករាជ្យ​ប្រជាធិប​តេយ្យ និង​គណ​បក្ស​ខ្មែរអភិវឌ្ឍន៍​សេដ្ឋ​កិច្ច ព្រម​ទាំង​សមា​គម ​ជាច្រើន​ផ្សេង​ទៀត​ដូចជា​ សមា​គម​យុវ​ជន​ខ្មែរ​មហា​នគរ​, ក្រុម​យុវជន​សង្គម​ស៊ីវិល​, អង្គការ​សមា​គម​ចំនួន​ ១២ សមា​គម​ក្រុម​ការ​ងារ​ ១០០ ​រាត្រី និង​សហ​ជីព សហ​គមន៍ ​ក្រុម​ហ៊ុន​ចំនួន ​១០​។​

​សេចក្តី​ថ្លែង​ការណ៍ ​និង​ញត្តិ​ថ្កោលទោស​នោះ​​បានចា​ត់​ទុក​ស្រដៀងៗ​​គ្នា​ថា សកម្ម​ភាព​គំរាមកំ​ហែង​របស់​គណ​បក្ស​នយោ​បាយ​ជា​ទង្វើ​មិន​គប្បី និង​ផ្ទុយ​ពី​គោលកា​រណ៍​នៃ​ច្បាប់​ និង​រំលោភបំ​ពាន​ដល់​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​ ដែល​ធានា​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​ព្រម​ទាំង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​។​

ជុំវិញ​បញ្ហា​នេះ លោ​កស្រី ពោ​ធិ៍ សាវត្ថី ប្រធាន​គណ​បក្ស​ធម្មាធិប​តេយ្យ​ដែល​គណ​បក្ស​របស់​លោក​ស្រី​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួ​យ​គណ​បក្ស​ប្រជា​ជន​ជន​កម្ពុជា​ក្នុង​ចំណោម​គណ​បក្ស​ចំនួន​ ២៨ ​ផ្សេង​ទៀត​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ​១៨​ ខែ​កុម្ភៈ​ថា ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​លោក​ស្រី មិន​បាន​ថ្កោលទោ​ស​ចំពោះ​គណ​បក្ស​នយោបា​យ​ណាមួ​យ​​ទេ ​ប៉ុន្តែ​គ្រាន់​តែ​អំពាវ​នាវ​ឱ្យ​គណ​បក្ស​នយោ​បាយ​ដែល​ចូល​រួម​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​ នៅ​ពេល​ខាង​មុខ​គោរព​ទៅ​តាម​ច្បាប់​។​

​លោក​ស្រី​បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​ យើង​គ្រាន់​តែ​អំពា​វនាវឱ្យ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ ​និង​កុំ​ឱ្យធ្វើ​ខុស​ច្បាប់ ​ហើយ​បើ​ធ្វើ​ខុស​ច្បាប់ ​មាន​គេ​ប្តឹង​ផ្ត​ល់ ​និង​នាំឱ្យ​មាន​ការ​ផ្តន្ទាទោ​ស​​ទៀ​ត​»​។ 

​ចំណែក​លោក​ លី សុធា​រ៉ា​យុ​ត្តិ ​អគ្គ​លេខាធិ​ការ​គណ​បក្ស​ភ្លើង​ទៀននៅ​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ បាន​ច្រាន​ចោល​ចំពោះ​សេចក្តី​ថ្លែង​ការណ៍ និង​ញត្តិ​ថ្កោល​ទោស​របស់​គណ​បក្ស​នយោ​បាយ និង​សមាគម​ទាំង​នោះ​មក​លើ​គណ​បក្សរ​ប​ស់លោក​។​

​លោក​បាន​បញ្ជាក់​ថា៖ «​សម្រាប់​គណ​បក្ស​ភ្លើង​ទៀន​ មិន​ដែល​បាន​ប្រើ​មធ្យោ​បាយ​ទុច្ច​រិត​ បំភិត​បំភ័យ ​គំរាម​កំហែង ​ឬគាប​សង្កត់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​អង្គ​បោះ​ឆ្នោត​របស់​ខ្លួន​ទេ​។ប៉ុន្តែ​ផ្ទុយ​ទៅវិ​ញ គណ​បក្ស​ភ្លើង​ទៀន​ តែ​ងតែ​ផ្តល់​សិទ្ធិសេ​រីភា​ព​គ្រប់​យ៉ាង ​ដល់​សមា​ជិក ​សមាជិ​កា ក្រុមប្រឹ​ក្សា​ដែល​ជា​អង្គ​បោះឆ្នោ​ត ធ្វើ​ការ​គិត ​និង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​ការ​បោះ​ឆ្នោត​គាំទ្រ​ចំពោះ​បេក្ខ​ជន​ឈរ​ឈ្មោះ​របស់​គណ​បក្ស​នយោ​បាយ​ណា​មួយ​តាម​ឆន្ទៈ​រៀង​ខ្លួន​»​។ 

