ភ្នំពេញៈ សមាជិក សមាជិការដ្ឋសភា ចំនួន ១២០ រូប នៃចំនួនសរុបសមាជិករដ្ឋសភាទាំងមូលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប ស្របតាមការស្នើឡើងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបំពេញបន្ថែម និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី ២១ ខែកុម្ភៈ បានឱ្យដឹងថា អង្គសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលថ្មីចំនួន៣រូប រួមមាន លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី, លោក ស្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
សេចក្តីប្រកាសបានបន្តថា៖ «សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ បានដំណើរការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដែលមាន កូរ៉ុមចំនួន ១២០ រូប ដោយទទួលបានលទ្ធផលយល់ព្រម ១២០ សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល»។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ បានដំណើរការបោះឆ្នោតចប់សព្វគ្រប់តាមរបៀបវារៈ ដោយមានការចូលរួម ពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។
ក្រោយសមាជិកសមាជិការដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣ រូបនេះហើយ ស្ថាប័នជាតិ និងបុគ្គលឯកជនបានផ្ញើសារអបអរសាទរដោយបានចាត់ទុកតួនាទីដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមទៅនឹងគុណវុឌ្ឍិ និងបទពិសោធន៍ដ៏សម្បូរបែបក្នុងបេសកកម្មបម្រើដល់បុព្វហេតុជាតិ និងប្រជាជនក្នុងរយៈពេលកន្លងមកនេះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ថា ការស្នើតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបនេះ គឺដើម្បីប្រសិទ្ធភាពការងារនៅក្នុងជួររាជរដ្ឋាភិបាល ហើយបុគ្គលទាំង៣រូបនេះ សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ការងារជាច្រើនឆ្នាំទៀតផង។
លោកថា ជាក់ស្តែងលោក ហ៊ុន ម៉ានី បានធ្លាប់ធ្វើជាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី មុននឹងហក់ចូលនៅក្នុងឆាកនយោបាយ បន្ទាប់មកជាតំណាងរាស្ត្រនិងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ដូច្នេះ លោក ហ៊ុន ម៉ានី មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីក្លាយខ្លួនជាឧបនាយករដ្ឋមន្ត្រី។
លោក ប៉ែន បូណា បានថ្លែងថា៖ «រឿងការសម្រេចតែងតាំងផ្តល់ឋានៈឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី គឺជារឿងចាំបាច់ សម្រាប់រាជរដ្ឋាភិបាលព្រោះឯកឧត្តម ហ៊ុន ម៉ានី ជារដ្ឋមន្ត្រីមុខងារសាធារណៈដែលត្រូវដឹកនាំកំណែទម្រង់ច្រើនណាស់នៅក្នុងមុខងារសាធារណៈនេះ។ អ៊ីចឹង! ការផ្តល់តំណែងថ្មីជាឧបនាយករដ្ឋមន្ត្រីទៅដល់រូបលោក គឺដើម្បីប្រសិទ្ធភាពការងារហ្នឹងឯង ធ្វើឱ្យកំណែទម្រង់ហ្នឹង វារឹតតែមានប្រសិទ្ធភាពថែមទៀត»។
បើតាមលោក ប៉ែន បូណា ការសម្រេចបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ ដើម្បីធ្វើយ៉ាងណា កែសម្រួលនៅក្នុងជួររាជរដ្ឋាភិបាលប្រព្រឹត្តទៅដោយរលូន និងការងារកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ចំណែកលោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងដែរថា ការដែលរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប នេះ មិនមានអ្វីចម្លែកនោះទេ ព្រោះជាកិច្ចការងាររបស់គណបក្សកាន់អំណាច និងជាកិច្ចការរបស់រាជរដ្ឋាភិបាល។
លោក ជ័យ តិច បានបន្ថែមថា ការផ្តល់ឋានៈមន្ត្រីជាន់ខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាល ពួកគាត់ជាមន្ត្រីនយោបាយ មិនមានអ្វីជាបញ្ហានោះទេ សម្រាប់គណបក្សនយោបាយដែលឈ្នះឆ្នោតប៉ុន្តែអ្វីដែលសំខាន់ ដែលលោកចង់ឃើញនោះ គឺនៅពេលដែលមន្ត្រីទាំងនេះទទួលបាននូវឋានៈ និងតួនាទីថ្មីខ្ពស់ជាងមុននេះ គួរតែអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងឱ្យបានកាន់តែល្អ នៅក្នុងរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