​ទោះ​ជា​យ៉ាង​ណា លោ​ក លី សុធា​រ៉ា​យុ​ត្តិ បាន​បញ្ជាក់​បន្ថែ​មថា​៖ «​​គណបក្ស​​ភ្លើង​ទៀនយល់ឃើ​ញថា ​ក្រុមប្រឹ​ក្សាឃុំ​សង្កាត់​ជាប់​ឆ្នោត​របស់​គណ​បក្ស​ភ្លើង​ទៀនដែលជា​​អង្គ​បោះឆ្នោ​តសម្រាប់​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​សមា​ជិក​ព្រឹ​ទ្ធសភា នៅ​ពេល​ខាង​មុខ ពិត​ជា​គាំទ្រនិង​បោះ​ឆ្នោតជូន​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ ពីព្រោះ​បេក្ខ​ជន​ឈរ​ឈ្មោះ​នៅ​ក្នុង​គណ​បក្ស​ឆន្ទៈ​ខ្មែ​រ គឺជា​អតីត​ឥស្សរជ​ន​ជាន់​ខ្ពស់​របស់​គណប​ក្ស​ភ្លើង​ទៀង​ដែល​បញ្ជូន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ក្នុង​គណ​បក្ស​ឆន្ទៈ​ខ្មែរ​»​។

​បើតា​មលោក ​លី សុធា​រ៉ា​យុត្តិ គណ​បក្ស​ភ្លើង​ទៀនកាល​ពី​កន្លងទៅ​​គ្រាន់​តែ​ចេញ​សេចក្តី​ណែនាំ​ដល់​សមា​ជិក​សមាជិកា​​របស់​ខ្លួន​ឱ្យ​គោរព​ទៅ​តាម​លក្ខ​ន្តិកៈ​ បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​សេចក្តី​ណែនាំ ​រួមទាំង​សេចក្តី​សម្រេច​របស់​គណ​បក្ស​តែប៉ុណ្ណោះ​​។ ក្រៅពី​នេះ គណ​បក្ស​មិន​ដែល​ប្រើ​មធ្យោបា​យ​ណាមួ​យ​​បំភិត​បំភ័យសមាជិកសមាជិការ​បស់​ខ្លួន​ទេ​។ ដូច្នេះ​ការ​តម្រូ​វឱ្យ​​គោរព​ទៅតា​ម​សេច​ក្តី​ណែនាំ ​និង​លក្ខន្តិកៈ របស់​គណ​បក្ស​គឺ​ជា​រឿង​ធម្មតា​របស់​គណ​បក្ស​នយោ​បាយ​ប៉ុណ្ណោះ​។ 

​ទោះ​ជា​បែប​នេះ​ក្តី គ​ណៈក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត (​គ​.​ជ​.​ប​) កា​លពី​ថ្ងៃទី ​១៥ ខែ​កុម្ភៈ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា ​មាន​គណ​បក្ស​នយោបា​យ​មួយដែល​គ្មាន​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ​​បោះ​ឆ្នោត​បាន​ធ្វើ​សកម្ម​ភាព​គំរាម​កំហែ​ង សមា​ជិក​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​របស់​ខ្លួន​ ជា​អ្នក​បោះឆ្នោ​តឱ្យ​បោះ​ឆ្នោត​ជូន​គណ​បក្ស​នេះឬ​គណបក្ស​នោះដែល​ជា​ការរំលោភ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោ​ត រំលោភ​ការស​ម្ងាត់​នៃ​ការ​បោះឆ្នោ​ត និង​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​។ គ​.​ជ​.​ប ​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ប្រសិន​បើ​គណបក្ស​នយោ​បាយ​មួយ​នោះ ​មិន​ព្រម​បញ្ឈប់​សកម្ម​ភាព​។​

​លោក ហង្ស ពុ​ទ្ធា អ្នកនាំ​ពាក្យ​គ​.​ជ​.​ប​បាន​ប្រាប់​ថា​ មក​ទល់​ពេល​ គ​.​ជ​.​ប​មិ​ទាន់​ទទួល​បណ្តឹង​រឿង​គំរា​មកំហែង​ណា​មួយ​នោះទេ​​។ ​លោក​ថា​៖ «​ជាមួ​យ​នឹង​បញ្ហា​ដែល​កើត​ឡើង​ មិ​នទា​ន់មាន​គណ​បក្ស​ណា​ធ្វើការ​ប្តឹង ឬ​បុគ្គល​រូប​ណាមួ​យ​ធ្វើ​ការ​ប្តឹង​មក​នោះ​ទេ​។ ចំពោះ​វិធាន​ការ​ទាល់​តែ​បណ្តឹង មាន​ការ​ប្តឹ​ង ទើប​ គ​.​ជ​.​ប​ ធ្វើការ​ស៊ើបអង្កេ​តនិង​កំណត់​ចាត់​វិធាន​ការ​បែប​ណា​ទៅ​តាម​ផ្លូ​វច្បាប់​»​។

​ចំណែក​ក្រសួងម​ហាផ្ទៃ​​ក៏បាន​ប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​សកម្ម​ភាព​បង្ខិត​បង្ខំ​គំរាម​កំហែង​ដល់​អ្នក​បោះឆ្នោ​ត​របស់​គ​ណ​បក្ស​នយោ​បាយ ​និង​អំពាវ​នាវ​ដល់​គ្រប់​គណ​បក្សន​យោ​បាយ​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ស្រប​តាមច្បា​ប់​ស្តីពី​គណប​ក្ស​នយោបាយ ​សូម​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ជា​ធរមាន ដោយ​ចៀស​វាង​ការធ្វើ​ស​កម្មភាព​គំរាម​កំហែង​បង្ខិត​បង្ខំ​ដល់​អ្នក​បោះ​ឆ្នោ​ត​។​

​ក្រសួង​បាន​បញ្ជាក់ថា​ កា​រធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​ឱ្យ​ការបោះ​ឆ្នោ​ត​​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី​ ត្រឹមត្រូ​វ និង​យុត្តិ​ធម៌​ស្របតា​ម​គោលការ​ណ៍​ល​ទ្ធិប្រ​ជាធិប​តេយ្យ ​សេរី​ពហុ​បក្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។​

​សូម​ជម្រាប​ដែរ​ថា​ គិត​ត្រឹម​ថ្ងៃទី​ ១៨ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៤ ​គឺជា​ថ្ងៃទី​ ៩ នៃ​ដំណើរ​ការ​ឃោសនា​បោះឆ្នោ​ត​ជ្រើ​សតាំង​សមា​ជិក​ព្រឹទ្ធ​សភា​អាណត្តិ​​ទី​៥​។ស្ថាន​ភាព​ទូទៅ​នៃ​ការឃោ​សនាបោះ​ឆ្នោត​របស់​គណប​ក្សន​យោបាយបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ មាន​សន្តិសុ​ខ ​សុវត្ថិ​ភាព សណ្ដាប់​ធ្នាប់​ល្អ ​គ្មាន​អំពើហិ​ង្សា និង​ពុំមាន​បាតុភា​ព​ណាមួ​យ​កើត​ឡើង​​គួរ​ឱ្យកត់​សម្គាល់​ឡើយ​។
 
​ការ​ឃោស​នា​បោះឆ្នោត​​ជ្រើសតាំ​ង​សមា​ជិក​ព្រឹទ្ធ​សភា​នីតិ​កាល​ទី​៥ ឆ្នាំ​ ២០២៤​ មាន​រយៈពេល​ ១៤ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ១០ ​ដល់​ថ្ងៃទី​ ២៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤ ​ឯ​កា​របោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​ ២៥ ​ខែកុម្ភៈ​ ឆ្នាំ​ ២០២៤​ ចាប់​ពី​វេលា​ម៉ោង ​៧:០០ ​ព្រឹក ដល់​ម៉ោង ៣:០០ ​រសៀល​។ អ្នក​បោះឆ្នោ​តជា​តំណាង​រាស្ត្រ​ក្នុង​តំណែង​ និង​សមា​ជិក​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​ ទាំង​អស់​ក្នុង​តំណែង សរុប​ចំនួន​ ១​១ ៧៤៧​ នាក់ ដែល​បែង​ចែក​ជា​ ៨ ភូមិ​ភាគ និង​ ៣៣ ការិ​យាល័​យ​បោះ​ឆ្នោត​៕